ប្រទេសចិនឃាំងរបងលួសបន្លាចម្ងាយជាង ២.០០០ គីឡូម៉ែត្រ ការពារជំងឺកូវីដ-១៩ ពីប្រទេសមីយ៉ាន់ម៉ា និងថៃ

732

មន្ត្រីប្រចាំប្រទេសចិនបានរាយការណ៍អំពីការ ឃាំងរបងលួសបន្លាចម្ងាយជាង ២.០០០ គីឡូម៉ែត្រនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងគោលបំណងដើម្បីស្ទាក់ចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរពលកម្ម រួមបញ្ចូលទាំងដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

សារព័ត៌មាន The Irrawaddy បានរាយការណ៍ថា ប្រទេសចិនបានឃាំងរបងលួសបន្លាកម្ពស់ ៣ ម៉ែត្រនៅក្រុងហាន់ថេង និងក្រុងរូលី ស្ថិតនៅចន្លោះព្រំប្រទល់ខេត្តយូណានប្រទេសចិន និងរដ្ឋសាន ប្រទេសភូមា។

អាជ្ញាធរចិនបាននិយាយថា របងនេះត្រូវបានតម្លើងដើម្បីការពារការឆ្លងកាត់របស់ប្រជាជនដែលមានផ្ទុកមេរោគកូវីដ-១៩ ទៅកាន់ប្រទេសចិន ព្រោះដោយសារតែបច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លងចំនួន ១២០.០០០ ករណី និងអ្នកស្លាប់ចំនួន ២.៥៣២ នាក់ផ្សេងទៀត ដែលអាជ្ញាធរចិនមានការព្រួយបារម្ភថាជំងឺអាចនឹងឆ្លង ហើយរាតត្បាតនៅក្នុងប្រទេសរបស់ខ្លួនម្តងទៀត ដែលវាអាចបង្កើតជាភាពច្របូកច្របល់ខាងសេដ្ឋកិច្ចដែលមានតម្លៃមហាសាល ។

បន្ថែមពីលើការការពារប្រជាជនភូមាមិនឱ្យចូលប្រទេស ពួកគេក៏មានបំណងរារាំងប្រជាជនចិន ដែលតែងតែលួចចេញ-ចូលទៅលេងល្បែងស៊ីសងនៅតំបន់នោះផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រំដែននៃប្រទេសមីយ៉ាន់ម៉ាគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនដែលជាប់ទាក់ទងនឹងល្បែងស៊ីសង, ការលាងលុយកខ្វក់, ហិរញ្ញវត្ថុគ្រីបតូ និងសូម្បីតែបណ្តាញឧក្រិដ្ឋកម្មទៀតផង ដូច្នេះទើបមានក្រុមប្រដាប់អាវុធមួយក្រុមត្រូវបានបង្កើតឡើងជា “កងឆ្មាំព្រំដែន” ។

លោកស្រី Priscilla Klap អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅមីយ៉ាន់ម៉ាបាននិយាយថា ស្រុកគុងកាង នៅរដ្ឋសាន ជាមួយនឹងកាស៊ីណូ ស្ប៉ា និងសណ្ឋាគារ វាជាមជ្ឈមណ្ឌលល្បែងដ៏ធំមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកស្រីបាននិយាយថាអ្នកនយោបាយក្នុងស្រុកមួយចំនួននៅមីយ៉ាន់ម៉ា ក៏មានបើកកាស៊ីណូនៅតំបន់នោះដែរ។ ទន្ទឹមនឹងនោះអាជ្ញាធរចិនក៏បានព្យាយាមបង្ក្រាបសកម្មភាពរបស់ប្រជាជនចិនទៅកាន់កាស៊ីណូនៅមីយ៉ាន់ម៉ាដែរ ៕