សត្វខ្លាធំខ្មៅដ៏កម្រត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា សល់តិចជាង ១០ក្បាល នៅលើពិភពលោក

412

ឥណ្ឌា៖ ថ្ងៃទី ៥ ខែវិច្ឆិកា Daily Mail បានរាយការណ៍ពីការប្រទះឃើញសត្វខ្លាដ៏កម្រដែលមានឡាយពណ៌ខ្មៅ ដែលត្រូវបានគេស្គាល់ថា Silan Tiger បានប្រទះឃើញក្នុងរដ្ឋអូរីសា ប្រទេសឥណ្ឌា អ្នកជំនាញបានប៉ាន់ស្មានថាមាននៅសល់តែ ៧-៨ ក្បាលប៉ុណ្ណោះលើពិភពលោក។

សត្វខ្លានេះត្រូវបានរកឃើញនិងថតរូបដោយលោក Soumen Bajpayee ក្នុងព្រៃនៃរដ្ឋអូរីសា ភាគខាងកើតនៃប្រទេសឥណ្ឌា អ្នកភូមិបានហៅពួកវាថា Melanistic Tiger ដោយសារតែភាពមិនប្រក្រតីនៃស្បែកបានធ្វើឱ្យពណ៌ខ្មៅនៅលើខ្លួនវាក្រាស់រហូតគ្របលើពណ៌ទឹកក្រូច។

របាយការណ៍ពី Tiger Sensus Reports បានបញ្ជាក់ថាសត្វខ្លាប្រភេទនេះរកពិបាកខ្លាំងណាស់ ហើយមានចំនួនថយចុះជាបន្តបន្ទាប់ ទោះបីជាប្រទេសឥណ្ឌាជាកន្លែងដែលមានសត្វខ្លាចំនួន ៧០ ភាគរយនៃសត្វខ្លារបស់ពិភពលោកក៏ដោយ។ ការប្រទះឃើញរបស់ជនជាតិឥណ្ឌាលើកដំបូងនោះបានកើតឡើងក្នុងឆ្នាំ ២០០៧ ក្រោយមកអភិបាលរដ្ឋអូរីសាកំណត់តំបន់អភិរក្សជម្រកសត្វខ្លា ទោះបីជាវាត្រូវបានរកឃើញដោយអ្នកអភិរក្សបរទេសកាលពីឆ្នាំ ១៩៩០ ក៏ដោយ។

លោកបណ្ឌិត Bivash Pandav អ្នកជំនាញផ្នែកអភិរក្សសត្វព្រៃនៅប្រទេសឥណ្ឌាបាននិយាយថា សត្វខ្លាប្រភេទនេះនៅសល់តែ ៧ ទៅ ៨ ក្បាលប៉ុណ្ណោះ។ ចំណែកឯភាពខុសប្រក្រតីនៃពណ៌របស់រោមអាចមកពីភាពខុសពីធម្មតានៃការបន្តពូជតែពីកំណើត ទាំងដែលមានទហំខ្លួនតូចជាខ្លាធម្មតាទូទៅ ហើយដោយវាមានភាពខុសប្លែកពីគេទើបជាគោលដៅនៃអ្នកប្រមាញ់សត្វព្រៃដ៏កម្រ៕