រកឃើញឈើដ៏ធំមួយដើមកប់នៅក្នុងដីច្រើនពាន់ឆ្នាំ ក្លាយជាថ្ម ហើយវិវត្តន៍ទៅជាដែក នៅខេត្តស្ទឹងត្រែង

1026

ខេត្តស្ទឹងត្រែង៖ ឈើដ៏ធំមួយដើមដែលកប់នៅក្នុងដីមានអាយុកាលជាច្រើនពាន់ឆ្នាំបានក្លាយទៅជាថ្ម និងវិវត្តន៍ទៅជាដែក ត្រូវបានប្រជាពលរដ្ឋជនជាតិព្រៅនៅភូមិកាតូត ស្រុកសេសាន ខេត្តស្ទឹងត្រែង អភិរក្សទុកជាសម្បត្តិវប្បធម៌សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ បែបសាសនា ។

លោក ទាង ប៊ុនណាត តំណាង ជនជាតិនៅភូមិកាតូត បានរៀបរាប់ប្រាប់ថា តាមការពិនិត្យមើលជាក់ស្តែង ឈើក្លាយជាថ្មនេះ ជាសម្បត្តិធនធានក្នុងដី ហើយមានតម្លៃទៅលើវិស័យទេសចរណ៍ប្រសិនបើអាជ្ញាធរ យកមករក្សានៅនឹងកន្លែងដើមវិញ ។

លោកអះអាងថា ទីទួលដែលទើបរកឃើញថ្មឈើនេះ អាជ្ញាធរភូមិមានគម្រោងរៀបចំបង្កើតជាវត្តគីរីរាមកាតូត ដើម្បីការពារសម្បត្តិធម្មជាតិផង តែប្រជាពលរដ្ឋខ្វះធនធានមិនអាចធ្វើទៅបាន។ លោក វា ធុន ប្រជាពលរដ្ឋនៅភូមិកាតូត បានបញ្ជាក់ថា៖ សម្បត្តិ ធម្មជាតិនេះ មានអាយុកាលរាប់ពាន់ ឆ្នាំដែលកប់នៅក្រោមដី ដោយសារការជីកកកាយទីទួលយកដីមកធ្វើផ្លូវ មានជម្រៅពី ៤ ទៅ ៥ម៉ែត្រទើបប្រទះឃើញ ។

លោកបន្ថែមថា៖ ប្រជាពលរដ្ឋក៏សំណូមពរឱ្យបងប្អូនដែលនាំយកឈើថ្មនោះទៅ សូមយកមករក្សាទុកនៅទីតាំងដើមវិញ ព្រោះជាធនធានមួយដែលយើងយកទៅទុកនៅផ្ទះ មិនបានសេចក្តីសុខសប្បាយទេ ព្រោះវាជាសម្បត្តិមានបារមីកាន់បើយកទៅទុកផ្តេសផ្តាសវាខុសទៅនឹងប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើងទៀត។

កាលពីថ្ងៃទី០៥ ខែវិច្ឆិកា លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានចាត់ទុកការនាំយកដើមគគីរថ្មទៅរក្សាទុកនេះ ជាប្រការល្អ ព្រោះបងប្អូនមានគំនិតចេះស្រឡាញ់សម្បត្តិធម្មជាតិ តែសុំឱ្យយកមកវិញ ដើម្បីឱ្យអាជ្ញាធរយកមករក្សាទុកនៅកន្លែងដើម ដើម្បីរៀបចំជាទីអារាមមួយនៅភូមិកាតូតនេះ និងយកទៅដាក់តុបតែង នៅលើទីលានសាធារណៈសម្រាប់បំរើឱ្យវិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា ឈើថ្មនេះមានទំហំមុខកាត់ជិតពីរម៉ែត្រ ប្រវែងជិត២០ម៉ែត្រ ស្ថិតនៅលើទីទួលចំណុចផ្លូវចូលទៅភូមិកាតូត មានចម្ងាយពីផ្លូវជាតិលេខ៧ ប្រមាណជាង ៣គីឡូម៉ែត្រ ហើយឈើថ្មនេះមានស្ថានភាពបាក់ជាកង់ៗ ពីការកាប់កាយយកដីទៅធ្វើផ្លូវកាលពីឆ្នាំ២០១៦កន្លងមក៕ ប្រភព៖ ក្រសួងព័ត៌មាន