អាជ្ញាធរាជធានីភ្នំពេញ ប្រកាសឧបត្ថម្ភថវិកាដល់អ្នកធ្វើចត្តាឡីស័ក តែត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាង

183

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីបើក ការដ្ឋានសាងស និង កែលម្អផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប រដ្ឋបាលរាជធានីភ្នំពេញបានចេញផ្សាយ សេចក្ដីជូនដំណឹងមួយជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា រដ្ឋបាលរាជធានី ភ្នំពេញនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង០១ គ្រួសារទទួលបានថវិកាចំនួន ២ម៉ឺនរៀលក្នុង០១ថ្ងៃ រយៈពេល១៥ថ្ងៃ សរុបចំនួន ៣០ម៉ឺនរៀល ដោយថវិកានេះរដ្ឋបាល រាជធានីភ្នំពេញនឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិ៤យ៉ាងដូចខាងក្រោម៖

  1. អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍‍«សហគមន៍ ២៨វិច្ឆិកា»។
  2. អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន។
  3. អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ និង
  4. អ្នកដែលមានជីវភាពខ្វះខាត។

សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនប្រជាពលរដ្ឋទាក់ទងតាមលេខទូរស័ព្ទ ០៧៧ ៦៣៧ ៧៧៧,០១២ ៩៩៨ ១២៧, ០១២ ៥១៣ ៧៨៤ និងលេខ ០១១ ៨៤៨ ៦៨៧។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងការណ៍សហគមន៍២៨វិច្ឆិកា សហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើដោយស្មារតីទទួលខុសត្រូវខ្ពស់៕