តារាស្រីថៃ Maria និងមិត្តប្រុសនិយាយថា៖ នេះមិនមែនជាប្រទេសដែលយើងចង់បាននោះទេ

473

ថៃ៖ តារាស្រី Maria Poonlertlarp និងមិត្តប្រុសដែលជាសកម្មជន លោក Singha Wannasingh បានចេញមកផ្សាយផ្ទាល់ (live) ភ្លាមៗបន្ទាប់ពីការប៉ះទង្គិចគ្នារវាងមន្ត្រីប៉ូលីស និងក្រុមអ្នកតវ៉ានៅផ្លូវប្រសព្វ Pathumwan ។

ដោយលោក Singha Wannasingh បាននិយាយថា លោកកំពុងស្ថិតក្នុងអារម្មណ៍សោកសៅ និងខឹងដូចជាក្រុមអ្នកតវ៉ាគ្រប់គ្នាដែរ “យើងចង់ថ្កោលទោសលើការប្រើអំពើហឹង្សាគ្រប់រូបភាពនៅក្នុងថ្ងៃនេះ ពួកគេគ្មានហេតុផលអ្វីដែលអាចធ្វើរឿងបែបនេះ ទៅលើយុវជន និងក្រុមអ្នកតវ៉ាដែលប្រមូលផ្តុំគ្នាដោយសន្តិវិធីទេ ខ្ញុំសូមប្រឆាំងដាច់ខាតចំពោះសកម្មភាពប្រភេទនេះ ។

ចំណែកតារាស្រី Maria បានបង្ហាញពីអារម្មណ៍ពិតថា នាងទទួលយកមិនបានទេចំពោះហេតុការណ៍ដែលបានកើតឡើង និងបានកើតឡើងម្តងហើយម្តងទៀត ។ “ពួកយើង (Maria) មានអារម្មណ៍ថាតើយើងអាចធ្វើអ្វីបានខ្លះ ហើយនឹងអ្វីដែលពួកយើងអាចជួយបាន ពួកយើងដឹងថាអ្នករាល់គ្នាយល់ពីអ្វីដែលកើតឡើង ចំពោះយុត្តិធម៌នៅក្នុងប្រទេសថៃ។ យុវជនតំណាងឱ្យលទ្ធិប្រជាធិបតេយ្យ ហើយវាគឺជារឿងត្រឹមត្រូវ ចូរកុំប្រើអំពើហឹង្សាលើកុមារ នារី និងយុវជន ។ ប៉ូលីសបានប្រើទឹក និងឧស្ម័នដែលមានសម្ពាធខ្ពស់បាញ់ទៅលើក្រុមអ្នកតវ៉ាដែលគ្មានអាវុធ ប៉ុន្តែពួកគេ (ក្រុមអ្នកតវ៉ា) បែរជាបានទទួលការឈឺចាប់ និងការចាប់ខ្លួនដោយអយុត្តិធម៌ ។សង្គមថៃមានបញ្ហាដោយសារ រឿងអយុត្តិធម៌អស់រយៈពេលជាច្រើនឆ្នាំហើយ” ។

លោក Singha Wannasingh បានបន្តទៀតថា៖ “យើងមិនទទួលយកសកម្មភាពបែបនេះទេ យើងសូមថ្កោលទោស ទោះបីអ្នកអះអាងលើផ្លូវច្បាប់ក៏ដោយ ប៉ុន្តែវា (ច្បាប់) ត្រូវបានគេប្រកាសមកដើម្បីខ្ទប់សម្លេងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ។ កាលពីមុនពួកយើងបានត្រឹមតែបញ្ចេញមតិ ពួកយើងមិនដែលប្រើអំពើហិង្សាទេ ពួកយើងចង់អោយរឿងទាំងនេះចប់ដោយការសន្ទនា” ។

“ខ្ញុំសូមអំពាវនាវឱ្យមានការដោះលែងយុវជនដែលត្រូវបានចាប់ខ្លួន ប្រសិនបើនឹងត្រូវផ្តន្ទាទោស សូមឱ្យមានតម្លាភាព និងមិនមែនការចាប់ខ្លួនបែបនេះទេ ពួកយើងត្រូវការប្រទេសមួយដែលមានភាពប្រសើរជាងនេះ ពួកយើងចង់ឱ្យមនុស្សគ្រប់គ្នាអាចបញ្ចេញមតិបាន ប្រសិនបើមាននរណាម្នាក់នៅតែមិនអាចសម្រេចចិត្តបាន ថាតើត្រូវនិយាយពីបញ្ហានយោបាយ ឬអត់? ថ្ងៃនេះខ្ញុំសង្ឃឹមថាវានឹងក្លាយជាចំណុចមួយ ដែលអ្នករាល់គ្នាមើលឃើញថា បើយើងមិននិយាយវានឹងក្លាយជាចំណុចដែលយើងមិនដឹងថា នឹងរស់នៅក្នុងស្ថានភាពបែបនេះរហូតដល់ពេលណាទេ ហើយនេះមិនមែនជាប្រទេសដែលយើងចង់បានទេ។ ពួកយើងអាចជជែកវែកញែកនៅក្នុងតំបន់ដែលមានសុវត្ថិភាព ប៉ុន្តែរដ្ឋាភិបាលបានបិទតំបន់នោះ” ។ ភ្លាមនោះ Maria បានបន្ថែមថា “អ្នកបានសិទ្ធិអំណាច” ៕