ប្រទេសកូរ៉េខាងត្បូងបំបែកឯតទគ្គកម្ម រក្សាព្រះអាទិត្យសិប្បនិម្មិតរយៈពេលវែងជាងគេ នៅកម្តៅអតិបរមា ១០០ លានអង្សាសេ (មានវីដេអូ)

69

រឿងរ៉ាវមួយនេះបានក្លាយជាព័ត៌មានមួយទៀត ដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងសហគមន៍វិទ្យាសាស្ត្រ កាលពីថ្ងៃទី ២៤ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មានបរទេសបានចេញរបាយការណ៍ អំពីភាពជោគជ័យនៃការបើកតំណើរការព្រះអាទិត្យសិប្បនិម្មិតរយៈពេល ២០ វិនាទីរបស់ប្រទេសកូរ៉េខាងត្បូង ហើយនេះគឺជាកំណត់ត្រារយៈពេលវែងបំផុតមិនធ្លាប់មានក្នុងពេលបច្ចុប្បន្ននេះ។

សម្រាប់ស្ថិតិដែលបានចេញផ្សាយនៅពេលនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីខែវិច្ឆិកាកន្លងមក ដោយវិទ្យាស្ថានថាមពល Fusion កូរ៉េ (KFE) និងត្រូវបានចុះបញ្ជីថាបានបំបែកកំណត់ត្រាដើមកាលពីឆ្នាំ ២០១៩ ដល់ទៅ ៨ វិនាទី ដែលមានរយៈពេលវែងជាងស្ថិតិរបស់ប្រទេសចិន និងប្រទេសផ្សេងទៀត ។

សម្រាប់ភាពជោគជ័យលើកនេះក៏មានការបញ្ជាក់ផងដែរថា វាអាចសម្រេចទៅបានតាមរយៈការសហការរវាងសាកលវិទ្យាល័យ KFE, សាកលវិទ្យាល័យជាតិសេអ៊ូល និងសាកលវិទ្យាល័យកូឡុំបៀ របស់សហរដ្ឋអាមេរិក ។

លោក Young-Seok Park នៃសាកលវិទ្យាល័យ Columbia បានមានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ដែលបានចូលរួមនៅក្នុងសមិទ្ធិផលដ៏សំខាន់មួយនេះ ។ ចំពោះសីតុណ្ហាភាពអ៊ីយ៉ុង ១០០ លានអង្សាសេ ត្រូវបានបង្កើតឡើងដោយកម្តៅដ៏មានប្រសិទ្ធិភាពនៃស្នូលប្លាស្មារយៈពេលយូរ វាបានបង្ហាញឱ្យឃើញពីសមត្ថភាពជាក់ស្ដែងតែមួយគត់នៃបច្ចេកវិទ្យាទំនើបមួយនេះ។ ហើយវានឹងត្រូវបានគេទទួលស្គាល់ថាជាមូលដ្ឋានគួរឱ្យទាក់ទាញ សម្រាប់ប្លាស្មាលាយបញ្ចូលគ្នា (Plasma Fusion) ដែលមានប្រសិទ្ធិភាពនិងមានស្ថេរភាពរយៈពេលយូរ។ ទន្ទឹមនឹងនោះប្រសិនបើការពិសោធន៍នេះនៅតែបន្តដំណើរការយ៉ាងរលូន ខាង KFE សង្ឃឹមថានឹងអាចរក្សាគំរូព្រះអាទិត្យសិប្បនិម្មិតបានរយៈពេល ៣០០ វិនាទីនៅក្នុងឆ្នាំ ២០២៥ ខាងមុខជាក់ជាមិនខាន ” ។

រីឯលក្ខខណ្ឌ ៣០០ វិនាទីនេះគឺជាកម្រិតពេលវេលាដែលយើងអាចសន្មតបាន តាមរយៈការគ្រប់គ្រងភាពមិនប្រាកដប្រជានៃការផលិតថាមពលនុយក្លេអ៊ែរនោះឯង ៕