នៅពីក្រោយភាពអាថ៌កំបាំង “ខួរក្បាល” របស់លោក Albert Einstein ដែលត្រូវបានគេលួចនៅ ២ ម៉ោងក្រោយពេលលោកស្លាប់

1344

គ្រប់គ្នាច្បាស់ជាធ្លាប់ស្គាល់ហើយថាលោក អាល់ប៊ើត អែងស្តែង (Albert Einstein) គឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញម្នាក់របស់ពិភពលោក ហើយនៅពេលដែលគាត់បានលាចាកពីពិភពលោកនៅឆ្នាំ ១៩៥៥ ជឿថាមានមនុស្សជាច្រើន មានអារម្មណ៍សោកស្តាយចំពោះការបាត់បង់អច្ឆរិយមនុស្សដូចជារូបលោក ។

ប៉ុន្តែតើអ្នកដឹងទេថាគ្រាន់តែ ពីរបីម៉ោងក្រោយមរណភាពរបស់លោក Albert Einstein “ខួរក្បាល” របស់គាត់ ក៏ត្រូវបានអ្នកវិទ្យាសាស្ត្រលួចទៅបាត់ បើទោះជាលោក Einstein បានផ្តែផ្តាំថា គាត់មិនចង់ឱ្យគេពិនិត្យរាងកាយរបស់គាត់នៅពេលដែលគាត់បានស្លាប់ក៏ដោយ។ បុរសដែលលួចខួរក្បាលរបស់លោក Einstein គឺជាអ្នកជំនាញខាងរោគសាស្ត្រឈ្មោះថាលោក ថូម៉ាស ហាវី (Thomas Harvey) ។

ថូម៉ាសហាវីនិងខួរក្បាលអាល់ប៊ើត អែងស្តែងនៅឆ្នាំ ១៩៥៥

ក្រោយមកគាត់បានបញ្ជាក់ថា គាត់បានសម្រេចចិត្តលួចខួរក្បាលដ៏មានទេពកោសល្យនេះ  ដើម្បីយកទៅត្រួតពិនិត្យអ្វីដែលនៅពីក្រោយភាពវៃឆ្លាតរបស់បុរសម្នាក់នេះ ហើយអ្វីដែលលោក Thomas បានធ្វើ ដំបូងគាត់មិនទាន់បានសុំការអនុញ្ញាតពីក្រុមគ្រួសារលោក Einstein ទេ ។ ប៉ុន្តែក្រោយមកលោកហាន់ អែងស្តែង ដែលជាកូនប្រុសច្បងរបស់លោកអាល់ប៊ើត ក៏បានអនុញ្ញាតឱ្យនាំយកខួរក្បាលរបស់ឱពុកខ្លួន ទៅធ្វើការស្រាវជ្រាវបាន តែស្ថិតក្នុងលក្ខខណ្ឌ សម្រាប់តែចំណេះដឹងវិទ្យាសាស្ត្រតែប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានខួរក្បាលរបស់ Einstein រឿងដំបូងដែលលោកថូម៉ាសបានធ្វើ គឺថ្លឹងទម្ងន់ខួរក្បាល លទ្ធផលគឺ ១.២៣០ ក្រាម មុនពេលចាក់បញ្ចូលសារធាតុផ្លូទីន ដើម្បីការពារការរលួយរបស់ខួរក្បាល។

ខួរក្បាលអាល់ប៊ើត អែងស្តែងនៅឆ្នាំ ១៩៥៥

ក្រោយមកខួរក្បាលនោះក៏ត្រូវបានបែងចែកជា ២៤០ ផ្នែក ដើម្បីយកបំណែកខួរក្បាលមួយចំនួនទៅថែរក្សាទុក  និងផ្តល់គំរូមួយចំនួនដល់វេជ្ជបណ្ឌិតដែលគេស្គាល់ ។

លោកថូម៉ាស បានព្យាយាមសិក្សាខួរក្បាលរបស់ Einstein អស់រយៈពេលជាយូរ ប៉ុន្តែលោកហាក់មិនជោគជ័យដូចការរំពឹងទុកទេ ម៉្យាងវិញទៀតការកាន់កាប់ខួរក្បាលរបស់ Einstein ជីវិតរបស់លោក ត្រូវបានបំផ្លាញស្ទើរអស់មួយជីវិតទៀតផង ។

នោះគឺដោយសារតែគាត់ត្រូវបានបណ្តេញចេញពីមន្ទីរពេទ្យដែលគាត់កំពុងធ្វើការ ព្រោះតែលោកបដិសេធមិនប្រគល់ខួរក្បាលរបស់លោក Einstein លោកត្រូវបាត់បង់ការងារ ហើយមានជម្លោះជាមួយប្រពន្ធរបស់គាត់ ថែមទាំងត្រូវធ្វើដំណើរ និងផ្លាស់ទីលំនៅជាញឹកញាប់   រហូតដល់ថ្នាក់ត្រូវពនេចរពាសពេញពិភពលោក ថែមទាំងបាត់បង់អាជ្ញាប័ណ្ណជាវេជ្ជបណ្ឌិតទៀតផង ។

ចំពោះហេតុផលនៃការសិក្សាខួរក្បាលរបស់ Einstein មិនទទួលលទ្ធផលល្អនោះ គឺដោយសារតែការស្រាវជ្រាវភាគច្រើនរបស់គាត់ត្រូវបានគេមើលឃើញថា មានភាពអគតិច្រើន ព្រោះដោយសារតែលោកព្យាយាមនិយាយថា ខួរក្បាលរបស់ Einstein គឺខុសពីមនុស្សធម្មតា។ បណ្តាលឱ្យការស្រាវជ្រាវនេះត្រូវបានចាត់ទុកជាមោឃៈ និងមានគុណវិបត្តិជាញឹកញាប់ រហូតដល់ទីបំផុតមិនមានការទទួលស្គាល់ឡើយ ។

លោកថូម៉ាសហាវីជាមួយខួរក្បាលអាល់ប៊ើត អែងស្តែង

រឿងនោះបានឈានដល់ទីបញ្ចប់នៅពេលដែលគាត់ឈានដល់អាយុ ៨៤ ឆ្នាំ លោកថូម៉ាស បានព្យាយាមប្រគល់ខួរក្បាលរបស់ Einstein ឱ្យទៅចៅស្រីរបស់គាត់ ដែលបានជួបគ្នាដោយចៃដន្យ ប៉ុន្តែចៅស្រីរបស់គាត់បានបដិសេធ មិនទទួលយកខួរក្បាលរបស់ Einstein ទេ។

ទីបំផុតលោកថូម៉ាស សម្រេចចិត្តប្រគល់ខួរក្បាល ដែលនៅសេសសល់របស់ Einstein ឱ្យទៅវេជ្ជបណ្ឌិតដែលគេស្គាល់នៅក្នុងមន្ទីរពេទ្យ ជាកន្លែងដែលសាកសពរបស់លោក Einstein ត្រូវបានគេទទួលយកជាលើកដំបូង មុនពេលស្លាប់ដោយសន្តិវិធីក្នុងឆ្នាំ ២០០៧ ក្នុងជន្មាយុ ៩៤ ឆ្នាំ។

រឿងរ៉ាវនៃខួរក្បាលដែលត្រូវបានគេលួច នៅមានបន្តិទៀត ដោយសារតែការពិតដែលខួរក្បាលរបស់លោក Einstein ត្រូវបានកាត់ជាផ្នែក ហើយបំណែកជាច្រើនត្រូវបានបែកខ្ចាត់ខ្ចាយបន្តិចម្តងៗ ក្នុងនោះផ្នែកមួយចំនួនត្រូវបានសិក្សាម្តងហើយម្តងទៀត តែបើទោះបីជាមានមតិភាគច្រើននិយាយបានថា ខួរក្បាលរបស់ Einstein ខុសពីមនុស្សទូទៅ ហើយត្រូវបានគេដៅថាមានភាពជឿជាក់ទាប ។

ប៉ុន្តែក៏មានការសិក្សាមួយចំនួនបានបង្ហាញប្រធានបទគួរឱ្យចាប់អារម្មណ៍ថា លោក Einstein មានកោសិកាសសៃប្រសាទនៅខាងខាងឆ្វេង Hippocampus (សមាសធាតុសំខាន់របស់ខួរក្បាល) ធំជាងខាងស្តាំ។

អាចនិយាយបានថា មិនថារយៈពេលកន្លងផុតទៅយូរប៉ុណ្ណា មកដល់សព្វថ្ងៃនេះផ្នែកខួរក្បាលរបស់លោក Einstein នៅតែទទួលបានការចាប់អារម្មណ៍ពីសាធារណជនដែរ ។

បំណែកខួរក្បាលមួយចំនួនរបស់លោកអាល់ប៊ើត អែងស្តែង ដែលត្រូវបានរក្សាទុកនៅ សារមន្ទីរ The Mutter Museum

ប្រសិនបើបងប្អូនចាប់អារម្មណ៍ពីបំណែកមួយក្នុងចំណោមបំណែកទាំង ៤៦ គឺត្រូវបានរក្សាទុកនៅសារមន្ទីរ The Mutter Museum នៅទីក្រុង Philadelphia ដែលបើកសម្រាប់ទស្សនកិច្ចបណ្តោះអាសន្នផងដែរ ៕

ប្រភព៖ npr, allthatsinteresting, medium, mcall