ផ្អើលជ្រួលច្របល់ពេញយន្តហោះ! អ្នកដំណើរឆ្លងជំងឺកូវីដ-១៩ បានស្លាប់នៅលើយន្ដហោះនៅសហរដ្ឋអាមេរិក

1190

អ្នកដំណើររបស់ “United Airlines” បានស្លាប់ដោយសារជម្ងឺកូវីដ-១៩ នៅលើយន្តហោះក្នុងស្រុក បន្ទាប់ពីពួកគេបានព្យាយាមលាក់ព័ត៌មាននៃការឆ្លង ហើយឡើងជិះយន្តហោះ ។ មុនពេលស្លាប់មានអ្នកដំណើរចំនួន ៣ នាក់បានព្យាយាមជួយ CPR (ធ្វើចលនាបេះដូង) ដល់ជនរងគ្រោះទៀតផង។

នៅថ្ងៃទី ២០ ខែធ្នូនេះ គេហទំព័រសារព័ត៌មាន Daily Mail បានរាយការណ៍ថា   ជើងហោះហើរក្នុងស្រុក “UA591” របស់ក្រុមហ៊ុន United Airlines កំពុងធ្វើដំណើរពីអូលែនដូ រដ្ឋផ្លរីដា ទៅទីក្រុងឡូសអង់ចាឡែស រដ្ឋកាលីហ្វ័រញ៉ា ត្រូវតែធ្វើការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានក្នុងទីក្រុង New Orleans នាថ្ងៃទី ១៤ ខែធ្នូកន្លងមក បន្ទាប់ពីអ្នកដំណើរប្រុសម្នាក់បានធ្លាក់ខ្លួនឈឺ និងស្លាប់នៅលើយន្តហោះ។

សេចក្តីរាយការណ៍ព័ត៌មានបានបញ្ជាក់ថា   ខណៈអ្នកដំណើរម្នាក់នេះធ្លាក់ខ្លួនឈឺ  ញាប់ញ័របែកញើសពេញរាងកាយ ថែមទាំងមានអាការៈថប់ដង្ហើម ហើយដួលទៅដេកនៅលើឥដ្ឋ ទន្ទឹមនឹងនោះមានអ្នកដំណើរ ៣ នាក់ផ្សេងទៀតដែលបានស្ម័គ្រចិត្តជួយធ្វើ CPR (ធ្វើចលនាបេះដូង) បន្ទាប់មកពេលយន្តហោះចុះចត គ្រូពេទ្យបានឡើងទៅជួយ ហើយប្រពន្ធរបស់បុរសរងគ្រោះបានប្រាប់អាជ្ញាធរថា ប្តីរបស់ខ្លួនមានជំងឺកូវីដ-១៩ តាំងពីសប្តាហ៍មុន ប៉ុន្តែមុនពេលឡើងយន្តហោះពួកគេទាំងពីរមិនបានជូនដំណឹងដល់បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ជាមុនទេ ដោយព្យាយាមលាក់ពត៌មាន។

អ្នកដំណើរម្នាក់ដែលបានជួយធ្វើ CPR បានបង្ហាញថា គាត់និងបុរសពីរនាក់ផ្សេងទៀតបានព្យាយាមជួយសង្គ្រោះជនរងគ្រោះ ទន្ទឹមនឹងនោះពុំមាននរណាម្នាក់បាននិយាយថា បុរសរងគ្រោះមានជំងឺកូវីដ-១៩ ទេ រហូតដល់យន្តហោះចុះចត ហើយគ្រូពេទ្យនៅអាកាសយានដ្ឋានបានមកដល់។ បុរសដែលជាអ្នកសង្គ្រោះនិយាយថា ពួកគេកំពុងរងចាំលទ្ធផលធ្វើតេស្តជំងឺកូវីដ-១៩ ហើយពួកគេបានបន្ថែមទៀតថា “បើទោះជាងាយរងគ្រោះក៏ដោយ ប៉ុន្តែខ្ញុំរីករាយដែលខ្ញុំបានព្យាយាមជួយសង្គ្រោះជីវិតមនុស្ស បើទោះជាមិនទទួលភាពជោគជ័យក៏ដោយ” ។

បុរសដែលជាអ្នកជួយសង្គ្រោះ ជនរងគ្រោះ

មុននេះនាថ្ងៃទី ១៩ ធ្នូក្រុមហ៊ុនអាកាសចរណ៍ United Airlines និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក (Centers for Disease Control-CDC) បានបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្តនេះថា អ្នកដំណើរប្រុសដែលបានស្លាប់នៅក្នុងហេតុការណ៍នោះ ពិតជាមានលទ្ធផលតេស្តិវិជ្ជមានពិតប្រាកដមែន ហើយនាវិកទាំងអស់នៅលើជើងហោះហើរនេះត្រូវបានឃុំខ្លួន ព្រមទាំងជម្រុញឱ្យអ្នកដំណើរទាំងអស់ដែលនៅលើជើងហោះហើរប្រញាប់ទៅពិនិត្យសុខភាពជាបន្ទាន់ ។

នៅថ្ងៃទី ២០ ខែធ្នូ ក្រសួងសុខាភិបាលសហរដ្ឋអាមេរិកបានចេញផ្សាយថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៤១.៥៩១ ករណីបន្ថែម ហើយចំនួនសរុបកើនដល់ ១៨,២ លាននាក់និងមានអ្នកស្លាប់សរុបចំនួន ៣២៤.៥៧៤ នាក់ ៕