ឥណ្ឌូណេស៊ីជម្លៀសប្រជាជនរាប់រយនាក់ចេញពីតំបន់ភ្នំភ្លើងមេរ៉ាពី ដែលអាចនឹងផ្ទុះឡើង

177

សារព័ត៌មាន Bloomberg រាយការណ៍ថា អាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាឱ្យជម្លៀសប្រជាជនរាប់រយនាក់ដែលរស់នៅក្បែរភ្នំមេរ៉ាពី (Merapi Mount) ដែលជាភ្នំភ្លើងកំពុងតែសកម្មបំផុតនៅក្នុងប្រទេសនេះ បន្ទាប់ពីបង្កើនកម្រិតប្រកាសអាសន្នកាលពីដើមសប្តាហ៍ ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្សជាង ៦០០ នាក់ ដែលមានហានិភ័យដូចជា មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារ ក៏ដូចជាជនពិការ ត្រូវបានជម្លៀសចេញនៅថ្ងៃនេះ (៧ វិច្ឆិកា) ។

ដំណើរការជម្លៀសត្រូវបានអនុវត្តស្របតាមបទបញ្ជាសុខភាព នៅក្នុងហេតុការណ៍នោះមនុស្សទាំងអស់ត្រូវតែពាក់ម៉ាស និងរក្សារយៈចម្ងាយសុវត្ថិភាព ។

លើសពីនេះទៀតប្រជាជនដែលបានជម្លៀសទាំងអស់ ត្រូវតែធ្វើតេស្ត៍ពិនិត្យរកមេរោគកូវីដ-១៩ យ៉ាងឆាប់រហ័ស ហើយនិងកត់ត្រាស្ថានភាពសុខភាពរបស់ពួកគេ មុនពេលចូលទៅក្នុងទីជម្រកសុវត្ថិភាព ។

ទីភ្នាក់ងារគ្រោះមហន្តរាយភូគព្ភសាស្ត្រប្រទេសឥណ្ឌូណេស៊ី បានបង្កើនការក្រើនរំឮកស្តីអំពីការផ្ទុះភ្នំភ្លើងនេះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងលំដាប់ទី ២ ដែលជាកម្រិតខ្ពស់ ព្រោះដោយសារតែហេតុការណ៍ផ្ទុះភ្នំភ្លើងមានការកើនឡើង ហើយក៏បានដាស់តឿនពីគ្រោះថ្នាក់ដែលអាចកើតមានដូចជា កំអែលភ្នំភ្លើង និងពពកឧស្ម័នក្តៅ ដែលវាអាចធ្វើដំណើរបានចម្ងាយ ៥ គីឡូម៉ែត្រ ក្នុងករណីមានការផ្ទុះភ្នំភ្លើងកើតឡើង ។

គួរបញ្ជាក់ផងដែរថាភ្នំភ្លើងមេរ៉ាពី (Merapi Mount) គឺនៅតែពុះក្តៅគគុក និងផ្ទុះឡើងជាប្រចាំចាប់តាំងពីឆ្នាំ ១៩៧៤ ។ ការផ្ទុះដ៏ធំចុងក្រោយបានកើតឡើងក្នុងឆ្នាំ ២០១០ ដោយបានសម្លាប់មនុស្សជាង ៣០០ នាក់ ។

ប្រទេសឥណ្ឌូណេស៊ីដែលជាប្រជុំកោះធំ និងមានប្រជាជនចំនួន ២៧០ លាននាក់ ប្រទេសនេះងាយនឹងមានគ្រោះរញ្ជួយដី និងការផ្ទុះភ្នំភ្លើង ព្រោះដោយសារតែប្រទេសនេះមានទីតាំងស្ថិតនៅតាមបណ្តោយរង្វង់ភ្លើង (Ring Of Fire) នៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ៕