មិនគួរឲ្យជឿ! កងទ័ពពិសេសអង់គ្លេសហ្វឹកហាត់រួមគ្នា ដើម្បីប្រឆាំងនឹងមនុស្សក្រៅភព

169

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានបង្ហើបឱ្យដឹងថា ទាហានកងកម្លាំងពិសេស (SAS) ប្រមាណ ២០ នាក់កំពុងហ្វឹកហាត់បន្ថែម ដើម្បីត្រៀមប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដោយប្រការណាមួយ ដូចជាកត្តាភេរវកម្ម អាវុធជីវសាស្ត្រ ឬមនុស្សក្រៅភព (Alien) ដែលអាចលុកលុយផែនដី ។

យោងតាមប្រភពព័ត៌មាននៅថ្ងៃទី ១១ ខែមករាឆ្នាំ ២០២១ របស់គេហទំព័រ Daily Star បានចុះផ្សាយពីហេតុការណ៍ ដែលពិភពលោកប្រហែលជាមិនបានដឹងទេថា កងកំលាំងពិសេសរបស់អង់គ្លេសប្រហែលជា ២០ នាក់ កំពុងតែអនុវត្តជំនាញប្រយុទ្ធពិសេស មិនប្រើប្រាស់អាវុធប្រល័យលោក និងការគំរាមកំហែងណាមួយ ដើម្បីទប់ទល់នឹងលទ្ធភាពដែលមនុស្សក្រៅភពអាចចូលលុកលុយពិភពលោក។

ប្រភពពត៌មានដដែលបានបង្ហើបប្រាប់ Daily Star ថា កម្លាំងពិសេសអង់គ្លេសកំពុងត្រៀមហ្វឹកហាត់សម្រាប់រាល់ការគំរាមកំហែងណាមួយ រួមទាំងការគំរាមកំហែងពីភេរវកម្ម ឬគ្រោះថ្នាក់នៃអាវុធជីវសាស្ត្រដែលសម្លាប់ជីវិតមនុស្ស រួមទាំងការគំរាមកំហែងពីមនុស្សក្រៅភពផងដែរ ។

“ខ្ញុំដឹងថា វាមិនសមហេតុផលទេ ប៉ុន្តែឥឡូវនេះកងកំលាំងពិសេសកំពុងបណ្តុះបណ្តាលដើម្បីដោះស្រាយរាល់ការគំរាមកំហែងផ្សេងៗ ។ ក្រុមកងកំលាំងពិសេសនេះមិនអាចប្រើប្រាស់អាវុធដែលប្រល័យលោកទេ ក្នុងនោះពួកគេបានប្រើប្រាស់ស្រ្ពៃ (Spray) ដែលមានលក្ខណៈពិសេសក្នុងការបង្កកសត្រូវមិនឱ្យធ្វើចលនាបាន” ប្រភពដដែលបានបញ្ជាក់បន្ថែមថា ទាហាននៃកងកំលាំងពិសេសអង់គ្លេសបានបណ្តុះបណ្តាលជំនាញប្រយុទ្ធនេះ ជាមួយទាហានមកពីកងកំលាំងពិសេសសហរដ្ឋអាមេរិក ។

ប្រភពមួយទៀតបានបន្ថែមផងដែរថា មនុស្សភាគច្រើនជឿថា មានជីវិតនៅលើភពផ្សេងទៀត សូម្បីតែលោក Albert Einstein ក៏បាននិយាយដែរថា ហេតុអ្វីបានជាផែនដីជាភពតែមួយដែលមនុស្សរស់នៅ? ហើយប្រសិនបើអ្នកជឿថា មានជីវិតនៅលើភពផ្សេងទៀត អ្នកត្រូវតែទទួលស្គាល់ថា ថ្ងៃណាមួយមនុស្សក្រៅភពអាចនឹងមកកាន់ផែនដី ហើយអាចជាការគំរាមកំហែងរបស់មនុស្សលោកផងដែរ ៕