អ្នកជំនាញរកឃើញផ្ទាំងគំនូរដែលមានអាយុកាល ១២,៦០០ ឆ្នាំនៅលើជ្រលងថ្មព្រៃអាម៉ាហ្សូន

914

ក្រុមបុរាណវិទូជនជាតិកូឡុំប៊ី និងអង់គ្លេសបានរកឃើញគំនូរសត្វសម័យបុរេប្រវត្តិ ចំនួនរាប់ពាន់រូប នៅលើជ្រលងភ្នំព្រៃអាម៉ាហ្សូនប្រទេសកូឡុំប៊ី ដែលបានបង្ហាញពីមនុស្សយុគសម័យដំបូង នៅតំបន់ក្បែរនោះដែលរស់នៅជាមួយសត្វនាយុគសម័យទឹកកក ។

ប្រភពរូបភាព៖ José Iriarte

សិល្បៈបុរេប្រវត្តិនេះលេចឡើងនៅលើច្រាំងថ្មចោទចម្ងាយ ៨ ម៉ាយល៍ (១២.៨ គីឡូម៉ែត្រ) ដែលជាទីកន្លែងមនុស្សនៅសម័យនោះធ្លាប់រស់នៅ វាគឺជាភាគខាងជើងនៃអាម៉ាហ្សូន។  អ្នកបុរាណវិទ្យាសន្និដ្ឋានថារូបភាពទាំងនេះ ត្រូវបានគូសប្រហែលជា ១១.៨០០-១២.៦០០ ឆ្នាំមុន រហូតដល់ចុងបញ្ចប់នៃអាយុកាលយុគសម័យទឹកកកចុងក្រោយ ។

ប្រភពរូបភាព៖ José Iriarte

ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិកូឡុំប៊ី សាកលវិទ្យាល័យ Antioch និងសាកលវិទ្យាល័យអេសស្តាត ប្រទេសអង់គ្លេស បានរកឃើញនិងសិក្សាគំនូរទាំងនេះតាំងពីឆ្នាំ ២០១៧ មកម្លេះ ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវ ទើបតែបានចេញផ្សាយនាពេលថ្មីៗនេះ។

ប្រភពរូបភាព៖ José Iriarte

រូបភាពដែលបានរកឃើញគឺជាគំនូរពណ៌ក្រហម គូសដោយដីឥដ្ឋពណ៌ក្រហមដែលជាដីឥដ្ឋមានផ្ទុកជាតិដែក។ ហើយប្រជាជនបុរាណនៅអាមេរិកខាងត្បូង ជារឿយៗប្រើដើម្បីធ្វើសិប្បកម្មសិល្បៈនិងប្រើក្នុងពិធីសាសនាផ្សេងៗ។

ប្រភពរូបភាព៖ José Iriarte

ផ្ទាំងគំនូរទាំងនោះបានពីពណ៌នាអំពីសត្វព្រៃ ដែលផុតពូជពីបុរាណដូចជាដំរីបុរាណ “mastodon”, សត្វស្លតយក្ស “Giant Sloth”, សត្វសេះយុគសម័យទឹកកក និងសត្វផ្សេងៗទៀតដែលមានលក្ខណៈដូចជា សត្វពស់, រមាំង ឬបក្សីជាដើម ។

ប្រភពរូបភាព៖ José Iriarte

ក្នុងនោះអ្នកជំនាញក៏បានរកឃើញរូបភាពធរណីមាត្រ, រូបភាពលក្ខណៈជាមនុស្ស, រូបភាពស្នាមបាតដៃ ក៏ដូចជារូបភាពអ្នកប្រមាញ់ ។

លោកសាស្រ្តាចារ្យ Jose Irierte អ្នកបុរាណវិទ្យានៅសាកលវិទ្យាល័យអេសស្ត្រេតបានមានប្រសាសន៍ថា “គំនូរទាំងនេះបង្ហាញថា មនុស្សបរបាញ់បានរស់នៅជាមួយសត្វធំៗដែលបច្ចុប្បន្ននេះវាបានផុតពូជហើយ” ។

ប្រភពរូបភាព៖ José Iriarte

ខណៈពេលដែលបណ្ឌិត Mark Robinson អ្នកស្រាវជ្រាវម្នាក់ទៀតមកពីសាកលវិទ្យាល័យ Exeter បានរកឃើញថា ការរកឃើញនេះបង្ហាញពីរូបភាពច្បាស់ និងគួរឱ្យភ្ញាក់ផ្អើលនៃជីវិតមនុស្សយុគសម័យដំបូង ដែលរស់នៅភាគខាងលិចអាម៉ាហ្សូន ហើយកាលនោះគឺវាស្ថិតនៅក្នុងការផ្លាស់ប្តូរទៅព្រៃត្រូពិចដូចសព្វថ្ងៃនេះ ៕