សូមប្រុងប្រយ័ត្ន! ទឹកហូរធ្លាក់ពីថៃ ជន់លិច ថ្មពួក ប៉ោយប៉ែត និងអូរជ្រៅហើយ

284

នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ទឹកចាប់ផ្តើមជន់លិចនៅផ្នែកខ្លះក្នុងស្រុកថ្មពួក អូរជ្រៅ និងក្រុងប៉ោយប៉ែតហើយ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី បានប្រាប់ឲ្យដឹងពេលកំពុងដឹកនាំកម្លាំងចុះជម្លៀសប្រជាពលរដ្ឋទាំងយប់ថា ទឹកដែលជន់លិចនៅផ្នែកខ្លះក្នុងក្រុងប៉ោយប៉ែត និងអូរជ្រៅនេះ គឺជាបរិមាណទឹកភ្លៀងនៅក្នុងប្រទេសផង និងទឹកខ្លះហូរធ្លាក់មកពីខាងប្រទេសថៃ។ លោកបន្ថែមទៀតថា ទឹកដែលហូរមកពីប្រទេសថៃនេះ មិនមែនជាការបើកទំនប់នោះទេ គឺជាទឹកបរិមាណទឹកភ្លៀងដែលហូរហៀរធ្លាក់មក។ ដោយឡែកទំនប់នៅក្នុងខេត្តស្រះកែវ ដែលថៃធ្លាប់ជូនដំណឹងថាបើកនោះមិនទាន់បើកនៅឡើយទេ។ ពេលនេះប្រជាពលរដ្ឋនៅប៉ោយប៉ែតប្រមាណ ៥០គ្រួសារហើយ ត្រូវបានជម្លៀសពីលំនៅឋាន។ ទន្ទឹមនឹងប្រជាពលរដ្ឋប្រឈមការលិចលង់ដទៃទៀតក៏ត្រូវបានជូនដំណឹងឱ្យត្រៀមលក្ខណៈក្នុងការជម្លៀស ខណៈកងកម្លាំងត្រូវបានណែនាំត្រៀមលក្ខណៈជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលកំពុងឈរជើងនៅខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ឱ្យដឹងដែរថា ទឹកធ្លាក់មកពីថៃបានហូរវាយលុកឃុំចំនួនពីរក្នុងស្រុកថ្មពួកខ្លាំងណាស់ផងដែរ។

ពេលនេះលោកបានបញ្ជា កងពលតូចថ្មើរជើងលេខ៥១ យោធាខេត្ត នគរបាល និងកងពលពិសេស៩១១ ទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ អមដោយទូកដែលជាអំណោយរបស់សម្តេចតេជោ។ ក្នុងនោះកងកម្លាំងខ្លះ បានជួយជញ្ជូនទ្រព្យសម្បត្តិប្រជាពលរដ្ឋដាក់ទីទួលមានសុវត្ថិភាព និងអ្នកខ្លះជម្លៀសពីផ្ទះទីទួល៕ ប្រភព៖ freshnews