សារដាស់តឿន! ក្មេងស្រីម្នាក់ហូរឈាមចេញពីមាត់ បន្ទាប់ពីញ៉ាំផ្លែស្ត្រប៊ឺរី ក្រោយពិនិត្យទើបដឹងថាមានម្ជុលនៅខាងក្នុង

177

អូស្រ្តាលី៖ គ្រួសារមួយនៅអូស្រ្តាលីផ្ទុះការភ័យខ្លាចខ្លាំង ក្រោយកូនស្រីអាយុ ៦ឆ្នាំ ហូរឈាមចេញពីមាត់បន្ទាប់ពីញ៉ាំផ្លែស្ត្របឺរី លុះពិនិត្យមើលទើបរកឃើញថាមានម្ជុលបង្កប់នៅខាងក្នុង សំណាងល្អដែលវាមិនមែនជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ។

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២០ គេហទំព័រ Daily Mail បានចុះផ្សាយអំពីភាពតក់ស្លុតរបស់ក្រុមគ្រួសារមួយនៅក្រុង Cairns, Queensland ប្រទេសអូស្រ្តាលី នៅពេលដែលកូនស្រីអាយុ ៦ឆ្នាំរបស់ពួកគេដែលមានឈ្មោះថា Madison Mitchell មានឈាមហូរចេញពីមាត់ បន្ទាប់ពីញ៉ាំផ្លែស្ត្របឺរី ។ លុះពួកគេពិនិត្យមើលទៅទើបដឹងថាមានម្ជុលបង្កប់នៅក្នុង ភ្លាមៗនោះក្រុមគ្រួសារបានប្រញាប់ប្រញាល់បញ្ជូនក្មេងស្រីរងគ្រោះមន្ទីរពេទ្យជាបន្ទាន់ ។

ប្រភពចេញពីហ្វេសប៊ុគ Sophie Mitchell

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៥ ខែតុលា ស្ត្រីជាម្តាយឈ្មោះថា Sophie Mitchell បានប្រាប់សារព័ត៌មាន 7news របស់អូស្ត្រាលីថា កូនស្រីរបស់គាត់កំពុងញ៉ាំផ្លែស្ត្រប៊ឺរី ប៉ុន្តែភ្លាមៗនោះនាងស្រែកយំដោយឈឺចាប់។ គាត់ (ម្តាយ) ប្រញាប់ចូលទៅមើល ហើយនាំយកបំណែកស្ត្រប៊េរីចេញពីមាត់កូនស្រី មុនពេលរកឃើញថាវាមានម្ជុលនៅក្នុងផ្លែស្ត្រប៊ឺរីនោះ ។

តាមរយៈរបាយការណ៍បានបង្ហាញថា Madison បានរងរបួសនៅលើបបូរមាត់ខាងក្រោម ប៉ុន្តែគ្រូពេទ្យបានជួយសង្គ្រោះនាងរួចរាល់ហើយ ទោះយ៉ាងណាចិត្តជាម្តាយនៅតែមានក្តីព្រួយបារម្ភ ខ្លាចកូនស្រីឆ្លងមេរោគពីម្ជុលនោះ ប៉ុន្តែវេជ្ជបណ្ឌិតបានបញ្ជាក់ថា ឱកាសនៃការឆ្លងមេរោគគឺទាបណាស់ ។

Sophie បានបង្ហាញថាពួកគេបានទិញផ្លែស្ត្របឺរីនេះមកពីផ្សារទំនើប Coles នៅក្នុងសង្កាត់ Earlville គាត់ក៏បានបង្ហាញបន្ថែមផងដែរថា ហេតុការណ៍នេះវាប្រថុយនឹងគ្រោះថ្នាក់ខ្លាំងណាស់ គាត់សឹងតែមិនហ៊ានគិតទេថា ប្រសិនបើកូនប្រុសគាត់ម្នាក់ទៀតអាយុ ៣ឆ្នាំ ញ៉ាំប៉ះផ្លែស្ត្របឺរីនេះ ច្បាស់ជាមានគ្រោះថ្នាក់ខ្លាំងជាងនេះ ឬបើសិនជាម្ជុលនោះវាមិនមុតមាត់កូនស្រីគាត់ ហើយបែរជាដោយចូលទៅក្នុងពោះ ឬមុតបំពង់កវិញច្បាស់ជាគ្រោះថ្នាក់ធំមិនខានទេ ។

ខណៈពេលដែលអ្នកតំណាងនៅក្នុងផ្សារទំនើបខាងលើ បានសម្តែងការព្រួយបារម្ភចំពោះហេតុការណ៍នេះ ទន្ទឹមនឹងការលើកឡើងថាលោកបានតាមដានស្ថានការណ៍ដោយការព្រួយបារម្ភ ដើម្បីឱ្យប្រាកដថាក្មេងរងគ្រោះ និងក្រុមគ្រួសារផុតពីគ្រោះថ្នាក់។

ចំណែកឯក្មេងស្រីតូច Madison បន្ទាប់ពីហេតុការណ៍ត្រូវបានបញ្ចប់ នាងនៅតែមានអារម្មណ៍សោកសៅ ព្រោះនាងបានបញ្ជាក់ថា ចង់ញ៉ាំផ្លែស្ត្របឺរីនោះទៀត ព្រោះវាឆ្ងាញ់ខ្លាំងណាស់ ។

គួរបញ្ជាក់ផងដែរថាកាលពីដើមឆ្នាំ ២០១៨ នៅប្រទេសអូស្ត្រាលី ធ្លាប់មានច្រើនករណីដែលមានម្ជុលបង្កប់នៅក្នុងផ្លែស្ត្របឺរី រួមទាំងផ្លែឈើដទៃទៀតដែរ វាបានបង្កការព្រួយបារម្ភទូទាំងប្រទេស ហើយវាអាចនឹងនាំឱ្យមានវិបត្តិផ្នែកកសិកម្មដ៏ធំផងដែរ ៕