លោកជំទាវទីមួយ Melania Trump បានបញ្ជាក់ថាកូនប្រុសរបស់ខ្លួនក៏ឆ្លងជំងឺកូវីដ១៩ ដែរ

150

ស្ត្រីទីមួយនៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា Barron កូនប្រុសរបស់លោកស្រី និងលោក Trump ក៏បានឆ្លងមេរោគ COVID-19 ដែរ បន្ទាប់ពីពួកគេទាំងពីរបានធ្វើតេស្តវិជ្ជមានកាលពី ២ សប្តាហ៍មុន ។

ទូរទស្សន៍ BBC បានរាយការណ៍នៅថ្ងៃពុធទី ១៤ ខែតុលាឆ្នាំ ២០២០ ថា លោកស្រីជំទាវទី ១ Melania Trump បានបញ្ជាក់ថា Borron កូនប្រុសអាយុ ១៤ ឆ្នាំរបស់លោកស្រី និងប្រធានាធិបតីដូណាល់ត្រាំបានឆ្លងវីរុស COVID-19 កាលពី ២ សប្តាហ៍មុន ប៉ុន្តែពេលនេះ Barron បានធ្វើតេស្តិ៍អវិជ្ជមានហើយ ។

Melania បានបង្ហាញពីរឿងនេះតាមរយៈកំណត់ត្រាក្រោមប្រធានបទ “បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំជាមួយនឹងជំងឺ COVID-19 ដែលបានចុះផ្សាយលើគេហទំព័រសេតវិមាន៖  បន្ទាប់ពីលោកស្រីនិងលោក Trump ត្រូវបានគេរកឃើញថាបានឆ្លងមេរោគកាលពីពីរសប្តាហ៍មុន លោកស្រីបានព្រួយបារម្ភភ្លាមៗចំពោះកូនប្រុស ប៉ុន្តែលោកស្រីក៏បានធូរចិត្តទៅវិញ ដោយសារការធ្វើតេស្តដំបូងរបស់ Barron គឺអវិជ្ជមាន ។

ទោះយ៉ាងណាលោកស្រី Melania បានបញ្ជាក់ថា នៅចុងបញ្ចប់ការភ័យខ្លាចរបស់នាងបានក្លាយជាការពិត នៅពេលការធ្វើតេស្តជាលើកទី ២ របស់ Barron បានចេញជាលទ្ធផលវិជ្ជមាន ប៉ុន្តែសំណាងល្អដែលគេគឺជាក្មេងជំទង់ដ៏រឹងមាំម្នាក់ ហើយក៏មិនបង្ហាញរោគសញ្ញានៃជំងឺណាមួយទេ “ខ្ញុំមានអារម្មណ៍រីករាយដោយយើងទាំងបីនាក់បានឆ្លងកាត់បញ្ហានេះក្នុងពេលតែមួយ ដូច្នេះយើងអាចថែរក្សាគ្នាបាន ហើយចំណាយពេលវេលាជាមួយគ្នា”។

លោកស្រី Melania ក៏បានចែករំលែកបទពិសោធន៍របស់គាត់ផងដែរថា ជំងឺរបស់លោកស្រីគឺដូចជាម៉ាស៊ីនរថភ្លើង នាងមានអាការៈឈឺខ្លួន ក្អក និងហត់នឿយ។ លោកស្រីបានជ្រើសរើសវិធីព្យាបាលដោយប្រើថ្នាំធម្មជាតិ តាមរយៈការជ្រើសរើសទទួលទានវីតាមីន និងអាហារណាដែលល្អសម្រាប់សុខភាព ។

លោកស្រី Melania បានបញ្ជាក់បន្ថែមទៀតថា ការឈឺក៏បានធ្វើឱ្យនាងគិតទ្វេដងអំពីរឿងរ៉ាវយ៉ាងច្រើន អំពីបញ្ហាគ្រួសារ មិត្តភាព ការងារនិងខ្លួនឯង ដែលលោកស្រីនឹងត្រលប់មកបំពេញតួនាទីជាជំទាវទី ១ ម្តងទៀតឱ្យបានឆាប់បំផុត ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីដូណាល់ត្រាំត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ រយៈពេលបីថ្ងៃមុនពេលចាកចេញ នៅថ្ងៃទី ៥ ខែតុលា និងបានបន្តយុទ្ធនាការរបស់គាត់នៅថ្ងៃច័ន្ទ។ គាត់បានប្រាប់អ្នកគាំទ្រថា គាត់មានអារម្មណ៍ថាមានថាមពល ខណៈពេលដែលវេជ្ជបណ្ឌិតផ្ទាល់បានបង្ហើបឱ្យដឹងកាលពីថ្ងៃអាទិត្យថា លោក Trump លែងមានគ្រោះថ្នាក់ក្នុងការចម្លងជំងឺទៅកាន់អ្នកដទៃហើយ ប៉ុន្តែលោកមិនបានលើកឡើងពីកាលបរិច្ឆេទ ដែលគាត់បានធ្វើតេស្តិ៍អវិជ្ជមានលើកចុងក្រោយនោះទេ ៕