វីដេអូ ​Drone បង្ហាញវេលាគួរឱ្យភ័យខ្លាច ខណៈត្រីឆ្លាមក្បាលញញួរមួយក្បាល កំពុងហែលក្រោមខ្នងរបស់បុរសម្នាក់ (វីដេអូ)

445

ទីក្រុងម៉ៃអាមី៖ តាមរយៈកាមេរ៉ាពីដ្រូនរបស់លោក Jason McIntosh អាយុ ៤១ ឆ្នាំមកពីទីក្រុង Miami បានថតជាខ្សែវីដេអូដ៏គួរឱ្យរន្ធត់មួយ។ វាបានបង្ហាញពីបុរសម្នាក់ដែលមិនបានដឹងខ្លួន ខណៈពេលគាត់កំពុងបណ្តែតខ្លួនលើផ្ទៃទឹកសមុទ្ទពណ៌ខៀវនៅឯឆ្នេរមួយក្នុងទីក្រុង Miami រដ្ឋ Florida មានត្រីឆ្លាមក្បាលញញួរបានបង្ហាញខ្លួនផងដែរ។ លោក Jason បានប្រាប់សារព័ត៌មាន Jam Press ថា គាត់កំពុងបង្ហោះដ្រូនរបស់គាត់ដែលបំពាក់ទៅដោយកាមេរ៉ាសម្រាប់ថតនៅលើផ្ទៃទឹកចម្ងាយ ២៥ ម៉ែត្រពីឆ្នេរកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា។

លោក Jason ដែលមានចំណង់ចំណូលចិត្តខាងប្រមាញ់រូបភាពសត្វនៅក្នុងមហាសមុទ្រ គាត់បានឃើញត្រីឆ្លាមក្បាលញញួរនៅក្បែរច្រាំងកាលពីមុននេះបន្តិច។ ក្រោយមកគាត់ស្ទើរតែមិនជឿលើភ្នែកទាំងគូរបស់គាត់ទេ ព្រោះគាត់បានឃើញត្រីឆ្លាមក្បាលញញួរនោះកំពុងតែហែលឆ្វែលពីក្រោមបុរសម្នាក់ ដែលកំពុងតែបណ្តែតលើផ្ទៃទឹក។ គាត់គ្មានវិធីក្នុងការបញ្ជូនសម្លេងព្រមានដល់បុរសនោះទេ ខណៈបុរសនោះបានហែលផ្ងារយ៉ាងរំភើយដោយមិនបានដឹងខ្លួនអ្វីបន្តិចសោះឡើយ។

សំណាងខ្លាំងណាស់បុរសនោះមិនត្រូវបានត្រីឆ្លាមវាយប្រហារឡើយ។ នៅទីបំផុតលោក Jason ដឹងថាបុរសនោះមិនមានបញ្ហាអ្វីទេ។ លោក​ Jason បានប្រាប់ទៀតថា ត្រីឆ្លាមក្បាលញញួរវាចូលចិត្តនៅតំបន់ណាដែលមានទឹកក្តៅឧណ្ហៗ ជាពិសេសតាមតំបន់ទឹករាក់នៅក្បែរឆ្នេរ។ លោកក៏បានផ្តាំថា មហាសមុទ្រដ៏ធំធេងមិនមែនជាកម្មសិទ្ធរបស់យើងទេ ដូច្នេះយើងត្រូវមានបម្រុងប្រយ័ត្នខ្ពស់ ព្រោះយើងកំពុងតែស្ថិតនៅក្នុងអាណាចក្ររបស់ត្រីឆ្លាម។ ក្រោយពីវីដេអូរបស់លោក Jason បានបង្ហោះជាសាធារណៈ រហូតមកដល់ពេលនេះទទួលបានការចូលមើលរាប់ម៉ឺនដងតាមរយៈបណ្តាញសង្គម Instagram។

ក្រោយមក ទើបគេដឹងច្បាស់ថាបុរសនោះគឺលោក Mick Fanning ដែលជាម្ចាស់ជើងឯកហែលទឹកពិភពលោក ៣ សម័យកាល។ គាត់គឺជាបុរសមានសំណាង ដែលបានរួចផុតពីការវាយប្រហាររបស់ត្រីឆ្លាម ខណៈពេលដែលលើកនេះមិនដូចជាការប្រកួតប្រជែងកាលពីឆ្នាំ ២០១៥​ ឡើយ។ មានន័យថាគាត់បានបន្តតំណែងជាជើងឯកនៅសម័យកាលទី ៤ បាន ព្រោះលើកនេះគាត់អាចប្រកួតយកឈ្នះលើត្រីឆ្លាមបាន៕ ប្រភព៖ The Sun