បែកធ្លាយព័ត៌មានថាលោកស្រី Melania នឹងសុំលែងលះពីលោក Trump ក្រោយពេលចាញ់ឆ្នោត

125

បណ្តាញសារព័ត៌មាន Tabloid បានលាតត្រដាងថាលោកស្រី Melania កំពុង «រាប់ពេលវេលាថយក្រោយ» ត្រៀមសុំលែងលះពីប្រធានាធិបតីដូណាល់ត្រាំ ក្រោយពីលទ្ធផលនៃការបោះឆ្នោតក្រៅផ្លូវការបង្ហាញថា លោកកំពុងចាញ់ការបោះឆ្នោតប្រជាធិបតេយ្យសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នក៏កំពុងដំណើរការនៃការលែងលះ និងចរចារពីការបែងចែកទ្រព្យសម្បត្តិផងដែរ ។

មានគេហទំព័រសារព័ត៌មានជាច្រើនបានចុះផ្សាយថា ប្រធានាធិបតីដូណាល់ត្រាំ ប្រហែលជាមិនត្រឹមតែចាញ់នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងអាចប្រឈមនឹងការលែងលះផងដែរ បន្ទាប់ពីជំនួយការរបស់លោកស្រី Melania Trump ជំទាវលេខ ១ របស់សហរដ្ឋអាមេរិកបានបង្ហាញថា លោកស្រីកំពុងរង់ចាំពេលវេលាដើម្បីសុំលែងលះពីលោក Trump ហើយក៏កំពុងចរចាសុំឱ្យកូនប្រុសរបស់គាត់ “Barront Trump” មានសិទ្ធិស្មើគ្នាក្នុងការទទួលមរតក។

លោកស្រី Stephanie Volkoff ជំនួយការលោកស្រី Melania បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតី  Trump និង Melania ដែលបានរៀបការអស់រយៈពេលជាង ១៥ ឆ្នាំហើយ ព្រមទាំងបានបំបែកបន្ទប់គេងក្នុងកំឡុងពេលស្នាក់នៅនាសេតវិមានទៀតផង លោកស្រីបានបន្ថែមទៀតថាទំនាក់ទំនងរបស់ពួកគេគឺដូចជាអ្នកដទៃ ។

នៅពេលជាមួយគ្នានោះដែរលោកស្រី Omarosa Manigault Newman ជំនួយការម្នាក់ទៀតក៏បានបង្ហើបដែរថា លោកស្រី Melania នឹងស្នើរសុំលែងលះជាមួយលោក Trump ក្រោយពេលលោកលែងមានតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក ព្រោះប្រសិនបើលោកស្រីព្យាយាមសុំលែងលះគ្នាខណៈពេលលោក Trump កំពុងកាន់តំណែងប្រធានាធិបតី លោកស្រីខ្លាចក្រែងលោក Trump នឹងរកវិធីធ្វើបាបគាត់ ។

ទស្សនាវដ្តីញូវយ៉កបានរាយការណ៍ថា លោកស្រី Melania បានខូចចិត្តយ៉ាងខ្លាំងខណៈពេលដែលលោក Trump បានឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០១៦ ដោយសារលោកស្រីមិនដែលរំពឹងចង់ឱ្យលោក Trump  ក្លាយជាប្រធានាធិបតីអាមេរិកទេ ។

គួរឱ្យកត់សម្គាល់ផងដែរថាមួយរយៈនេះឃើញមានលេចឡើងនូវរូបភាពជាសាធារណៈជាច្រើន អំពីសកម្មភាពរបស់លោកស្រី Melania កំពុងព្យាយាមគ្រលៀសដៃលោក Trump ហើយក៏ព្យាយាមញញឹមទាំងបង្ខំនៅលើមុខសាធារណជន បើទោះជាលោក Trump ចង់ឱ្យលោកស្រីចូលរួមនៅក្នុងពេលវេលាដ៏ល្អរបស់គាត់ក៏ដោយ ។

កន្លងមកមានការិយាល័យសារព័ត៌មានជាច្រើន បានសម្ភាសលោកប្រធានាធិបតី Trump និងលោកស្រី Melania អំពីស្ថានភាពគ្រួសារ អ្នកទាំងពីរបាននិយាយថាទំនាក់ទំនងរបស់ពួកគេគឺល្អប្រសើរ លោក Trump បានទទូចថាគាត់និងភរិយាមិនដែលឈ្លោះប្រកែកគ្នាទេ ។

ទន្ទឹមនឹងនោះប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ផងដែរថា ភរិយាទី ២ របស់លោក Trump គឺលោកស្រី Marla Maples មិនត្រូវបានអនុញ្ញាតឱ្យបោះពុម្ពផ្សាយ ឬផ្តល់បទសម្ភាសន៍អវិជ្ជមានអំពីតំណែងប្រធានាធិបតីអាមេរិកលោក Trump ទេ ព្រោះដោយសារតែមានកិច្ចព្រមព្រៀង ដូច្នេះអាចសន្និដ្ឋានបានថាលោកស្រី Melania ក៏អាចធ្វើកិច្ចព្រមព្រៀងដូចគ្នានោះដែរ ៕

ប្រភព៖ Nation