ប្រាសាទគុហា DunHuang សិល្បៈពុទ្ធសាសនាដ៏អស្ចារ្យនៅកណ្តាលវាលខ្សាច់ប្រទេសចិន

303

ប្រសាទគុហា Dun huang ដែលជាទីក្រុង oasis នៅកណ្តាលវាលខ្សាច់ហ្គូប៊ី ស្ថិតនៅភាគពាយព្យនៃខេត្តកានស៊ូ សាធារណរដ្ឋប្រជាមានិតចិន។ បើទោះបីវាជាទីក្រុងតូចក៏ដោយ ប៉ុន្តែទីក្រុងនេះបានដើរតួយ៉ាងសំខាន់ ជាប្រភពសិល្បៈសាសនាធំជាងគេនៅប្រទេសចិន ហើយស្ថិតនៅក្នុងលក្ខខណ្ឌមួយដែលមានស្ថេរភាពបំផុតនៅក្នុងពិភពលោក ។

ក្នុងអំឡុងសតវត្សទី ៥ គុហា Dun huang គឺជាមជ្ឈមណ្ឌលសំខាន់មួយនៅលើវិថី Slik Road ដែលជាច្រកឆ្លងកាត់ និងជាកន្លែងស្នាក់អាស្រ័យរបស់អ្នកជំនួញ។ ហើយ Silk Road គឺជាផ្លូវនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនាពីឥណ្ឌាទៅកាន់ប្រទេសចិន ដូច្នេះ Dun Huang បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនជាច្រើន ជាពិសេសប្រទេសចិន ឥណ្ឌា ក្រិក និងអារ៉ាប់ ដែលបានបង្កប់ខ្លួននិងជួយសាងសង់ប្រាសាទនៅក្នុងល្អាងភ្នំមួយ ដើម្បីទុកជាកន្លែងគោរពបូជាព្រះសម្មាសម្ពុទ្ធ តាមរយៈការលេចចេញនូវភ័ស្តុតាងបុរាណវិទ្យាដ៏មានតម្លៃនៅក្នុងស្ថានភាពល្អឥតខ្ចោះនៅក្នុងល្អាងនោះ ។

គុហាក្នុងល្អាងភ្នំ Mogao Caves of Dunhuang គឺជាសំណង់ដ៏អស្ចារ្យមួយនៅលើច្រាំងថ្មចោទភ្នំមីងសា នៅចំកណ្តាលវាលខ្សាច់ហ្គូប៊ី ដែលនៅឆ្ងាយពីគុហា Dun Huang ភាគអាគ្នេយ៍ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ ។ ជ្រលងថ្មត្រូវបានខួងធ្វើជារូងភ្នំចំនួនសរុបគឺ ៤៩២ រូង ហើយនៅផ្នែកខាងក្នុងមានរូបចម្លាក់ព្រះពុទ្ធសាសនា និងផ្ទាំងគំនូរប្រវត្ដិពុទ្ធសាសនាជាច្រើនកាលពីអតីតកាល
ហើយភាគច្រើននៃរូងភ្នំត្រូវបានប្រើជាកន្លែងសម្រាប់ពិធីសាសនា និងនយោបាយ ។

ល្អាងទាំង ៤៩២ នេះគឺជាល្អាងភ្នំដែលធំជាងគេនិងអាយុកាលចំណាស់បំផុត ត្រូវបានគេស្គាល់ថាជា “ល្អាងព្រះពុទ្ធរាប់ពាន់អង្គ” ជ្រលងថ្មត្រូវបានឆ្លាក់នៅអឌ្ឍគោលខាងកើតនៃជញ្ជាំងភ្នំមានប្រវែងសរុប ១,៦០០ ម៉ែត្រ គ្រប់ជ្រុងនៃជញ្ជាំងល្អាងនេះគឺពោពេញទៅដោយគំនូរនិងរូបចម្លាក់សាសនា ហើយរូបគំនូរគឺបានគ្របដណ្តប់លើផ្ទៃជញ្ជាំងជាង ៤៥.០០០ ម៉ែត្រការ៉េ អ្នកបុរាណវិទ្យាលោកខាងលិចបានហៅជញ្ជាំងនេះថាជា “បណ្ណាល័យនៅលើជញ្ជាំង” ។

សំណង់នៅខាងក្នុងវត្ត Mogao ធ្វើពីឈើក្នុងសម័យរាជវង្សថាំង និងរាជវង្សសុងមានចំនួន ៥ ខ្នង មានគម្ពីរនិងសៀវភៅផ្សេងៗជាង ៥ ម៉ឺនក្បាល និងរូបចម្លាក់បដិមាករជិត ២៥០០ អង្គ ។ ការសាងសង់បានចាប់ផ្តើមនៅចន្លោះសតវត្សរ៍ទី ៤ រហូតដល់សតវត្សរ៍ទី ១៤ ស្ថិតនៅក្នុងរាជវង្សឈិន រហូតដល់រាជវង្សយាន មានចំនួនសរុបគឺ ១០ នៃរាជវង្ស ហើយយុគសម័យមាសគឺនៅពាក់កណ្ដាលនៃរាជវង្សថាង។

អ្នកស្រុក Dunhuang បាននិយាយថាអាចារ្យពុទ្ធសាសនាចិន Lezun បានផ្តួចផ្តើមការសាងសង់រូងភ្នំនៅគ្រឹស្ករាជឆ្នាំ ៣៦៦ ហើយមានគម្រោងសាងសង់បដិមាព្រះពុទ្ធចំនួន ១០០០ អង្គដោយប្រើវិធីនៃការរៃអង្គាសប្រាក់សម្រាប់ការសាងសង់ ចេញពីកុសលរបស់ឈ្មួញដែលធ្វើដំណើរឆ្លងកាត់ Silk Road ។ តាមរយៈកំណត់ត្រាក្នុងរាជវង្សថាងក៏បានបង្ហាញថា សិល្បៈភាគច្រើននៅរូងភ្នំ Mogao ត្រូវបានបង្កើតឡើងក្នុងរជ្ជកាលរាជវង្សសួយនិងរាជវង្សថាង ហើយរូបគំនូរភាគច្រើននៃរាជវង្សថាង គឺជារូបទេវតាអណ្តែតលើអាកាស ត្រូវបានគេចាត់ទុកថាមានតែមួយគត់នៅក្នុងសិល្បៈរបស់គុហា Dun huang នេះ គំនូរនៅក្នុងរូងភ្នំគឺតំណាងឱ្យអំពើល្អ អំពើអាក្រក់ និងសុភមង្គលនៅស្ថានសួគ៌ ប្រៀបដូចជាមេឃនិងផែនដីគឺជាសកលតែមួយ។

ប៉ម ៩ ជាន់ត្រូវបានសាងសង់នៅមុខរូងក្នុងគ្រឹស្ករាជឆ្នាំ ៦៩៥ នៃរជ្ជកាលអធិរាជ Diu Zetian នៃរាជវង្សថាង។ ប្រាសាទនេះត្រូវបានប្រើដើម្បីការពាររូបសំណាកព្រះពុទ្ធដ៏ធំ ដែលត្រូវបានតម្កល់នៅខាងក្នុង។ ដំបូងឡើយប៉មនោះគឺជាអាគារ ៤ ជាន់ ប៉ុន្តែដោយសារតែអាកាសធាតុស្ងួតនៅវាលខ្សាច់ ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិ ការរញ្ជួយដី បណ្តាលឱ្យអាគារនោះត្រូវបានដួលរលំ ហើយវាត្រូវបានសាងសង់ឡើងវិញជាច្រើនដងរហូតក្លាយជាប៉ម ៩ ជាន់ដែលបានឃើញសព្វថ្ងៃនេះ។ ចំណែកឯចំណុចកំពូលរបស់ប៉បនេះ បានកសាងនៅចន្លោះឆ្នាំ ១៩២៨-១៩៣៥ វាជាវត្ថុបុរាណមួយដែលបានរក្សាសភាពដើមទាំងស្រុង។

ស្ថាបត្យកម្មនៅភ្នំ Mogao ភាគច្រើនបានកត់ត្រាថា គឺរូងភ្នំដំបូងត្រូវបានសាងសង់ឡើងដោយមានសសរនៅទ្រកណ្តាលល្អាង វាគឺជាសសររាងការ៉េដូចរូបចេតិយ ដែលកំពុងទ្រទ្រង់នៅចំកណ្តាលល្អាង សាងសង់ឡើងដើម្បីធ្វើជាអាសនៈបូជាព្រះពុទ្ធរូប ។ ក្រោយមកនៅក្នុងយុគសម័យកណ្តាលល្អាងមានទំហំធំជាងមុន  ដោយសារពួកគេបានផ្លាស់ប្តូរពីសសរទ្រទ្រង់ទៅជាសសរដំបូលពីរ៉ាមីត មានទីសក្ការៈធំមួយនៅជាប់នឹងជញ្ជាំងល្អាងដើម្បីដាក់រូបសំណាកព្រះពុទ្ធរូប នៅក្រោមដំបូលពិដានដែលត្រូវបានរចនាឡើងជាមួយគំនូរពណ៌ភ្លឺស្រស់ៗ មានជម្រៅប្រហែល ២០-៣០ ម៉ែត្រ ដែលគេស្គាល់ថាជារូងភ្នំដែលត្រូវបានប្រើជាបន្ទប់ផ្ទុកវត្ថុបុរាណ និងរូបចម្លាក់ជាច្រើន ។

រូបចម្លាក់គឺជាធាតុសំខាន់នៃគុហាទាំងអស់ភាគច្រើនជារូបព្រះពុទ្ធ និងព្រះពោធិសត្វអាវាឡិកស្វារៈ ជាមួយរចនាប័ទ្មព្រះពុទ្ធសាសនាផ្សេងៗគ្នា ហើយភាពស្រស់ស្អាតគឺយោងទៅតាមយុគសម័យនៃការសាងសង់  ដែលបានកន្លងផុតទៅរាប់ពាន់ឆ្នាំ ។

រូបភាពព្រះពុទ្ធនៅក្នុងរាជវង្សសួយនិងរាជវង្សថាំងគឺមានទំហំធំៗចំនួន ៧-៩ អង្គនៅក្នុងរូងតែមួយ និងមានរូបសំណាក់ព្រះពុទ្ធចូលបរិនិព្វានទំហំ ១៦ ម៉ែត្រដែលស្ថិតនៅក្នុងរូងភ្នំលេខ ១៤៨-១៥៨  និងរូបសំណាក់ព្រះពុទ្ធមានទំហំ ៣៤.៥ ម៉ែត្រនៅក្នុងល្អាងលេខ ៩៦ ទល់មុខប៉ម ៩ ជាន់។ ផ្ទាំងគំនូរនៅជញ្ជាំងល្អាងភាគច្រើនគឺបានពិពណ៌នាអំពីប្រវត្តិរបស់ព្រះពុទ្ធ ជញ្ជាំងល្អាងគឺជាប្រភេទថ្មខ្សាច់ងាយនឹងខូចខាត ដូច្នេះទើបពួកគេចាំបាច់ត្រូវប្រើដីឥដ្ឋដើម្បីឆ្លាក់រូបចម្លាក់ផ្សេងៗ វាជាបច្ចេកទេសពិសេសរបស់ប្រជាជនចិនមុនសម័យរាជវង្សថាង ដែលកម្រនឹងបានឃើញនៅក្នុងតំបន់ផ្សេងៗណាស់ ត្រូវបានគេចាត់ទុកថាជាស្នាដៃដ៏វិសេសវិសាលមានតម្លៃពិបាករក។

ឆ្នាំ ១៩០០ រូងភ្នំនេះត្រូវបានរកឃើញដោយចាស់ព្រឹទ្ធាចារ្យមួយរូប វាជាកន្លែងលាក់កំបាំងនៃគម្ពីរសាសនា បណ្ណសារ កំណត់ត្រាប្រវត្តិសាស្ត្រ អត្ថបទ និងសៀវភៅសាសនាប្រពៃណីសង្គម និងនយោបាយ ក៏ដូចជាគំនូរនិងវត្ថុបុរាណ។ ការរកឃើញនេះបានធ្វើឱ្យ Dun huang បានក្លាយជាកំណប់ទ្រព្យនៃវប្បធម៌ចិនបុរាណ និងជាប្រភពនៃការធ្វើធម្មយាត្រាផងដែរ ប៉ុន្តែទន្ទឹមនឹងនោះក៏មានអ្នកដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន បានលួចយកទ្រព្យសម្បត្តិដ៏មានតម្លៃជាច្រើនហើយរត់ពន្ធចេញទៅក្រៅប្រទេស មានដូចជាគម្ពីរសាសនា និងរូបចម្លាក់បដិមារជាច្រើនត្រូវបានរកឃើញនៅក្នុងសារមន្ទីរនាប្រទេសអង់គ្លេស បារាំង រុស្ស៊ី សហរដ្ឋអាមេរិក អេរីកា អាឡឺម៉ង់ ស៊ុយអែត ឥណ្ឌា និងបណ្តាប្រទេសដទៃទៀតនៅជុំវិញពិភពលោក ។

រហូតមកដល់សតវត្សរ៍ទី ១៩ រដ្ឋាភិបាលចិនក្នុងសម័យលោកសាស្ត្រាចារ្យ Sun Yat Sen បានចាប់ផ្តើមរារាំងការលួចបេតិកភណ្ឌជាតិ ហើយលោកបានចូលខ្លួនទៅថែរក្សាផ្ទាល់យ៉ាងយកចិត្តទុកដាក់ខ្ពស់ ទន្ទឹមនឹងការជួសជុលរូងភ្នំជាបន្តបន្ទាប់ ព្រមទាំងជួយអាជ្ញាធរដែលស្វែងរករូងភ្នំជាច្រើនទៀតនៅខាងជើងប៉ម ៩ ជាន់ ដែលក្នុងនោះពួកគេក៏បានរកឃើញរូងភ្នំចំនួន ២៤៨ ហើយនៅផ្នែកខាងក្នុងគឺមានរូបគំនូរនៅនឹងជញ្ជាំង និងរូបចម្លាក់ផ្សេងៗទៀតបានកសាងឡើងក្នុងរជ្ជកាលរាជវង្សថាំង ដល់រាជវង្សឈីង។

ប្រាសាទគុហា Dun Huang ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់យូណេស្កូក្នុងឆ្នាំ ១៩៨៧ និងត្រូវបានចាត់ទុកថាជាកន្លែងសិល្បៈព្រះពុទ្ធសាសនាដ៏ធំបំផុតរបស់ប្រទេសចិនរហូតមកដល់បច្ចុប្បន្ន ៕