ព្យុះព្រិលយាយីសហរដ្ឋអាមេរិក យ៉ាងហោចមនុស្ស ៧ នាក់បានស្លាប់ និងរងការខូចខាតធ្ងន់ធ្ងរបំផុតក្នុងរយៈ ៣ ឆ្នាំចុងក្រោយ

295

បន្ទាប់ពីមានព្រិលធ្លាក់ខ្លាំងនៅរដ្ឋមួយចំនួននៅភាគឥសាន្ត សហរដ្ឋអាមេរិក ចាប់ពីល្ងាចថ្ងៃពុធរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ដែលមានកម្ពស់លើសពី ៤០ អ៊ីញ ទៅ ១ ម៉ែត្រ នៅក្នុងទីក្រុងមួយចំនួននារដ្ឋញូវយ៉ក ដូចជាទីក្រុងប៊ីងហាំតុន, ទីក្រុងអេនឌីខត, និងទីក្រុងលីតហ្វៀល រួមទាំងរដ្ឋផេនស៊ីលវេនៀផងដែរ។ ចំណែកនៅឯឧទ្យានកណ្តាលនៃទីក្រុងញូវយ៉ក គឺមានព្រិលគ្របដណ្តប់ក្នុងកម្ពស់ ១០ អ៊ីញ ដែលចំនួននេះវាច្រើនជាងពីរដង នៃចំនួនព្រិលដែលបានធ្លាក់នៅរដូវរងារកាលពីឆ្នាំទៅ នឹងធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ។

ទន្ទឹមនឹងនោះរដ្ឋាភិបាលរដ្ឋញូវយ៉ក ចាំបាច់ត្រូវប្រកាសអាសន្នក្នុងតំបន់ចំនួន ១៨ ទូទាំងរដ្ឋ ព្រមទាំងជូនដំណឹងថាយ៉ាងហោចណាស់មានមនុស្ស ២ នាក់បានស្លាប់ដោយសារព្យុះព្រិល ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុឱ្យបានជាក់លាក់ទេ ។ ជាងនេះទៅទៀតក៏មានឧប្បត្តិហេតុចរាចរណ៍កើតឡើងជាង ៦០០ ករណីនៅទូទាំងប្រទេសផងដែរ ។

ក្នុងនោះនៅរដ្ឋផេនស៊ីលវេនៀមានគ្រោះថ្នាក់ចរាចរណ៍ជាង ៦០ ករណី ដែលកើតឡើងនៅត្រង់ចំណុចតែមួយ និងមានអ្នកស្លាប់ ២ នាក់ ហើយមួយចំនួនទៀតរងរបួស ។ ទន្ទឹមនឹងនោះក៏មានករណីគ្រោះថ្នាក់ រថយន្តមួយគ្រឿងបានបាត់បង់លំនឹងបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ ហើយបុរសម្នាក់ទៀតត្រូវបានរថយន្តកើបព្រិលបុកស្លាប់ផងដែរ ។ រីឯរដ្ឋវឺជីនៀក៏មានឧប្បត្តិហេតុចរាចរណ៍បានកើតឡើងជិត ២០០ ករណីផងដែរ ក្នុងនោះមានរថយន្តប្រហែល ១២៥ គ្រឿងបានខូច និងជាប់គាំងដោយសារព្រិល ។

ទន្ទឹមនឹងនោះដោយសារព្រិលធ្លាក់ខ្លាំង បណ្តាលឱ្យដាច់ចរន្តអគ្គិសនីផងដែរ ដែលបង្កជាផលប៉ះពាល់ដល់លំនៅដ្ឋាននិងអាគារជាង ៧០.០០០ ខ្នង ក្នុងនោះមានជិត ១ ម៉ឺនខ្នងនៅរដ្ឋញូវយ៉ក រដ្ឋញូជឺស៊ី និងរដ្ឋ Connecticut ហើយជាង ១៥.០០០ ខ្នងនៅរដ្ឋវឺជីនៀ ប្រហែលជា ៥.៣០០ ខ្នងនៅរដ្ឋ Maine លើសពីនេះទៅទៀតជើងហោះហើរប្រហែល ១.៤០០ ត្រូវបានលុបចោលនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ៕