Breaking: ទីបំផុត ប្រអប់ខ្មៅរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ត្រូវបានរកឃើញហើយ

ឥណ្ឌូនេស៊ី៖ ក្រុមអ្នកស្រាវជ្រាវឥណ្ឌូនេស៊ីបានរកឃើញប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅពីរ ពីយន្តហោះប៊ូអ៊ីង ៧៣៧ ដែលបានធ្លាក់ចូលសមុទ្រជ្វា(Java Sea) កាលពីថ្ងៃសៅរ៍។ ឧបករណ៍កត់ត្រាទិន្នន័យហោះហើរត្រូវបាននាំយកមកលើឆ្នេរសមុទ្រ ប៉ុន្តែក្រុមការងារនៅតែព្យាយាមរកទីតាំងថតសំលេងកាប៊ីនយន្ដហោះ។

អាជ្ញាធរសង្ឃឹមថា ទិន្នន័យពីប្រអប់ខ្មៅអាចផ្តល់ជាតម្រុយសំខាន់ៗអំពីមូលហេតុដែលអាចកើតមាននៃការធ្លាក់នេះ។

យន្តហោះប៊ូអ៊ីង ៧៣៧ បានធ្លាក់ចូលក្នុងសមុទ្រភ្លាមៗបន្ទាប់ពីហោះឡើងដោយមានមនុស្ស ៦២ នាក់នៅលើយន្តហោះ ហើយមិនមាននរណានៅមានជីវិតឡើយ។ ជើងហោះហើរ SJ182 បានធ្វើដំណើរពីរដ្ឋធានីហ្សាកាតាទៅទីក្រុង Pontianak លើកោះ Borneo ។

លទ្ធផលបឋមបានបង្ហាញថា យន្តហោះវ័យ ២៦ ឆ្នាំដែលបានឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេសកាលពីខែមុននៅតែដំណើរការជាប្រក្រតីមុនពេលវាធ្លាក់។

ដោយឡែកប៉ូលីសឥណ្ឌូនេស៊ីបានកំណត់អត្តសញ្ញាណជនរងគ្រោះទី ១ ឈ្មោះ Okky Bisma អាយុ ២៩ ឆ្នាំជាអ្នកបើកយន្ដហោះលើយន្តហោះ។ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីនៅពីថ្ងៃអង្គារបាននិយាយថា យន្តហោះបានចុះចតនៅកំឡុងពេលមានជំងឺរាតត្បាត ហើយបានឆ្លងកាត់ការត្រួតពិនិត្យនៅថ្ងៃទី ១៤ ខែធ្នូ។

ជើងហោះហើរនេះបានហោះហើរលើកដំបូង ៥ ថ្ងៃក្រោយមកដោយគ្មានអ្នកដំណើរបន្ទាប់មកបន្តការហោះហើរពាណិជ្ជកម្មនៅថ្ងៃទី ២២ ធ្នូ។

គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ (KNKT) បាននិយាយថា ការរកឃើញបឋមបានបង្ហាញថាយន្តហោះបានឈានដល់កម្ពស់ ១០.៩០០ ហ្វ៊ីតថ៍ (៣,៣ គីឡូម៉ែត្រ) នៅម៉ោង ១៤ និង ៣៦ នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍ (០៧:៣៦ GMT) បន្ទាប់មកមានការធ្លាក់ចុះយ៉ាងខ្លាំងដល់ ២៥០ ហ្វីត ម៉ោង ១៤:៤០ មុនពេលវាឈប់បញ្ជូនទិន្នន័យ។

ប្រធានក្រុមហ៊ុន KNKT លោក Soerjanto Tjahjono បានបន្ថែមទៀតថា ឌីសទួរប៊ីនរបស់យន្ដហោះស្លាបកង្ហារ(fan blade)ត្រូវបានខូច វាត្រូវបានគេរកឃើញ ដោយច្រានចោលទ្រឹស្តីដែលថា យន្ដហោះបានផ្ទុះកណ្តាលអាកាស។

លោក Soerjanto បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ស្លាបកង្ហារ (fan blade)ដែលខូចខាតបង្ហាញថាម៉ាស៊ីននៅតែដំណើរការនៅពេលវាគាំង។

គួរជម្រាបថា ក្រុមស្រាវជ្រាវកំពុងបន្តពិនិត្យយ៉ាងលំអិតនៅកន្លែងធ្លាក់យន្តហោះដោយព្យាយាមទាញយកឧបករណ៍ថតសំលេងកាប៊ីនយន្ដហោះ។ នៅព្រឹកថ្ងៃអង្គារនេះ KNKT បាននិយាយថា ឧបករណ៍មួយដែលត្រូវបានប្រើដើម្បីកំណត់ទីតាំងប្រអប់ខ្មៅបានជួបប្រទះ “បញ្ហាបច្ចេកទេស ឬការខូចខាតឧបករណ៍” ។

បំណែកជាច្រើននៃកម្ទេចកម្ទី បំណែករាងកាយ និងបំណែកសម្លៀកបំពាក់របស់អ្នកដំណើរត្រូវបានរកឃើញ។

យោងតាមសារព៌តមាន AFP បានអោយដឹងថា មានបុគ្គលិកប្រមាណជា ២.៦០០ នាក់បានចូលរួមនៅក្នុងប្រតិបត្តិការរុករកនៅថ្ងៃច័ន្ទនេះ រួមជាមួយនាវាជាង ៥០ គ្រឿងនិងយន្ដហោះ ១៣ គ្រឿង។

ក្រុមអ្នកស៊ើបអង្កេតកំពុងធ្វើការវិភាគលើវត្ថុដែលពួកគេជឿថាជាកង់ និងជាផ្នែកមួយនៃតួយន្តហោះ។ ទួរប៊ីនពីម៉ាស៊ីនមួយរបស់វា ក៏ស្ថិតនៅក្នុងចំណោមកំទេចកំទីដែលត្រូវបានរកឃើញដែរ។

មន្ត្រីសុវត្ថិភាពដឹកជញ្ជូននិយាយថា បច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងដំណាក់កាលទី ២ នៃដំណើរការស៊ើបអង្កេត ៥ ដំណាក់កាល។ ដំណាក់កាលនេះរួមមានការចងក្រងនិងប្រមូលទិន្នន័យហើយអាចចំណាយពេលមួយឆ្នាំដើម្បីបញ្ចប់៕ ប្រភព៖ BBC