បណ្តាសាវេទមន្តនៃទីក្រុង Pompeii ធ្វើឲ្យស្ត្រីជនជាតិកាណាដាម្នាក់បានប្រគល់វត្ថុបុរាណដែលបានលួចត្រឡប់វិញ

541

ស្ត្រីជនជាតិកាណាដា អាយុ ៣៦ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ត្រឹមឈ្មោះថា “Nicole” បានបញ្ជូនវត្ថុដែលមានក្បឿង Mosaic ២ បំណែកទៅកាន់ភ្នាក់ងារទេសចរណ៍ក្នុងក្រុង Pompeii ទីក្រុងបុរាណមួយនៅភាគខាងត្បូងប្រទេសអ៊ីតាលី បន្ទាប់មកភ្នាក់ងារទេសចរណ៍បានបញ្ជូនបំណែកទាំងនោះទៅឲ្យប៉ូលីស។

វត្ថុដែលមានក្បឿង Mosaic នេះមានភ្ជាប់មកជាមួយនូវលិខិតសារភាពកំហុសថា Nicole បានលួចវត្ថុបុរាណនេះពីទីក្រុង Pompeii ក្នុងឆ្នាំ ២០០៥ ព្រោះនាងនៅក្មេងហើយល្ងង់ នាងចង់រក្សាទុកវត្ថុបុរាណដែលគ្មាននរណាម្នាក់មាន ប៉ុន្តែវត្ថុបុរាណដែលនាងបានលួចនេះបានបង្កឱ្យមានសំណាងអាក្រក់ដល់នាងតាំងពីពេលនោះមក។

Nicole បាននិយាយថា នាងបានទទួលរងនូវជំងឺមហារីកសុដន់ចំនួន ២ដង រហូតដល់ត្រូវវះកាត់សុដន់ចេញ ហើយគ្រួសាររបស់នាងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។ Nicole ជឿដូច្នេះថា ក្បឿង Mosaic នេះមាន ថាមពលអវិជ្ជមានខ្ពស់ណាស់…ទាក់ទងនឹងទឹកដីនៃគ្រោះមហន្តរាយ ប៉ុន្តែនាងបានទទួលមេរៀនហើយ នាងមិនចង់ផ្តល់បណ្តាសានេះដល់គ្រួសារនិងកូនៗនាងទេ នាងបានសុំព្រះជាម្ចាស់ឱ្យអភ័យទោសឱ្យនាងហើយ ព្រមទាំងបាននិយាយថា ថ្ងៃណាមួយនាងនឹងត្រឡប់ទៅប្រទេសអ៊ីតាលីដើម្បីទៅសុំទោសដោយខ្លួនឯង។

Pompeii គឺជាទីក្រុងសម័យចក្រភពរ៉ូម៉ាំងដែលត្រូវបានកប់នៅក្រោមកំអែភ្នំភ្លើង បន្ទាប់ពីមានការផ្ទុះភ្នំភ្លើង Vesuvius គ.ស ៧៩។ ទីក្រុងនេះត្រូវបានគេជីករកឃើញនៅសតវត្សរ៍ទី ១៦ ហើយបានផ្លាស់ប្តូរការយល់ដឹងរបស់យើងអំពីពិភពបុរាណ ហើយសព្វថ្ងៃនេះទីក្រុង Pompeii បានក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសអ៊ីតាលី។

Pompeii បានជួបប្រទះបញ្ហាភ្ញៀវទេសចរលួចវត្ថុបុរាណជាច្រើនឆ្នាំមកហើយ។ ភ្ញៀវទេសចរភាគច្រើនលួចវត្ថុបុរាណទុកជាវត្ថុអនុស្សាវរីយ៍ ប៉ុន្តែអ្នកខ្លះកំពុងព្យាយាមលក់វាតាមអ៊ិនធើណេត ហើយនៅឆ្នាំ ២០១៥ មានមនុស្សប្រកាសលក់ឥដ្ឋដែលបានលួចពីទីក្រុង Pompeii ក្នុងឆ្នាំ ១៩៥៨ ដាក់លក់នៅលើ គេហទំព័រ eBay ។

ទោះយ៉ាងណាក៏ដោយ វត្ថុបុរាណជាច្រើនត្រូវបានប្រគល់ជូនសារមន្ទីរទីក្រុង Pompeii ជាមួយនឹងលិខិតអធិប្បាយពីអារម្មណ៍ដឹងកំហុស ដោយមុននេះ ក៏មានប្តីប្រពន្ធជនជាតិកាណាដាបានប្រគល់ថ្មដែលបានលួចពីទីក្រុង Pompeii ក្នុងឆ្នាំ ២០០៥ ដោយមានលិខិតសារភាពថា៖

“ពួកគេបានលួចដោយមិនគិតពីការឈឺចាប់និងការរងទុក្ខរបស់វិញ្ញាណអ្នកដែលគួរឱ្យអាណិតទាំងនេះ ដែលបានទទួលរងនូវការផ្ទុះឡើងនៃភ្នំភ្លើង Vesuvius ហើយបានស្លាប់ដោយសោកនាដកម្ម ពួកយើងសូមទោស សូមអភ័យទោសដល់ការសម្រេចចិត្តខុស សូមឱ្យវិញ្ញាណរបស់ពួកគេទៅឱ្យបានសុខចុះ៕