អគ្គិភ័យឆាបឆេះរូបសត្វដាយណូស័រនៅក្នុងបឹងណងខុតប្រទេសថៃដែលជាទីតាំងរកឃើញផូស៊ីលសត្វនេះ

273

ថៃ៖ រូបសំណាកសត្វដាយណូស័រយក្សមួយដែលមានទីតាំងស្ថិតនៅលើផ្លូវ Khon Kaen សង្កាត់ Phra Lab ស្រុក Khon Kaen Muang ត្រូវបានភ្លើងឆាបឆេះ និងខូចខាតទាំងស្រុង ខណៈពេលដែលវាត្រូវបានគេរុះរើកាលពីថ្ងៃពុធ ឆ្នាំ២០២១នេះ។ មិនមានរបាយការណ៍ណាមួយបញ្ជាក់ថា មានមនុស្សស្លាប់ ឬរងរបួសទេ។ ក្រុមអ្នកពន្លត់អគ្គិភ័យបានចំណាយពេលប្រហែល ១០ នាទីដើម្បីពន្លត់ភ្លើងនៅក្នុងករណីមានការឆាបឆេះនេះ។ ចំណែកឯសាលាក្រុង Phra Lab បានបញ្ជាឱ្យមន្ទីរសាធារណការ និងផែនការក្រុង Khon Kaen រុះរើរូបសំណាកចេញពីទីតាំងបច្ចុប្បន្នទៅដាក់នៅផ្លូវ Nong Khot សង្កាត់  Ban Ped ដើម្បីធានាសុវត្ថិភាពដល់អ្នកធ្វើដំណើរតាមផ្លូវ និងលើកកម្ពស់វិស័យទេសចរណ៍តាមបឹង។

សាក្សីបានរាយការណ៍ថា អគ្គិភ័យនេះផ្តើមចេញពីព្រីភ្លើងនៃឧបករណ៍កាត់ដែក នៅពេលដែលដាយណូស័រត្រូវបានគេរុះរើចេញ ចំពេលខ្យល់បក់ខ្លាំងបណ្តាលឱ្យអណ្តាតភ្លើងឆេះរាលដាលខ្លាំង។ កាលពីដើមឡើយគេបានរកឃើញផូស៊ីលដាយណូស័រជាលើកទីមួយនៅប្រទេសថៃក្នុងអំឡុងពេលរុករករ៉ែនៅតំបន់ Phu Wiang របស់ខេត្ត Khon Kaen កាលពីឆ្នាំ ១៩៧៦។ កាលនោះសារមន្ទីរ Phu Wiang Dinosaur ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៩ ដើម្បីតាំងបង្ហាញផូស៊ីលសត្វដាយណូសឺ ហើយបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏កំពូលរបស់ខេត្ត Khon Kaen។រូបសំណាកសត្វដាយណូស័រចំនួន ៤ ទៀតត្រូវបានគេសាងសង់នៅតាមដងផ្លូវឆ្ពោះទៅកាន់ខេត្ត Khon Kaen ដែលជាសញ្ញាប្រាប់ភ្ញៀវទេសចរដែលមកកាន់ Land Dinosaurs។ កាលពីមុនមានរូបសំណាកសត្វដាយណូសឺមួយនៅលើផ្លូវ Maliwan Road ត្រូវបានរុះរើដោយសុវត្ថិភាពដើម្បីទៅដាក់នៅបឹង Nong Khot កាលពីខែវិច្ឆិកាឆ្នាំ ២០២០ ។ ចំណែកឯរូបពីរផ្សេងទៀតកំពុងតែស្ថិតនៅលើផ្លូវ Mittraphap Road និងមិនទាន់បានរុះរើនៅឡើយ ប៉ុន្តែត្រូវបានគេរំពឹងថា ​នឹងរុះរើទៅទីតាំងផ្សេងនាពេលឆាប់ៗខាងមុខនេះ ក្នុងន័យជួយលើកស្ទួយវប្បធម៌េជាតិរបស់ខ្លួន៕