បវរកញ្ញាពិភពលោកឆ្នាំ ១៩៦០ រស់នៅមកដល់អាយុ ៨០ ឆ្នាំ បែរជាមកស្លាប់ដោយសាររថយន្តបុកទៅវិញ

233

សារព័ត៌មាន Daily Mail បានរាយការណ៍ពីសោកនាដកម្មរបស់ស្ត្រីម្នាក់ ដែលធ្លាប់បានគ្រងម្កុដបវរកញ្ញាពិភពលោកតាំងពីទសវត្សឆ្នាំ ១៩៦០ ។ លោកស្រីបានស្លាប់ដោយសារឡានក្រុងបុកនិងកិនលើរាងកាយរបស់គាត់  រហូតរងរបួសធ្ងន់ហើយក្រោយមកគាត់ក៏បានស្លាប់នៅប្រទេសអាហ្សង់ទីន ។

លោកស្រី Normacap Pakli អាយុ ៨១ ឆ្នាំត្រូវបានឡានក្រុងបុកកាលពីថ្ងៃទី ១៧ ខែធ្នូ ពេលកំពុងដើរក្បែរផ្ទះរបស់គាត់នៅរដ្ឋធានី Buenos Iris ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពរបួសត្រង់លលាដ៍ក្បាលធ្ងន់ធ្ងរ និងបាក់ឆ្អឹង បន្ទាប់ពីសន្លប់ ៦ ថ្ងៃគាត់បានទទួលមរណភាពតែម្តង។

ចំណែកឯ Carla Kappagli ដែលជាក្មួយស្រីរបស់ជនរងគ្រោះបាននិយាយថា នាងនឹងស៊ើបអង្កេតឱ្យបានកាន់តែច្បាស់ ដើម្បីឱ្យដឹងថាមីងរបស់នាងបានស្លាប់ដោយសាររថយន្តបុក ឬដោយសារហេតុការណ៍អ្វីផ្សេង?

បើទោះបីស្ថានភាពជំងឺកូវីដ-១៩ មិនបានប៉ះពាល់ប្រទេសអាហ្សង់ទីនមែន ប៉ុន្តែស្ត្រីរូបនេះបែរជាស្លាប់ដោយសារការធ្វេសប្រហែសរបស់អ្នកបើកបរទៅវិញ ។

អ្នកបើកបរមិនបញ្ចេញឈ្មោះអាយុ ២៨ ឆ្នាំត្រូវបានប៉ូលីសចាប់ខ្លួន និងរឹបអូសយករថយន្តដើម្បីធ្វើការស៊ើបអង្កេតបន្ត។

លើសពីនេះទៅទៀតក្មួយស្រីរបស់រាជនីសម្រស់ដ៏ល្បីល្បាញប្រចាំប្រទេស នាងបានប្រាប់កាសែតក្នុងស្រុកថា អ៊ំស្រីរបស់នាងកំពុងឱ្យចំណីសត្វឆ្កែអនាថានៅឯស្ថានីយ៍រថភ្លើង ព្រោះគាត់ជាមនុស្សដែលស្រលាញ់សត្វ ហើយនៅផ្ទះរបស់គាត់ក៏នៅមានសត្វឆ្មាមួយក្បាលទៀត ។ នាង (ក្មួយ) បានបង្ហើបផងដែរថា អ៊ំស្រីរបស់នាងក៏កំពុងរៀបចំដំណើរទៅកាន់ទីក្រុង Punta del Es ប្រទេសអ៊ុយរូហ្គាយ នៅឆ្នាំក្រោយ ជាមួយមីងម្នាក់ទៀតនៅពេលដែលស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ បានបញ្ចប់ទៀតផង ។

បកត្រលប់ទៅការចាប់ផ្តើមនៃជីវិតជាបវរកញ្ញាកាលពី ៦០ ឆ្នាំមុន លោកស្រី Norma ទើបតែមានអាយុ ២១ ឆ្នាំ ហើយគាត់បានក្លាយជាបវរកញ្ញាពិភពលោកឆ្នាំ ១៩៦០ នៅទីក្រុងឡុងប្រទេសអង់គ្លេស។ គាត់ជាស្ត្រីជនជាតិអាហ្សង់ទីនដំបូងគេដែលបានឈ្នះការប្រកួតនិងទទួលបានរង្វាន់ជាសាច់ប្រាក់ ៥០០ ផោនរួមជាមួយឡានស្ព័រ ប៉ុន្តែក្រោយមកគាត់ក៏បានបង្ហើបថាគាត់មិនដែលទទួលបានឡានស្ព័រទេ។

បន្ទាប់មកគាត់ក៏បានដើរបង្ហាញម៉ូដជាមួយម៉ាកល្បី ៗ លើពិភពលោក ព្រមទាំងចេញបទចម្រៀងផ្ទាល់ខ្លួន “Sexy World” ជាមួយអ្នកលេងវីយូឡុងអ៊ីតាលីលោក Armando Sassia ដែលចម្រៀងមួយបទនេះមានភាពល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ខ្លាំងទៀតផង ។

ហើយកាលពីជាង ៥០ ឆ្នាំមុន លោកស្រី Norma បានរៀបការជាមួយពាណិជ្ជករជនជាតិអ៊ីតាលីម្នាក់ ហើយគាត់ក៏បានបែរខ្នងចេញពីសិល្បៈ ប្តូរទៅរស់នៅទីក្រុងមីឡាន ដោយធ្វើការជាអ្នកកាសែតឱ្យទស្សនាវដ្តីបុរស “Mens Bazaar ” វិញ ។

លោកស្រីក៏ធ្លាប់បានរស់នៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលដែរ តែក្រោយមកគាត់ក៏បានវិលត្រឡប់ទៅប្រទេសអាហ្សង់ទីនវិញនៅឆ្នាំ ១៩៨៩ ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ ។

ទន្ទឹមនឹងនោះកាលពីថ្មីៗនេះ ខាង
គេហទំព័រវិគីភីឌា (Wikipedia) បានបញ្ជាក់ថាអតីតបវរកញ្ញា Norma បានទទួលមរណភាពហើយ ប៉ុន្តែខាឡា ដែលជាក្មួយស្រីបានបដិសេធហើយស្នើសុំឱ្យគេហទំព័រកែពត៌មានជាបន្ទាន់ ។

ចំណែកការស៊ើបអង្កេតពីមូលហេតុពិតនៃការស្លាប់លើកនេះ ក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមផងដែរ ៕