អព្ភូតហេតុមានពិត! បុរសជនជាតិរុស្ស៊ីកំពុងសំអាតរថយន្តសុខៗ ស្រាប់តែបេតុងមួយផ្ទាំងធ្លាក់ចុះមក រត់គេចសឹងមិនទាន់ (មានវីដេអូ)

850

វ្ល៉ាឌីវ៉ូស្តុក៖ ពិតជាអព្ភូតហេតុមែនដែលបុរសម្នាក់រស់រានមានជីវិត ខណៈពេលកំពុងសំអាតព្រិលចេញរថយន្ត ស្រាប់តែក្រឡេកមើលទៅលើមេឃ ឃើញបេតុងមួយផ្ទាំងមិនដឹងធ្លាក់មកពីខាងណា រត់គេចសឹងមិនទាន់។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងកំពង់ផែវ្ល៉ាឌីវ៉ូស្តុក ប្រទេស​រុស្ស៊ី  នៅពេលដែលបុរសម្នាក់ឈ្មោះថាអាឡិចសាន់ឌឺ អាយុ ២៧ ឆ្នាំ បានរួចផុតពីគ្រោះថ្នាក់យ៉ាងអព្ភូតហេតុ

បំផុតបន្ទាប់ពីថ្មចាក់បេតុងមួយផ្ទាំងធំ បានធ្លាក់ពីលើអាគារកម្ពស់ ៩ ជាន់ មកចំរថយន្ត Nissan X-Trail ខណៈពេលដែលគាត់កំពុងសំអាតព្រិលដែលនៅជាប់នឹងរថយន្ត ។

ហេតុការណ៍ទាំងអស់ត្រូវបានកត់ត្រាដោយកាមេរ៉ាសុវត្ថិភាពរបស់អាគារ បង្ហាញពីវិនាទីរស់រានមានជីវិតខណៈពេលដែលអាឡិច បាន ងើយមើលទៅលើមុនពេលឃើញថា ផ្ទាំងថ្មដ៏ធំមួយកំពុងធ្លាក់ចុះ ធ្វើឱ្យគាត់អាចរត់ចេញបានទាន់ពេលវេលា ។ ផ្ទាំងថ្មនោះមានទម្ងន់ប្រហែល ២ តោន និងមានទំហំ ៨ ហ្វីតគុណ ៤ ហ្វីត ជាការពិតណាស់រថយន្តរបស់គាត់ត្រូវបានបេតុងមួយផ្ទាំងនោះសង្កត់ឡើងខ្ទេចខ្ទីទាំងស្រុង។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា “អរគុណព្រះជាម្ចាស់ដែលគ្មាននរណាម្នាក់រងរបួស ផ្ទាំងថ្មនោះស្ទើរតែសង្កត់លើមនុស្សទៅហើយ” ក្រោយមកបុរសឈ្មោះអាឡិច ក៏បានបង្ហោះរូបភាពជាមួយនឹងបំណែករថយន្ត ខណៈពេលគាត់កំពុងផឹកស្រាបៀរ ដើម្បីអបអរសាទរអព្ភូតហេតុរបស់ខ្លួន ព្រមទាំងភ្ជាប់ជាមួយសារថា “សំណាងខ្លាំងណាស់ ដែលកូនស្រីរបស់ខ្ញុំមិននៅក្នុងឡាន” ។

បច្ចុប្បន្ននេះការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃការបាក់ធ្លាក់នេះ ប៉ុន្តែអាឡិចសាន់ឌឺ មិនមែនជាមនុស្សតែម្នាក់ដែលមានសំណាងអាក្រក់តែម្នាក់ឯងទេ ដែលរថយន្តរបស់គាត់ត្រូវបានខ្ទេចដូច្នេះ ព្រោះដោយសារតែនៅលើផ្លូវតែមួយនោះ នៅមានរថយន្តតូយ៉ូតាផាសសូមួយគ្រឿងទៀត (Toyota Passo) ក៏ត្រូវបានបង្គោលថ្មបេតុងមួយដើមបានធ្លាក់មកសង្កត់ខ្ទេចដែរ ។

វាអាចទៅរួចដែលថា នេះគឺជាលទ្ធផលនៃ “ព្យុះព្រិល” ដែលបានបកបោកមកលើទីក្រុងនេះកាលពីពាក់កណ្តាលអធ្រាត្រកន្លងមក ដែលវាបានបង្កជាការខូចខាតដើមឈើ ផ្លូវ ហើយលំនៅដ្ឋានរាប់ពាន់ខ្នង កំពុងប្រឈមនឹងការដាច់ចរន្តអគ្គិសនី គ្មានម៉ាស៊ីនកម្តៅប្រើផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោម៖