WHO៖ អឺរ៉ុបគួររៀនសូត្រពីទ្វីបអាស៊ីដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩

200

លោក Michael Ryan នាយកគម្រោងបន្ទាន់ផ្នែកសុខភាពសាធារណៈ របស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍កាលពីម្សិលមិញថា៖ នៅទ្វីបអឺរ៉ុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កាលពីថ្មីៗនេះបានឡើងដល់កំរិតខ្ពស់គួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយ ។ លោកបានបន្ថែមទៀតថា លោកមានបំណងចង់ផ្លាស់ប្តូរស្ថានភាព នាពេលបច្ចុប្បន្ននេះខ្លាំងណាស់ ហើយគាត់សង្ឃឹមថាទ្វីបអឺរ៉ុបអាចធ្វើការឃុំខ្លួនក្រុមមនុស្សដែលមានហានិភ័យឱ្យនៅដាច់ដោយឡែក ដើម្បីជៀសវាងការចម្លងជំងឺនេះទៅកាន់មូលដ្ឋានផ្សេងៗទៀត ។

លោកបានលើកឧទាហរណ៍ពីបណ្តាប្រទេសនៅទ្វីបអាស៊ីជាច្រើនដូចជា ចិន កូរ៉េខាងត្បូងនិងជប៉ុន ដែលពួកគេអាចគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះយ៉ាងមានប្រសិទ្ធភាព។ ពួកគេបានអនុវត្តវិធានការណ៍បង្ការ និងត្រួតពិនិត្យបានយូរជាងបណ្តាប្រទេសនៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ដោយសារពួកគេ (អាស៊ី) មានការជឿជាក់ខ្ពស់ទៅលើរដ្ឋាភិបាល និងមានឆន្ទៈក្នុងការអនុវត្តតាមវិធានការណ៍របស់រដ្ឋាភិបាល ហើយលោកក៏មានបំណងចង់ឱ្យទ្វីបអឺរ៉ុប និងអាមេរិកខាងជើងចាប់យកបទពិសោធន៍នេះប្រជាជាតិអាស៊ី ។

គាត់ក៏បានធ្វើការកោតសរសើរផងដែរ បើទោះបីជាការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅអាស៊ីបានថយចុះក៏ដោយ ប៉ុន្តែតាមបណ្តាប្រទេសទាំងនេះ ក៏មិនបានបញ្ឈប់ការការពារ និងការបង្កើនសមត្ថភាពត្រួតពិនិត្យរបស់ពួកគេទេ។ ពួកគេបានត្រៀមខ្លួនតាមដាន និងស្វែងរកបុគ្គលដែលមានហានិភ័យក្នុងការចម្លងជំងឺ និងញែកពួកគេឱ្យនៅដាច់ដោយឡែកពីគ្នា ។ លោកបានប្រៀបធៀបថាទោះបីជាប្រទេសទាំងនេះ បានរត់ទៅដល់ខ្សែជ័យហើយក៏ដោយ ប៉ុន្តែពួកគេនៅតែបន្តដំណើរឥតឈប់ឈរ ពីព្រោះពួកគេដឹងថាការប្រកួតប្រជែងនេះនៅមិនទាន់បញ្ចប់ទេ ខណៈពេលដែលនៅមានប្រទេសផ្សេងៗ បានរីករាយនឹងភាពជោគជ័យ លុះបានដល់ទីហើយ បែរជាប្រលែងការប្រកួតនេះចោលទៅវិញ ។

ប្រទេសបែលហ្ស៊ិកគឺជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ដែលកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺនេះយ៉ាងខ្លាំង រហូតដល់ថ្នាក់លោក Frank van den Brook រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានសារភាពថា ចំនួនករណីនៃការឆ្លងថ្មីៗនេះ គឺកើនឡើងខ្ពស់ដូចជា “រលកយក្សស៊ូណាមិ” អញ្ចឹង ហើយរដ្ឋាភិបាលមិនអាចគ្រប់គ្រងបានទេ ។

ថ្មីៗនេះប្រទេសបែលហ្ស៊ិកមានការឆ្លងថ្មី ចំនួន ៨,២២៧ ករណី ដែលនាំឱ្យមានការកើនឡើងសរុបរហូតដល់ ២៣០.៤៨០ ករណី ហើយអ្នកជំងឺដែលបានស្លាប់ចុងក្រោយចំនួន ៣០ នាក់ ធ្វើឱ្យចំនួនសរុបនៃការស្លាប់កើនដល់ ១០.៤៤៣ នាក់ ។ ហើយសព្វថ្ងៃនេះរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តការបិទហាងស្រា បារ និងភោជនីយដ្ឋានទាំងអស់ក្នុងរយៈពេល ៤ សប្តាហ៍ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ ៕