៧ ល្អាងដែលស្រស់ស្អាតបំផុតទូទាំងពិភពលោក វាត្រូវបានបង្កើតឡើងដោយធម្មជាតិ

2329

១. ល្អាង Blue Grotto in Capri ប្រទេសអ៊ីតាលី

ល្អាង Blue Grotto ឬរូងភ្នំខៀវដែលមានទីតាំងនៅលើកោះ Capri មានភាពល្បីល្បាញដោយសារការហូរច្រោះនៃទឹកសមុទ្រ ដូច្នេះនៅពេលដែលមានពន្លឺចែងចាំងជះមកលើទឹក វាបង្ហាញឱ្យឃើញផ្ទៃទឹកដែលមានពណ៌ខៀវថ្លា  រីឯទិទ្ធភាពនៅខាងក្នុងរូងហាក់ដូចជាមានពន្លឺពណ៌សភ្លឺជាងសមុទ្រដ៏ស្រស់ស្អាត។

តែបច្ចុប្បន្ននេះដំណើរកម្សាន្តទៅកាន Blue Grotto ប្រហែលជាពិបាកបន្តិចហើយ ដែលវាអាស្រ័យទៅលើកម្រិតទឹក លើសពីនេះភ្ញៀវទេសចរត្រូវចំណាយប្រាក់ច្រើន សម្រាប់ការជិះទូកទស្សនារូងនេះក្នុងរយៈពេល ៥ នាទីតែប៉ុណ្ណោះ ។

២. ល្អាង Crystals in Chihuahua ប្រទេសម៉ិកស៊ិក

រូងក្រោមដីនៅភាគខាងជើងប្រទេសម៉ិកស៊ិក ល្អាងនេះមានគ្រីស្តាល់ធម្មជាតិធំជាងគេ ដែលមានបណ្តោយ ១២ ម៉ែត្រ និងមានអង្កត់ផ្ចិត ៤ ម៉ែត្រ ប៉ុន្តែល្អាងនេះមិនមែនជាកន្លែងទាក់ទាញភ្ញៀវទេសចរទេ ព្រោះល្អាងនេះមានសីតុណ្ហភាពខ្ពស់រហូតដល់ ៥០អង្សាសេ និងមានសំណើម ១០០% ដែលបណ្តាលឱ្យមនុស្សអាចនៅក្នុងល្អាងនេះបានតែមួយសន្ទុះប៉ុណ្ណោះ ។ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវដែលមានឧបករណ៍ការពារត្រឹមត្រូវអាចចូលទៅក្នុងរូងភ្នំនេះបានត្រឹមតែ ៣០-៤៥ នាទីប៉ុណ្ណោះក្នុងមួយដង ។

៣. ល្អាង Krubera in Abkhazia ប្រទេស Georgia

ល្អាង Krubera ត្រូវបានគេស្គាល់ថាជាភាពអស្ចារ្យរបស់ប្រទេស Georgia ល្អាងនេះមានជម្រៅជាង ២.០០០ ម៉ែត្រ និងត្រូវបានរកឃើញដោយអ្នករុករកជនជាតិហ្សកហ្ស៊ី ក្នុងឆ្នាំ ១៩៦០ ឥឡូវវាមានប្រវែង ២,១៩៧ ម៉ែត្រ (វាជាកម្រិតដែលមនុស្ស និងឧបករណ៍បច្ចុប្បន្នអាចវាស់បាន នៅមិនទាន់មានសេចក្តីបញ្ជាក់នៃជម្រៅជាក់លាក់នៅឡើយទេ) ដូច្នេះទោះបីជាវាស្រស់ស្អាតក៏ដោយ នេះមិនមែនជាកន្លែងដែលភ្ញៀវទេសចរទូទៅអាចចូលទៅទស្សនាបានទេ ។

៤. ល្អាង Fingal’s in Staffa ប្រទេសស្កុតឡេន

ល្អាងនេះមានទីតាំងនៅកោះ Staffa ក្នុងប្រជុំកោះអ៊ីនប្រាយ ល្អាងនេះមានជម្រៅប្រហែល ៧០ម៉ែត្រច្រកចូលល្អាងមានកំពស់ជាង ២០ម៉ែត្រ ដែលមានទិទ្ធភាពផ្នែកខាងក្នុងជារូងវែង និងស្រស់ស្អាតបំផុត ។

៥. ល្អាង Eisriesenwelt Ice in Werfen ប្រទេស អូទ្រីស

គឺជាល្អាងដែលភ្ញៀវទេសចរនិយមហៅថាល្អាងទឹកកកធ្លាក់ ដែលមានទីតាំងស្ថិតនៅលើភ្នំ Hochkogel ក្រុង Werfen ប្រទេសអូទ្រីស។ វាត្រូវបានគេចាត់ទុកថាជារូងទឹកកកធំជាងគេបំផុតនៅលើពិភពលោក ល្អាងនេះមានប្រវែងសរុបជាង ៤២ គីឡូម៉ែត្រ ដែលភ្ញៀវអាចចូលទស្សនានៅខាងក្នុងបាន ប៉ុន្តែភ្ញៀវទេសចរត្រូវបានណែនាំ ឱ្យប្រើឧបករណ៍ការពារភាពត្រជាក់ ព្រោះសូម្បីតែនៅរដូវក្តៅក៏ដោយ  ក៏សីតុណ្ហភាពនៅក្នុងល្អាងមានកំរិតទាបដែរ ។

៦. ល្អាង Puerto Princesa Subterranean River in Palawan  ប្រទេសហ្វីលីពីន

ឧទ្យានជាតិទន្លេក្រោមដី នៅហ្វីលីពីនត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទិទ្ធភាពនៅខាងក្នុងល្អាង គឺជាថ្មដុះ និងថ្មធ្លាក់ជាច្រើន ហើយក៏មានរូបរាងប្លែកៗពីគ្នា នេះបើយោងតាមការស្រមើលស្រមៃរបស់អ្នកដែលបានចុះទៅដល់ល្អាងនោះ បានឱ្យដឹងថាថ្មទាំងនោះមានរូបរាងដូចជា រូបទៀន ក្បាលតោ និងនាគជាដើម ហើយនៅខាងក្នុងល្អាងនោះក៏ជាជម្រករបស់សត្វប្រចៀវជាច្រើនក្បាលផងដែរ ។ ឧទ្យាននេះបានបើកចំហសម្រាប់ភ្ញៀវទេសចរត្រឹមតែ ១ ទៅ ២ គីឡូម៉ែត្រប៉ុណ្ណោះ ចំណែកទីកន្លែងដែលនៅសល់ គឺនឹងត្រូវបានបិទសម្រាប់ភ្ញៀវទេសចរ ។

៧. ល្អាង Mammoth Cave National Park in Kentuck សហរដ្ឋអាមេរិក

ឧទ្យានជាតិនេះត្រូវបានគេចាត់ទុកថា ជាក្រុមល្អាងវែងជាងគេបំផុតនៅលើពិភពលោក ព្រមទាំងមានថ្មកំបោរតម្រៀបគ្នាយ៉ាងស្រស់ស្អាត និងអស្ចារ្យជាច្រើន។ បើធ្វើតំណើរដោយរថយន្តវាមានចម្ងាយតែ ១,៥ ម៉ោង ពីទីក្រុង Louisville រដ្ឋ Kentucky ។ ឧទ្យាននេះត្រូវបើកឱ្យចូលទស្សនាពេញមួយឆ្នាំ ប៉ុន្តែប្រសិនបើអ្នកទេសចរចង់ស្វែងយល់បន្ថែមពីរូងភ្នំនេះ ពួកគេត្រូវអមដំណើរដោយមគ្គុទេសទេសចរណ៍ សម្រាប់ភ្ញៀវទេសចរទូទៅអាចទាក់ទងមជ្ឈមណ្ឌល​សេវាកម្មភ្ញៀវទេសចរឧទ្យានបាន ៕