Chris Evans ទំលាយរឿងក្នុងចិត្ត បន្ទាប់ពីបានបង្ហោះសារថាឱ្យមេដឹកនាំអាមេរិក “ខ្ញុំនឹងមានវិប្បដិសារីប្រសិនបើខ្ញុំមិនបាននិយាយ”

240

Chris Evans តារាសម្តែងអាមេរិកដ៏ល្បីល្បាញ ក្នុងនាមជាតួអង្គ Captain America នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានអាមេរិកាំង The Hollywood Reporter អំពីការបង្ហោះការរិះគន់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ចំពោះការដែលលោកមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតចុងក្រោយរបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ។

តារាសម្តែងរូបនេះបាននិយាយថា ខ្លួននឹងមានវិប្បដិសារីប្រសិនបើលោកមិនបានបញ្ចេញមតិ ដោយគ្រាន់តែខ្លាចថាវានឹងប៉ះពាល់ដល់ការងារ នៅក្នុងឧស្សាហកម្មកំសាន្តរបស់លោក ។

Chris Evans បាននិយាយថា “ ខ្ញុំមិនចង់ ធ្វើឲ្យទស្សនិកជនជាងពាក់កណ្តាលអាក់អន់ចិត្តនោះទេ”

“ប៉ុន្តែខ្ញុំពិតជាខកចិត្តណាស់ ប្រសិនបើខ្ញុំមិនបាននិយាយ ជាពិសេសប្រសិនបើខ្ញុំមិននិយាយវា ដោយសារតែខ្លាចថាវានឹងប៉ះពាល់ដល់ប្រាក់ចំណូល ឬការងាររបស់ខ្ញុំនោះទេ…ខ្ញុំគិតថាវាពិតជាគួរឲ្យស្អប់ខ្ពើមណាស់” ។

បទសម្ភាសន៍ជាមួយតារាសម្តែងអាមេរិករូបនេះ បានកើតឡើងបន្ទាប់ពីលោក Trump បានប្រកាសនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ថាលោកបានឈ្នះការបោះឆ្នោតដោយទទួលបានសំឡេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

មួយសន្ទុះក្រោយមក Chris Evans ចែករំលែក (Re-Twitt) ហើយបានសរសេរចំណងជើងថា “អត់ទេអ្នកចាញ់ហើយ”

លោក Trump បានចាញ់ឆ្នោតប្រធានាធិបតីអាមេរិក ឱ្យទៅលោក Joe Biden បន្ទាប់ពីរដ្ឋផេនស៊ីលវេនៀ បានប្រកាសថាលោក Biden បានឈ្នះការបោះឆ្នោតនៅពីថ្ងៃទី ៧ ខែវិច្ឆិកា ជាលទ្ធផលលោក Biden ទទួលបានសម្លេងគាំទ្រច្រើនជាង ២៧០ នេះបើយោងតាមលក្ខខណ្ឌវិនិច្ឆ័យដែលបានកំណត់ ៕