មិនធម្មតា! វិមានសន្តិភាពនៅប្រទេសលីបង់ មិនត្រឹមតែមានលក្ខណៈប្លែកទេ ថែមទាំងមានអត្ថន័យជ្រាលជ្រៅទៀតផង

571

Yarzeh ជាភូមិមួយនៅភាគអាគ្នេយ៍នៃទីក្រុងបេរ៉ូត ក្នុងប្រទេសលីបង់ បានរៀបចំជាទីតាំងក្រសួងការពារជាតិចំណាស់ជាងគេរបស់ប្រទេសនេះ ដែលមានលក្ខណៈប្លែក វាជាវិមានមួយនៅមុខច្រកចូលសំខាន់។

វិមាននេះបើយើងក្រឡេកមើលតែមួយភ្លែត ផ្ទៃខាងក្រៅរបស់វាមើលទៅដូចជារចនាសម្ព័ន្ធបេតុងដែលចាស់ៗ ធម្មតានិងមិនគួរឱ្យចងចាំឡើយ ។

ប៉ុន្តែប្រសិនបើយើងមើលដោយយកចិត្តទុកដាក់យើងអាចឃើញថា វិមាននេះពិតជាលក្ខណៈពិសេស និងប្លែកភ្នែកណាស់ ព្រោះវាត្រូវបានសាងសង់ឡើងផ្គួបជាមួយរថក្រោះពិតប្រាកដ ក៏ដូចជាបំណែកកាំភ្លើងធំ និងរថពាសដែកសរុបចំនួន ៧៨ គ្រឿងដែលត្រូវបានតភ្ជាប់ដោយបេតុង។

នេះជាវិមានមួយដែលមានឈ្មោះថា “
ក្តីសង្ឃឹមដើម្បីសន្តិភាព” (Hope of Peace) មានកម្ពស់ ៣០ ម៉ែត្រ ទម្ងន់ ៥០០០ តោនសាងសង់ដោយវិចិត្រករជនជាតិអាមេរិកាំងលោក Armand Fernandez ។

វាត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៩៥ និងសាងសង់ឡើងដើម្បីឆ្លុះបញ្ចាំងពីទិទ្ធភាពរបស់ទីក្រុង ដែលបានក្លាយជាការបំផ្លិចបំផ្លាញនៃសង្គ្រាម ។

ហើយក្តីសង្ឃឹមសម្រាប់សន្តិភាពគឺជាអ្វីដែល វិចិត្រករ Armand Fernandez ចង់បង្កើតជាយូរមកហើយ។

នៅទសវត្សឆ្នាំ ១៩៧០ លោកបានព្យាយាមបង្កើតរឿងស្រដៀងគ្នានេះ នៅប្រទេសបារាំង និងសហរដ្ឋអាមេរិចដើម្បីរំឭកដល់ថ្ងៃ D-Day ប៉ុន្តែដោយសារថ្លៃចំណាយខ្ពស់ពេកលោកក៏បានផ្អាកទៅវិញ ។

ដូច្នេះនៅឆ្នាំ ១៩៨៣ ប្រហែលមួយឆ្នាំបន្ទាប់ពីអ៊ីស្រាអែលបានវាយលុកប្រទេសលីបង់ បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១៧.៥០០ នាក់ ដូច្នេះលោកក៏បានផ្លាស់ប្តូរគោលដៅទៅកាន់ប្រទេសនេះវិញ ប៉ុន្តែទំរាំតែលោកអាចតំណើរការសាងសង់វិមាននេះបាន គឺមានរយៈពេលច្រើនឆ្នាំក្រោយមកទៀត ចំថ្ងៃខួបលើកទី ៥០ របស់កងទ័ពលីបង់។

លោក Armand Fernandez មានប្រសាសន៍ថា “រូបសំណាកនេះបង្ហាញពីក្តីសង្ឃឹមសម្រាប់សន្តិភាព” ។

“ការងារនេះជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅលីបង់ឆ្នាំ ១៩៧៥-៩០ ដោយបង្កប់រថក្រោះនិងរថយន្តយោធាដទៃៗទៀតនៅ ក្នុងបេតុងដើម្បីលុបបំបាត់ការប្រើប្រាស់របស់វា ហើយរក្សាវាឱ្យនៅស្ងៀមជារៀងរហូត” ។

“នេះជាការក្រើនរំឭកដល់អ្នកទាំងឡាយណាដែលនៅតែចង់ចាប់ផ្តើមសង្គ្រាម នៅពេលពួកគេឃើញអាវុធត្រូវបានកប់នៅក្នុងបេតុងពួកគេនឹង ពិចារណាឡើងវិញពីគំនិតរបស់ពួកគេ” ។

“ពីព្រោះប្រទេសលីបង់បានរងទុក្ខគ្រប់គ្រាន់ហើយ ដូច្នេះឥឡូវនេះដល់ពេលហើយដែល មនុស្សនឹងក្លាយជាមិត្តនិងគ្នាម្តងទៀត” ៕

ប្រភព៖ amusingplanet