
បញ្ហាសង្គ្រាមជាញឹកញាប់ត្រូវបានអមដោយវីរបុរស ហើយអ្នកដែលពូកែខាងធ្វើសង្គ្រាមច្រើនតែមានកិត្តិយស ឬត្រូវបានគេហៅថាជាវីរៈបុរស ។
ប៉ុន្តែតើអ្នកដឹងទេថាក្នុងចំណោមវីរបុរសនៃសង្គ្រាមទាំងនោះ ក៏មានវីរបុរសដែលមិនមែនជាមនុស្សដែរ តែគឺជាសុនខក្លាហាន ហើយបានក្លាយជាការចងចាំរបស់មនុស្សទូទាំងពិភពលោក ថែមទាំងទទួលបានមេដាយមាសច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រផងដែរ ។
នេះជារឿងរ៉ាវរបស់សត្វសុនខពូជ Boston Terrier ឈ្មោះស្តុបប៊ី (Stubby) កើតនៅឆ្នាំ ១៩១៦ ក្នុងកំឡុងពេលសង្គ្រាមលោកលើកទី ១ ទូទាំងទ្វីបអ៊ឺរ៉ុបនិងពិភពលោកទាំងមូល ។
តំបូងឡើយស្តុបប៊ី ត្រូវបានគេរកឃើញខណៈពេលវាកំពុងវង្វេងផ្លូវ នៅបរិវេណមហាវិទ្យាល័យ Yale នៅ New Haven ក្នុងឆ្នាំ ១៩១៧ ពេលនោះសមាជិកនៃកងវរសេនាធំទី ១០២ ដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងតំបន់នោះបាននាំស្តុបប៊ីមកនៅជាមួយ ។
ក្រោយមកស្តុបប៊ី ត្រូវបានគេបញ្ជូនទៅរណសិរ្សបារាំង (តាមរយៈការលួចនាំឡើងលើទូកដោយសម្ងាត់) ក្នុងនាមជាសុនខយាមនៅនៅក្នុងជំរុំយោធារបស់សម្ព័ន្ធមិត្ត ។
ក្នុងរយៈពេល ១៨ ខែដែលស្តុបប៊ីបានចូលរួមប្រយុទ្ធ វាបានឆ្លងកាត់ការប្រយុទ្ធជាមួយសត្រូវចំនួន ១៧ លើក ក្នុងនោះមាន ៤ លើកដែលវាត្រូវបានគេចាត់ទុកថាជាការវាយលុកផងដែរ។
ហើយបេសកកម្មដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតរបស់ស្តុបប៊ី គឺនៅក្នុងកំឡុងខែមេសាដែលវាអាចរក្សាជីវិតខ្លួនឯង ពីហេតុការណ៍បន្ទុះគ្រាប់បែក ។
លើសពីនេះទៀតក្នុងឆ្នាំដដែលនោះ វាក៏បានរួចផុតពីការវាយប្រហារដោយឧស្ម័នហ្គាសជាច្រើនលើកច្រើនសារ កត្តាទាំងនេះហើយដែលធ្វើឲ្យទាហានទាំងអស់កោតស្ញប់ស្ញែងចំពោះភាពប៉ិនប្រសព្វរបស់ស្តុបប៊ីជាខ្លាំង ក្រោយមកពួកគេក៏បានបង្កើតរបាំងមុខការពារឧស្ម័នជាពិសេសសម្រាប់ស្តុបប៊ីទៀតផង ។

នៅមិនទាន់អស់ទេ ក្នុងអំឡុងពេលឆ្មាំនៅក្នុងជំរុំ ដោយមនសិការច្បាស់ជាងមនុស្ស ស្តុបប៊ីក៏តែងតែជាអ្នកដាស់តឿនដល់ក្រុមទាហានអំពីការឮសូសម្លេងកាំភ្លើងធំ ឬការវាយប្រហារដោយឧស្ម័នមុនពេលមនុស្សដឹងអំពីវាទៅទៀត ។
សំខាន់ជាងនេះទៅទៀត នៅក្នុងសង្គ្រាមនៅ Argonne ស្តុបប៊ី ក៏ធ្លាប់មានស្នាដៃក្នុងការចាប់វានចារកម្មរបស់អាឡឺម៉ង់បានដោយខ្លួនឯងទៀតផង។

សម្រាប់សមិទ្ធិផលទាំងអស់នេះ បានធ្វើឱ្យស្តុបប៊ីទទួលបានឋានៈជាមេបញ្ជាការ ក្នុងអំឡុងពេលបម្រើការប្រទេសជាតិ ជាមួយនឹងគ្រឿងឥស្សរៈយស្សបញ្ជាក់ភាពក្លាហានជាច្រើនមានដូចជា ៖
– សក្តិ Service Stripes 3
– គ្រឿងឥស្សរៈយស្ស Yankee Division YD
– មេដាយមាស French Medal Battle of Verdun
– មេដាយមាស 1st Annual American Legion Convention Medal
– មេដាយមាស New Haven WW1 Veterans Medal
– មេដាយ Republic of France Grande War Medal
– មេដាយ St Mihiel Campaign Medal
– មេដាយ Purple Heart
– មេដាយ Chateau Thierry Campaign Medal
– មេដាយ 6th Annual American Legion Convention
និងមេដាយរងជាច្រើនទៀត ។
មេបញ្ជាការស្តុបប៊ី បានទទួលគ្រឿងឥស្សរៈយស្សទាំងអស់នេះ នៅពេលសង្រ្គាមត្រូវបានហើយស្តុបប៊ីបានក្លាយជាសត្វសុនខ ដែលទទួលបានគ្រឿងឥស្សរៈយស្សច្រើនជាងគេបំផុតនៅក្នុងពិភពលោក។
ដោយសារតែភាពក្លាហានទាំងនេះ ស្តុបប៊ីបានក្លាយជាតារាដែលមានប្រជាប្រិយភាពបំផុត ថែមទាំងមានសិទ្ធិដើរតាមក្បួននៃកងទ័ពក៏ដូចជាបានជួបប្រធានាធិបតីអាមេរិកដល់ទៅបីនាក់ទៀតផង ។

ពីសត្វឆ្កែអនាថានៅតាមចិញ្ចើមថ្នល់ រហូតបានក្លាយជាមេបញ្ជាការ និងបានចំណាយពេលពេញមួយជីវិតបង្កើតជារឿងព្រេងរបស់មេបញ្ជាការសុនខ ។ បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ ស្តុបប៊ីបានប្រើជីវិតរស់នៅបម្រើការកាកបាទក្រហមរហូតមក ។
ក្រោយមកមេបញ្ជាការរូបនេះក៏បានលាចាកលោកដោយសន្តិភាព នៅខែមីនាឆ្នាំ ១៩២៦ ហើយសាកសពរបស់ស្តុបប៊ី ត្រូវបានគេរក្សាទុកតាមបែបវិទ្យាសាស្ត្រនៅឯវិទ្យាស្ថាន Smithsonian រហូតដល់សព្វថ្ងៃទៀតផង ៕
ប្រភព៖ ct.gov , historyextra