សារដាស់តឿន! នារីម្នាក់ស្ទើរតែពិការភ្នែកដោយសារពាក់កែវភ្នែកសិប្បនិម្មិត

195

ថៃ៖ នារីម្នាក់បានចែករំលែកសារដាស់តឿន អំពីការប្រើដៃកខ្វក់ផ្លាស់ប្តូរកែវភ្នែកសិប្បនិម្មិត (Contact Lens) បណ្តាលឱ្យភ្នែកឆ្លងបាក់តេរី រលាករហូតក្លាយទៅជាដំបៅ និងខ្ទុះនៅខាងក្នុងភ្នែករហូតមិនអាចមើលឃើញ ដែលចាំបាច់តម្រូវឱ្យនាងត្រូវតែវះកាត់ផ្លាស់ប្តូរកញ្ចក់ភ្នែកថ្មី ចំពោះហេតុការណ៍នេះនារីរងគ្រោះស្ទើរតែប្រឈមមុខ នឹងភាពពិការភ្នែកទៅហើយ ។

នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ ទំព័រហ្វេសប៊ុកឈ្មោះ “Sahai Pho Dam” បានចុះផ្សាយសារដាស់តឿនរបស់នារីម្នាក់ ដែលមានជួបហេតុការណ៍មួយដែលបណ្តាលឱ្យនាងស្ទើរតែងងឹតភ្នែក ដោយសារតែការពាក់កញ្ចក់ភ្នែកសិប្បនិម្មិត ដោយសារលាងដៃមិនស្អាត និងមានក្រចកវែងៗ បណ្តាលឱ្យកែវភ្នែកឆ្លងបាក់តេរី រហូតក្លាយទៅជារបួស បង្កទៅជាខ្ទុះមើលលែងឃើញ ។ នេះគឺជាសារដាស់តឿនដល់បងប្អូន ដែលតែងតែពាក់កញ្ចក់ភ្នែកសិប្បនិម្មិត ទាំងប្រភេទកញ្ចក់ខ្សែភ្នែក និងប្រភេទកញ្ចក់ពណ៌ (Fashion) សូមប្រុងប្រយ័ត្នចំពោះការអនាម័យ ។

នារីរូបនេះបានបញ្ជាក់ថា នាងបានពាក់កញ្ចក់ភ្នែកសិប្បនិម្មិតជាប្រចាំ ព្រោះដោយសារតែនាងមានភ្នែកម្ញ៉ូបកម្រិត 400+ ហើយនាងមិនចង់ពាក់វ៉ែនតាទេ ព្រោះវាមានផលលំបាកនៅក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់នាង ។ ជារាងរាល់ថ្ងៃនារីរងគ្រោះបានពាក់កែវភ្នែកសិប្បនិម្មិតប្រហែល ១០ម៉ោងក្នុងមួយថ្ងៃ លុះត្រលប់មកដល់ផ្ទះទើបដោះវាចេញ។ ប៉ុន្តែថ្មីៗនេះពេលភ្ញាក់ពីគេង នាងឃើញថាភ្នែករបស់ខ្លួនឡើងក្រហម ហើយរកាំភ្នែកបន្តិចបន្តួច ថែមទាំងមិនអាចត្រូវពន្លឺបានទៀត បើទោះបីជាបន្តក់ថ្នាំរួចហើយ ក៏នៅតែមិនធូរស្រាលដែរ លុះទ្រាំលែងបាននារីរងគ្រោះក៏បានទៅជួបគ្រូពេទ្យនៅថ្ងៃបន្ទាប់ ។

វេជ្ជបណ្ឌិតបាននិយាយថា ភ្នែករបស់នាងបានឆ្លងមេរោគ និងមានខ្ទុះហូរចេញពីភ្នែក គ្រូពេទ្យបានផ្តល់ថ្នាំឱ្យនាងបន្តក់ចូលទៅក្នុងភ្នែក ជារាងរាល់ម៉ោងទាំងយប់ទាំងថ្ងៃ ហើយគ្រូពេទ្យក៏បាននាំយកមេរោគនោះទៅពិនិត្យមើល ក៏រកឃើញថាវាជាការឆ្លងបាក់តេរីនៅក្នុងភ្នែក។ បន្ទាប់ពីការឆ្លុះមើលបន្ថែម គ្រូពេទ្យក៏បានរកឃើញថា កញ្ចក់ភ្នែករបស់នារីរងគ្រោះមានការរលាកយ៉ាងធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិតបាននិយាយថា ជំងឺនេះគឺបណ្តាលមកពីការមិនបានសំអាតដៃឱ្យបានស្អាត មុនពេលពាក់កែវភ្នែកសិប្បនិម្មិត រួមជាមួយនិងក្រចកវែង  បណ្តាលឱ្យមានបាក់តេរីនៅក្នុងក្រចក ឆ្លងចូលទៅក្នុងភ្នែក ។

នារីរងគ្រោះបានបញ្ជាក់បន្ថែមថា បញ្ហានេះបានកើតឡើងក្នុងរយៈពេល ២ថ្ងៃប៉ុណ្ណោះ ហើយវាបណ្តាលឱ្យភ្នែករបស់នាងមើលមិនឃើញ ប្រៀបដូចជាមនុស្សពិការភ្នែក នេះដោយសារតែភាពធ្វេសប្រហែសរបស់នាង បណ្តាលឱ្យឆ្លងបាក់តេរី បង្កទៅជាដំបៅខ្ទុះនៅក្នុងភ្នែក ដែលវាបានបង្កជាការឈឺចាប់ខ្លាំងបំផុតសម្រាប់នាង ។ នារីរងគ្រោះបានសម្រាកព្យាបាលនៅមន្ទីរពេទ្យពេញមួយសប្តាហ៍ លុះពេលត្រលប់មកផ្ទះវិញនាងក៏ត្រូវតែនៅបន្តក់ថ្នាំក្នុងភ្នែកជារៀងរាល់ម៉ោង។ បច្ចុប្បន្ននេះភ្នែករបស់នារីរងគ្រោះចាប់ផ្តើមមើលឃើញតិចតួចវិញហើយ ប៉ុន្តែនាងនៅមានអារម្មណ៍ព្រាលៗ ដែលនោះវាបណ្តាលមកពីស្នាមវះក្នុងកែវភ្នែក ។ សម្រាប់បងប្អូនណាដែលគិតថានឹងពាក់កែវភ្នែកសិប្បនិម្មិត ចូរថែរក្សាអនាម័យជាចំបង ដោយការលាងដៃឱ្យស្អាតមុនចាប់កាន់កែវភ្នែកពាក់ ព្រោះថាភ្នែករបស់យើងពិតជាសំខាន់ណាស់ បើធ្វេសប្រហែសតែបន្តិចអ្នកអាចនិងពិការភ្នែកក៏ថាបាន ៕