បុរសចិត្តបុណ្យ! មិនដែលហ៊ានបិទទូរស័ព្ទ ខ្លាចពេទ្យទាក់ទងមិនបាន ដោយសារខ្លួនឯងមានប្រភេទឈាមដ៏កម្រ

233

ចិន៖ បុរសដែលមានរាងកាយស្គមស្គាំងអាយុ ៤០ ឆ្នាំ ឈ្មោះថា Yuzhou មានអាជីពជាអ្នកបច្ចេកទេសថែទាំឧបករណ៍គ្រឿងចក្រ។ គាត់បានចាប់ផ្តើមបរិច្ចាគឈាមរបស់គាត់លើកដំបូងកាលពី ២០ ឆ្នាំមុន ហើយបានបរិច្ចាគឈាមជាបន្តបន្ទាប់ បរិមាណឈាមសរុប ៨០០០ មីលីលីត្រហើយ ។

ការសាកល្បងបរិច្ចាគឈាមលើកដំបូងគឺបានផ្លាស់ប្តូរចិត្តនិងជីវិតរបស់គាត់ ព្រោះពេលនោះទើបគាត់ដឹងថា គាត់មានប្រភេទឈាម AB (Rh-) ដែលជាប្រភេទឈាមដ៏កម្រ (នៅប្រទេសចិនប្រហែល ០,៣៤ ភាគរយនៃប្រជាជនចិនដែលមានឈាមប្រភេទនេះ) ហើយវាគឺជាប្រភេទឈាមដែលមិនអាចរក្សាទុកបានយូរទេ។ មន្ទីរពេទ្យនិយាយប្រាប់គាត់ថា គាត់គួរតែថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ ហើយបើសិនជា​អាច  ប្រសិនបើមានអ្នកជំងឺត្រូវការឈាមប្រភេទនេះមន្ទីរពេទ្យសង្ឃឹមថា លោកនឹងសហការបរិច្ចាគឱ្យ ពេលនោះលោក Yuzhou បានតបយល់ព្រមដោយមិនស្ទាក់ស្ទើរឡើយ ។

ចាប់តាំងពីថ្ងៃនោះមក លោក Yuzhou មិនដែលបិទទូរស័ព្ទម្តងណាឡើយ គាត់តែងតែបើកទូរស័ព្ទ ២៤ម៉ោងក្នុងមួយថ្ងៃ ព្រោះខ្លាចក្រែងបើមាននរណាម្នាក់ត្រូវការឈាមជាបន្ទាន់ មន្ទីរពេទ្យនឹងទាក់ទងមកគាត់បានទាន់ពេលវេលា។

មានគ្រាមួយនោះកំឡុងឆ្នាំ ២០១៣ យប់មុនពេលចូលឆ្នាំចិន បន្ទាប់ពីបានទទួលទូរស័ព្ទពីមន្ទីរពេទ្យថាត្រូវការឈាមបន្ទាន់ គាត់ និងកូនប្រុសច្បងអាយុប្រហែល ១ឆ្នាំ ព្រមទាំងម្តាយក្មេក បានប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ នៅយប់នោះនៅពេលដែលម្តាយក្មេករបស់គាត់ បានឃើញកូនប្រសារបរិច្ចាគឈាមដូច្នេះ ម្តាយក្មេករូបនោះក៏បានសម្រេចចិត្តចូលរួមបរិច្ចាគឈាមជាលើកដំបូងផងដែរ។

បច្ចុប្បន្ននេះបើទោះបីជាលោក Yuzhou បានចាកចេញពីការងាររបស់គាត់ហើយក៏ដោយ ប៉ុន្តែលោកមិនដែលធ្វេសប្រហែសក្នុងការថែរក្សាសុខភាពទេ ក្រៅពីមិនជក់បារី មិនផឹកគ្រឿងស្រវឹង លោកថែមទាំងហាត់ប្រាណយ៉ាងទៀងទាត់ទៀតផង។  លោកបាននិយាយថា “ស្រាមានឥទ្ធិពលអវិជ្ជមានទៅលើមុខងារថ្លើម ប្រសិនបើខ្ញុំផឹកគ្រឿងស្រវឹង ហើយមាននរណាម្នាក់ត្រូវការឈាមរបស់ខ្ញុំ ដូចនោះវានឹងគ្រោះថ្នាក់ខ្លាំងណាស់” ៕