រំភើបណាស់! មិនថាបែកគ្នាយូរប៉ុណ្ណា ក៏មនោសញ្ចេតនារវាងសត្វសុនខ និងមិត្តរួមការងារម្នាក់នេះមិនអាចកាត់ផ្តាច់បានដែរ (មានវីដេអូ)

99

ហឺណាន៖ កាសែតដេលីស្តារបានរាយការណ៍ពី រឿងរ៉ាវដ៏គួររំភើបមួយ ដែលមនោសញ្ចេតនានឹករលឹកមិនត្រូវបានបាត់បង់ឡើយ មិនថានៅឆ្ងាយប៉ុណ្ណាក៏មិនអាចជាឧបសគ្គរវាង សុនខយោធានិងអ្នកដឹកសុនខ ដែលបានជួបគ្នាម្តងទៀតក្រោយពីបែកគ្នាអស់រយៈពេលច្រើនឆ្នាំ នៅតំបន់ស៊ីឈួន ខេត្តហឺណានភាគកណ្តាល ។

វ៉ាងវ៉ាងគឺជាសុនខពូជអាឡឺម៉ង់អាយុ ៨ ឆ្នាំបម្រើការជាសុនខហិតក្លិន នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ វាបានចូលនិវត្តន៍កាលខែមិថុនា ឆ្នាំ ២០១៩ ដូច្នេះវាត្រូវបានបំបែកចេញពីអ្នកដឹកឆ្កែដែលបានធ្វើការជាមួយគ្នាអស់ជាច្រើនឆ្នាំ។

រហូតដល់ខែមុន អ្នកដឹកសុនខឆ្កែក៏បានសាងភាពភ្ញាក់ផ្អើលសម្រាប់វ៉ាងវ៉ាង ដែលកំពុងល្បាតសង្កាត់ក្បែរផ្ទះរបស់វា ហើយបានហៅមិត្តសម្លាញ់របស់គាត់ចេញមក ។

ភ្លាមៗនោះស្រាប់តែវ៉ាងវ៉ាង ដឹងថាជាអ្នកណា  វាពិតជារំភើបណាស់ ដោយវាបានរត់ចេញពីទ្វារ រត់សំដៅចូលទៅក្នុងរង្វង់ដៃ ហើយត្រដុសជើងមិត្តរួមការងារចាស់ ថែមទាំងស្រក់ទឹកភ្នែកយ៉ាងគួរឲ្យកំសត់ទៀតផង ។

ឃ្លីបវីដេអូនេះត្រូវបានចេញផ្សាយតាមរយៈគណនីប៉ូលីសស៊ីឈួន នៅលើបណ្តាញសង្គមចិន Tik Tok ថែមទាំងផ្ទុះការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ ក្នុងនោះមានអ្នកខ្លះបានចោទសួរថា ហេតុអ្វីបានវ៉ាងវ៉ាងមិននៅជាមួយអ្នកដឹកសុនខនោះតែម្តងទៅ? ព្រោះថារវាងពួកគេទាំង ២ ពិតជាមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក ។

ដូច្នេះប៉ូលីសស៊ីឈួនបានឆ្លើយថា សុនខប៉ូលីសត្រូវបានថែរក្សាយ៉ាងល្អនៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាល ប៉ុន្តែបុគ្គលិករបស់យើងមិនអាចផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់លេងជាមួយសុនខដែលចូលនិវត្តបានទេ តែទោះជាយ៉ាងណាក៏ដោយពួកវានឹងទទួលបានការមើលថែរក្សាយ៉ាងល្អ ពីសំណាក់ក្រុមគ្រួសារ ដែលសមរម្យជាងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ៕

សូមទស្សនាវីដេអូខាងក្រោម៖