បុរសម្នាក់បង្ហាញពីរូបភាព បន្ទប់ធ្វើចត្តាឡីស័ករបស់រដ្ឋ ក្នុងស្ថានភាពព្រឺសម្បុរ នៅប្រទេសថៃ

1384

ថៃ៖ State quarantine ឬកន្លែងធ្វើចត្តាឡីស័កដែលបង្កើតឡើងដោយរដ្ឋ ដើម្បីត្រួតពិនិត្យភ្ញៀវទេសចរបរទេសទាំងអស់ ឱ្យនៅដាច់ដោយឡែកក្នុងរយៈពេលមិនតិចជាង ១៤ ថ្ងៃ ជាទីកន្លែងចត្តាឡីស័កដែលគាំទ្រដោយរដ្ឋាភិបាល។ កន្លងមកធ្លាប់មានអ្នកធ្វើការចត្តាឡីស័ក បានចេញមកនិយាយថា ពួកគេស្នាក់នៅបន្ទប់សណ្ឋាគារប្រណីត រហូតទៅដល់បន្ទប់កម្រិតមធ្យម ជាមួយការថែរក្សាយ៉ាងយកចិត្តទុកដាក់ ។

ប៉ុន្តែនៅតែមិនទាន់មាននរណាម្នាក់បានជួបប្រទះកន្លែងធ្វើចត្តាឡីស័កដ៏គួរឲ្យព្រឺក្បាលដូចបុរសម្នាក់នេះនៅឡើយទេ ។ បុរសរូបនោះបានបង្ហោះរូបភាពពីទីកន្លែង State Quarantine របស់រដ្ឋ ដែលរូបគេបានស្នាក់នៅអស់រយៈពេល ១៥ ថ្ងៃនៅខេត្តរណុង ដែលស្ថិតក្នុងស្ថានភាពទ្រុឌទ្រោម ដូចជាអាគារដែលត្រូវគេបោះបង់ចោល ពោរពេញទៅដោយធូលី គ្មានការបោសសំអាត ហើយថែមទាំងមិនមានអគ្គិសនី ដោយត្រូវប្រើពន្លឺភ្លើងទៀនជំនួសវិញ ។

ម្ចាស់អ្នកបង្ហាះរូបភាពបានបញ្ជាក់ថា “បាទ! នេះគឺជាកន្លែងធានារបស់រដ្ឋក្នុងប្រទេសថៃ ដែលខ្ញុំកំពុងឆ្លងកាត់ ដោយការធ្វើចត្តាឡីស័កមនុស្ស ២ នាក់ក្នុងមួយបន្ទប់។ ប្រហែលជាពួកគេចង់ឱ្យខ្ញុំផ្តោតអារម្មណ៍លើ មិត្តភក្តិរួមបន្ទប់ហើយមើលទៅ បានជាមិនមានទូរទស្សន៍, ទូរទឹកកក, ម៉ាស៊ីនត្រជាក់, គ្មានវ៉ាយហ្វាយ ព្រមទាំងចែកកង្ហារឱ្យ ២ គ្រឿង ប៉ុន្តែឥឡូវអត់មានអគ្គិសនីទេ នៅពេលគ្មានអគ្គិសនី ក៏នឹងគ្មានទឹកប្រើដែរ នេះវាមានន័យថា ពួកយើងចូលមករស់នៅក្នុងអគារដែលគេបោះបង់ចោល ប្រៀបដូចជាមនុស្សគ្មានផ្ទះសម្បែង តែគ្រាន់មានគ្រែគេងដែរ” ។

“ដោយសារតែស្ថានភាពបែបនេះហើយ ទើបបានជាមានពត៌មានលេចចេញមកជារឿយៗថា មានអ្នករត់ចេញពីកន្លែងចត្តាឡីស័កនោះ” ។

លុះក្រោយមកបុរសដដែលនោះ បានចេញមកបង្ហាះសារ សារជាថ្មីថា អាជ្ញាធរបានចាត់វិធានការលើប្រព័ន្ធអគ្គិសនី និងទឹកនៅម៉ោង ២៣ : ០០ ថ្ងៃទី ១៦/០១/២១ រួចរាល់ហើយ ។

រឿងរ៉ាវនេះផ្ទុះការរិះគន់ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនថា “បន្ទប់នេះគឺគួរឱ្យខ្លាចជាងកូវីដទៅទៀត” “បន្ទប់នេះដូចជាអាគារដែលគេបោះបង់ចោល” ហើយមតិមួយចំនួនទៀតបានលើកឡើងថា “បន្ទប់នេះគួរឱ្យខ្លាច” ហើយអ្នកខ្លះទៀតក៏យល់ឃើញផ្ទុយវិញថា “កុំទាន់អាលកាត់សេចក្តីតែលើរូបភាព ព្រោះមុនៗនេះក៏ធ្លាប់មានអ្នកធ្វើចត្តាឡីស័កច្រើនមកហើយ តែមិនដែលឮថាមាននរណាជួបរឿងរ៉ាវបែបនេះទេ ៕