ប្តីប្រពន្ធមួយគូត្រូវបានប៉ូលិសផាកពិន័យ ដោយការល្មើសបំរាម ព្រោះព្យាយាមទៅមើលម្តាយចាស់អាយុ ៩៤ ឆ្នាំនៅមណ្ឌលចាស់ជរា

93

ទីក្រុងព្រីដចេន៖ ស្ត្រីម្នាក់ និងស្វាម៉ីត្រូវបានប៉ូលិសផាកពិន័យប្រាក់ជាង ៨០ ដុល្លាប្រហែល(៣៣០,០០០ រៀល) និងបង្កជាភាពភ្ញាក់ផ្អើល ថែមទាំងគួរឱ្យខ្មាសគេបំផុត នៅពេលដែលលោកស្រីបានបើករថយន្តទៅសួរសុខទុក្ខម្តាយចាស់។ លោកស្រី Carol Richards និងប្តី David មកពីភូមិ Pen Y Fai ទីក្រុង Bridgend បន្ទាប់មកពួកគេទាំងពីរត្រូវបានប៉ូលីសនៅ South Wales ដាក់ពិន័យលើការបើកបរចម្ងាយជាង ១១,​២៧ គីឡូម៉ែត្រនៅពេលទៅសួរសុខទុក្ខម្តាយអាយុ ៩៤ ឆ្នាំនៅមណ្ឌលចាស់ជរាកាលពីថ្ងៃអាទិត្យ។ លោកស្រីមិនជឿថា ខ្លួនបានរំលោភបទបញ្ជាការចាក់សោជម្ងឺកូវីត-១៩ ទេ ហើយបានតវ៉ាជាមួយប៉ូលិស។

លោកស្រីបានប្រាប់សារព័ត៌មាន WalesOnline ថា លោកស្រីបានបញ្ជាក់មូលហេតុយ៉ាងច្បាស់ដែលចង់ជួបមុខម្តាយអាយុ ៩៤ ឆ្នាំម្តងទៀត ព្រោះម្តាយរបស់នាងអាចនឹងស្លាប់នៅខែក្រោយ។ លោកស្រីបានតវ៉ាថា ម្តាយរបស់ខ្លួនអាចនឹងស្លាប់ ប្រសិនគាត់បានដឹងថា ពេលប៉ូលីសរារាំងការធ្វើដំណើររបស់យើងទាំងពីរ។ បើយោងតាមគោលការណ៍ណែនាំតាមគេហទំព័ររដ្ឋាភិបាលប្រទេសវ៉េល បានអនុគ្រោះលើការធ្វើដំណើរក្រៅផ្ទះទៅកាន់មណ្ឌលចាស់ជរាក្រោមការរឹតត្បិតកម្រិតទី ៤ ប៉ុន្តែការធ្វើដំណើរមិនអាចអនុញ្ញាតិបានទេ ប្រសិនបើនៅមណ្ឌលចាស់ជរាមានការផ្ទុះជម្ងឺកូវីត-១៩។

ការមកសួរសុខទុក្ខនរណាម្នាក់ដែលកំពុងរងទុក្ខខាងរាងកាយ ខាងសតិអារម្មណ៍ ការបាត់បង់ជីវិត ឬដោយសារការព្រួយបារម្ភជាមួយនឹងសុខុមាលភាពទូទៅ វាគឺជាហេតុផលអាចគួរតែលើកលែង ព្រោះការចូលមកសួរសុខទុក្ខមណ្ឌលចាស់ជរាត្រូវបានអនុញ្ញាតក្នុងកាលៈទេសៈពិសេសនៅពេលដែលមានសាច់ញាតិឈឺ ឬស្លាប់ជាដើម។ អ្នកផ្តល់ការថែទាំតាមមណ្ឌលចាស់ជរាអាចសម្រេចលើការចូលមកសួរសុខទុក្ខ ឬត្រូវបានអនុញ្ញាតិអោយស្នាក់នៅបាន លុះត្រាតែភ្ញៀវត្រូវធានាថា នឹងមិនមានហានិភ័យ រក្សាគម្លាតសង្គម និងវិធានការសុវត្ថិភាព។

ប៉ូលិសស្រីម្នាក់នោះបានបញ្ឈប់ការធ្វើដំណើររបស់យើង ប៉ុន្តែយើងបានពន្យល់មូលហេតុជាក់ស្តែង ហើយប៉ូលីសរូបនោះគឺពិតជាគួរឲ្យគោរព។ នាងក៏មិនបាននិយាយអ្វីច្រើនទេ ខណៈលោកស្រីបានព្យាយាមពន្យល់ចំពោះមូលហេតុនៃការសួរសុខទុក្ខម្តាយ ដែលមានជំងឺដាច់សរសៃឈាម និងបញ្ហាសុខភាពផ្សេងទៀត។ នៅក្នុងការទៅសួរសុខទុក្ខយើងបានសុំការអនុញ្ញាតពីបុគ្គលិកមណ្ឌលចាស់ជរារួចរាល់អស់ហើយ។ យើងគ្រាន់តែសួរសុខទុក្ខម្តាយតាមបង្អួចបន្ទប់ពីចំណតរថយន្តតែប៉ុណ្ណោះ ហើយសមាជិកគ្រួសាររបស់យើងមិនមាននរណាម្នាក់មានជម្ងឺកូវីត-១៩ ទេ។ ជាអកុសលប៉ូលិសនៅតែជម្រុញឱ្យលោកស្រីបង់ប្រាក់ពិន័យដដែល។

អ្នកនាំពាក្យប៉ូលីស South Wales បាននិយាយថា ប្រទេសវ៉េលបច្ចុប្បន្នស្ថិតនៅក្រោមការប្រកាសអាសន្នកម្រិតទីបួន។ បទប្បញ្ញត្តិរបស់រដ្ឋាភិបាលប្រទេសវ៉េលបានចែងថា ប្រជាជនត្រូវតែស្នាក់នៅក្នុងផ្ទះមិនត្រូវទៅសួរសុខទុក្ខគ្រួសារផ្សេងទៀត ឬជួបមនុស្សផ្សេងទៀតដែលមិនបានរស់នៅជាមួយគ្នានោះទេ។ វាជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជួយកាត់បន្ថយការរីករាលដាលនៃមេរោគ។ វាជាការរឹតបន្តឹងពីមន្រ្តីក្នុងប្រទេសនេះដែលទទួលបានការផ្តល់សិទ្ធិអំណាចពីរដ្ឋាភិបាលដើម្បីបញ្ឈប់រាល់យានយន្ត ចំពោះការធ្វើដំណើរក្នុងតំបន់ និងការពិនិត្យលើមូលហេតុនៃការធ្វើដំណើរ៕ ប្រភព៖ Daily Mail