មិនមែនមានតែមនុស្សទេដែលជួយគ្នា សូម្បីតែដើមឈើក៏ចេះជួយផ្គត់ផ្គង់អាហារ និងសារធាតុចិញ្ចឹមដល់គ្នាផងដែរ

ព្រៃនូវែលសេឡង់៖ ជាទូទៅបើនិយាយពីក្ដីស្រឡាញ់យើងអាចសន្និដ្ឋានបានថា នឹងសំដៅទៅលើមនុស្សនិងមនុស្ស មនុស្សនិងសត្វ ឬសត្វនិងមនុស្ស ឬក៏ក្ដីស្រឡាញ់រវាងសត្វនិងសត្វ។ ព្រោះថាមានតែមនុស្ស ឬសត្វប៉ុណ្ណោះដែលមានស្នេហា មានសេចក្ដីស្រឡាញ់ មានបេះដូង មានការគិត។

ក្រឡេកមកមើលដើមការីមួយដែលបានដួលរលំអស់រយៈពេលយូររាប់ឆ្នាំ រលួយនៅសល់ត្រឹមគល់ ប៉ុន្តែបែរជាមានជីវិតនៅឡើយ។ ជាទូទៅរុក្ខជាតិដែលអាចបន្តជីវិតបានលុះត្រាណាតែមានស្លឹកដើម្បីធ្វើរស្មីសំយោគ ឬបំផ្លែងទឹកឲ្យទៅជាសាធាតុចិញ្ជឹមសរីរៈនៃដើមទាំងមូល ប៉ុន្តែគល់ការីមួយនេះអាចរស់ដោយមិនចាំបាច់មានដើម ឬស្លឹកទៅវិញ។

Sebastian Leuzinger នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Auckland មានប្រសាសន៍ថា “ វាមើលទៅមិនអស្ចារ្យទេ” ។ អ្នករាល់គ្នាបានដើរកាត់វាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែនៅពេលដែល Leuzinger បានដើរជាមួយមិត្តភ័ក្ត្ររុក្ខវិទូ Martin Bader គាត់ចេះតែសង្កេតមើលទៅគល់ឈើនោះ។ បន្ទាប់មកគាត់បានដើរទៅជិត ហើយយកដៃរបស់គាត់គោះទៅលើគល់ឈើនោះ ទើបគាត់ដឹងថា គល់ឈើនេះនៅតែមានជាលិការរស់នៅនៅឡើយ បើទោះបីជាវាមិនមានស្លឹកបៃតងក៏ដោយ។ បើតាមការសិក្សារបស់លោក Martin Bader បានឲ្យដឹងថា គល់ការីដែលមានជាលិការរស់នៅនៅឡើយនេះក៏ដោយសារតែមានដើមការីដែលដុះនៅជុំវិញវាជួយទំនុកបំរុងតាមរយៈឫដែលចាក់ស្រែះប្រទាក់គ្នារបស់ពួកវា។

ដំបូងលោកគិតថា គល់ឈើចាស់នេះអាចមានជីវិតក៏ដោយសារបឺជញ្ជក់សារធាតុចិញ្ចឹមពីដើមឈើដែលនៅជុំវិញវា ប្រៀបដូចជា ព្រាយជញ្ជក់ឈាមក្នុងរឿងដែលជញ្ជក់ឈាមមនុស្សជុំវិញខ្លួនដើម្បីមានជីវិតរស់ ហើយខ្លាចពន្លឺព្រះអាទិត្យ។ ប៉ុន្តែវាផ្ទុយស្រឡះទៅនឹងការគិតរបស់លោក Bader ដោយគល់នេះរស់ដោយសារការទំនុកបំរុងរបស់ដើមការីដែលនៅជុំវិញវា។ គាត់បានប្រៀបធៀបរូបភាពនៃដំណើរការដើមការីនេះទៅនឹងមនុស្ស ដែលមានកូនចាំជួយទំនុកបំរុង ទាំងចំណីអាហារ និងលុយកាក់ ដើម្បីឲ្យម្ដាយនៅមានជីវិតរស់។

ទោះបីជាយ៉ាងណាយើងអាចសន្និដ្ឋានបានថា ដើមឈើក៏ចេះចែករម្លែកទឹក សារធាតុចិញ្ជឹម និងជម្ងឺផ្សេងៗឲ្យគ្នា ហើយរូបភាពនៃដើមការីនេះក៏មិនមានច្រើនដែរ នៅក្នុងព្រៃដ៏ធំ។

លោក Leuzinger បន្ថែមថា៖ «នោះពិតជាការផ្លាស់ប្តូរទស្សនៈរបស់យើងលើអត្រាមរណភាពព្រៃឈើ។ លោកបន្តទៀតថា ជាជីវមានជីវិតក្នុងលោកនឹងចែកទឹក ឬសារធាតុចិញ្ជឹមនៅពេលដែលពួកវាស្ថិតក្នុងមជ្ឈដ្ឋានតែមួយ និងពឹងគ្នាទៅវិញទៅមក” ។