សត្វស្វាហ្គោរីឡាជាច្រើនក្បាលឆ្លងជំងឺកូវីដ-១៩ ដំបូងបំផុតនៅលើពិភពលោក

103

កាលីហ្វ័រញ៉ា៖ ជំងឺកូវីដ-១៩ មិនត្រឹមតែកើតឡើងលើមនុស្សប៉ុណ្ណោះទេ ចុងក្រោយនេះមន្រ្តីនៅក្នុងសួនសត្វសហរដ្ឋអាមេរិកបានឱ្យដឹងថា សត្វស្វាហ្គោរីឡា (Gorilla) ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគកូវីត-១៩ បន្ទាប់ពីរកឃើញថា វាមានអាការៈក្អកមួយរយៈមក ។

គេហទំព័រ Daily Mail រាយការណ៍ថា មន្ត្រីនៅសួនសត្វទីក្រុងសាន់ឌីហ្គោ រដ្ឋកាលីហ្វ័រញ៉ា  សហរដ្ឋអាមេរិកបានរកឃើញថា សត្វស្វាហ្គោរីឡាចំនួន ៨ ក្បាល មានផ្ទុកមេរោគកូវីដ-១៩ ។ នេះជាលើកទីមួយនៅលើពិភពលោក ដែលជំងឺនេះត្រូវបានគេរកឃើញកើតឡើងលើស្វាហ្គោរីឡា ដែលពួកវាទាំង ៨ ក្បាលនេះរស់នៅក្នុងទ្រុងតែមួយ។ ដូចដែលបុគ្គលិកសួនសត្វបានកត់សម្គាល់ឃើញពួកវាឧស្សាហ៍ក្អក មុនពេលសម្រេចចិត្តឱ្យមានការធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយលទ្ធផលធ្វើតេស្តពិតជាវិជ្ជមានមែន ។

ជាបឋមវាត្រូវបានគេសន្និដ្ឋានថា សត្វស្វាហ្គោរីឡាបានឆ្លងមេរោគនេះ ពីអ្នកថែរក្សាសត្វព្រៃរបស់សួនសត្វ ដែលមិនបង្ហាញរោគសញ្ញា ។ ខណៈពេលដែលអាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើរោគសញ្ញារបស់សត្វស្វាទាំងនោះ ប៉ុន្តែពួកវាមិនមានរោគសញ្ញាធ្ងន់ធ្ងរទេ ភាគច្រើនពួកវាមានអាការៈក្អកនិងតឹងច្រមុះ។ បុគ្គលិកប្រចាំសួនសត្វបានផ្តល់វីតាមីន រួមជាមួយរបបអាហារធម្មតា ព្រោះគ្មានការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសសម្រាប់សត្វទេ ។

ដោយឡែកមុននេះក៏ធ្លាប់មានសេចក្តីរាយការណ៍ ពីសត្វនៅក្នុងសួនសត្វដែលឆ្លងជំងឺកូវីដ-១៩ រួមមានសត្វតោនិងខ្លា នៅក្នុងសួនសត្វ Bronx  នៃទីក្រុងញូវយ៉ក ចំណែកឯសួនសត្វបាសេឡូណា ប្រទេសអេស្បាញមានសត្វតោបួនក្បាលត្រូវបានគេរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ ផងដែរ ៕