នារីម្នាក់បានទិញតែថៃទឹកដោះគោញ៉ាំ តែបែរជាជួបរឿងបែបនេះ (វីដេអូ)

491

នៅថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២០ ពត៌មានប៉ុស្តិ៍លេខ ៣ បានរាយការណ៍ថា មានស្ត្រីម្នាក់បានទិញតែថៃទឹកដោះគោពីហាងមួយ នៅស្រុកសានកំផែង ខេត្តឈៀងម៉ៃ ក្រោយពីទិញមកហើយគឺគាត់មិនបានផឹកវាភ្លាមៗទេ គាត់បាននាំយកទៅដាក់នៅក្នុងទូទឹកកកចំនួន ២ យប់ ។ លុះក្រោយមកពេលដែលគាត់បាននាំយកតែថៃទឹកដោះគោនោះចេញមកដើម្បីផឹក ប៉ុន្តែគាត់បែរជាសង្កេតឃើញថា តែថៃទឹកដោះគោនោះវាមិនហូរចេញពីថង់ទេ ទើបគាត់នាំយកវាទៅចាក់ចូលក្នុងអាងលាងចាន ទើបដឹងថាវាស្អិតអន្តាយ ដូចជាប្លាស្ទិច។

លុះក្រោយមកក៏មានហ្វេសប៊ុក Ajarn Jet បានចេញមកពន្យល់ពីលក្ខណៈរបស់តែថៃទឹកដោះគោនោះថា ៖ គាត់មិនអាចបញ្ជាក់ពីហេតុផលពិតប្រាកដ របស់តែថៃទឹកដោះគោនោះបានទេ ព្រោះដោយសារតែវាមិនត្រូវបានធ្វើតេស្តឲ្យជាក់លាក់នៅក្នុងមន្ទីរពិសោធន៍ ប៉ុន្តែអាចសន្និដ្ឋានបានថា ដោយសារតែសីតុណ្ហភាពទាបនៅក្នុងទូទឹកកក បណ្តាលឱ្យសមាសធាតុម៉ូលេគុល នៃសារធាតុចិញ្ចឹមនៅក្នុងតែថៃទឹកដោះគោនោះ វិវដ្តខ្លួនទៅជាស្អិតដូច្នេះ វាមិនមែនជាកៅស៊ូ ឬប្លាស្ទិចដូចជាការសង្ស័យរបស់បងប្អូនទេ ។

រីឯសារធាតុចិញ្ចឹមដែលអាចធ្វើឱ្យតែថៃទឹកដោះគោស្អិតគឺ “សុីរ៉ូគ្លុយកូស” (Glucose syrup) ដែលភាគច្រើនគេតែងតែប្រើវាជាគ្រឿងផ្សំរបស់ “ទឹកដោះគោខាប់” ដូច្នេះវាអាចសន្មត់បានថា តាមរយៈសមាសធាតុផ្សំនេះ បូករួមជាមួយការរក្សាទុកយូរថ្ងៃ ក្រោមសីតុណ្ហភាពទាប នៅក្នុងទូទឹកកក វាអាចបណ្តាលឲ្យអាហារក្លាយទៅជាស្អិតបាន តែវាមិនមែនជាការផ្សំឡើងពីជ័រ ឬប្លាស្ទិកដូចដែលយើងបានបារម្ភនោះទេ ៕