សត្វរុយមួយប្រភេទនេះ មានតម្លៃបម្រើក្នុងវិស័យកសិកម្មនិងបរិស្ថាន ត្រូវបានចិញ្ចឹមជាលើកដំបូងនៅកម្ពុជា

1189

សត្វរុយមួយប្រភេទនេះត្រូវបានកសិករចិញ្ចឹមដើម្បីបម្រើឱ្យវិស័យកសិកម្ម និងបរិស្ថាននៅកម្ពុជាជាលើកដំបូង វាខុសប្លែកពីសត្វរុយដទៃដែលជាសត្វកខ្វក់ ចង្រៃ និងជាភ្នាក់ងារចម្លងមេរោគ។ រុយ Black Soldier Fly ជាប្រភេទសត្វរុយ ដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទ ហើយត្រូវបានចិញ្ចឹមដោយកសិដ្ឋានចិញ្ចឹមរុយ BSF នៅរាជធានីភ្នំពេញ ដើម្បីធ្វើជាចំណីសត្វ និងចូលរួមសម្អាតបរិស្ថាន។

បើតាមលោក សៅ សែនសំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមរុយ BSF នៅរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា សត្វរុយមានចំនួន២៦០០ប្រភេទ ហើយរុយដែលមានអត្ថប្រយោជន៍មានតែចំនួន៣៥០ប្រភេទប៉ុណ្ណោះ ហើយរុយដែលលោកចិញ្ចឹមនេះមានឈ្មោះថា Black Sodier Flyជា ប្រភេទសត្វរុយមានសារធាតុចិញ្ចឹមប្រូតេអ៊ីនជាង៤០ភាគរយខុសពីសត្វរុយធម្មតា។

លោកបន្តថា សត្វរុយនេះចិញ្ចឹមសម្រាប់យកទៅធ្វើជាចំណីរបស់មាន់ ទា ត្រី កង្កែប និងសត្វផ្សេងៗទៀត ដោយសារសារធាតុប្រូតេអ៊ីនខ្ពស់របស់វា ពេលយកទៅឱ្យសត្វវាស៊ីឆាប់ធំធាត់លឿន និងទទួលបានផលច្រើន។ «បន្លែផ្លែឈើរលួយហ្នឹង វាបំលែងសារធាតុទាំងអស់ទៅជាអាហារ ហើយទៅជាជីកំប៉ុសទៀត ពេលយើងចិញ្ចឹម គឺយើងមានរបៀបនៃការគ្រប់គ្រង។ អ៊ីចឹងរុយហ្នឹង វាមានតម្លៃ យើងមិនអាចឱ្យវាហើរពាសវាលពាសកាលបានទេ ចំពោះការហើរក៏ទៅណាអត់រួចដែរ ព្រោះទីកន្លែងរបស់យើងមានសត្វចាប ត្រចៀកកាំ មិនអាចទៅដល់ផ្ទះបងប្អូនទេ»។

ចំណែកកសិករម្នាក់ទៀតគឺលោក ប៊ុន ចាន់ វីរៈ រស់នៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានប្រាប់ដឹងដែរថា ការចិញ្ចឹមរុយនេះ គឺ មិនមែនជា រឿងប្លែកនោះទេ ព្រោះនៅប្រទេសធំៗ រីកចម្រើន ខាងកសិកម្ម ក៏គេបានយល់ពីអត្ថប្រយោជន៍ នៃសត្វរុយនេះ គឺគេ ចិញ្ចឹមវា ជាលក្ខណៈធម្មតាទៅហើយ ។

លោកបញ្ជាក់ថា ពូជរុយដែលលោកយកមកចិញ្ចឹមនេះ គឺមិនបានយកមកពីណានោះទេ ដោយលោកមានវិធីសាស្រ្តក្នុងការទាក់ទាញវាឱ្យមកពងកូនតាមរយៈការដាក់ចំណីក្នុងកន្លែងមួយមានរៀបចំជាធុងដាក់កាកសំណល់ផ្ទះបាយ និងផ្លែឈើស្អុយរលួយឱ្យវាស៊ីជាដើម។ បន្ទាប់មកវានឹងពងនៅលើកាកសំណល់ទាំងអស់នោះហើយយកពងនោះទៅដាក់កន្លែងណាមួយ។ បន្ទាប់ពីបីថ្ងៃក្រោយមកវានឹងញាស់ជាដង្កូវអាចឱ្យសត្វមាន់ទា ត្រី និងសត្វផ្សេងៗស៊ី។បន្ថែមពីនេះទៀតនៅពេលយើងទុកបាន១៥ថ្ងៃបន្ទាប់មកទៀតដង្កូវនោះនឹងក្លាយជារុយ។ បានអាយុ៣ថ្ងៃវានឹងពងបន្តទៀត។

«រុយផ្ទះធម្មតា វាពងលើកសំណល់ តែរុយនេះវាពងពីលើសំណល់ហ្នឹង យើងត្រូវដាក់អីមួយជាន់ដើម្បីទ្រាប់វា បន្ទាប់មកយើងនឹងយកឈើដើម្បីទ្រាប់វា បងប្អូនអាចយកឈើ ឫ ក្រដាសឡាំងដែលមានប្រហោងៗ រុយនឹងវាពងនៅលើហ្នឹង បើបងប្អូនដាក់នៅក្នុងម្លប់ មិនចាំបាច់គ្របវាទេ បើបងប្អូនដាក់នៅខាងក្រៅ ត្រូវគ្របវាតែទុកប្រហោង សម្រាប់រុយចូលពង យើងទុកវាមួយសប្តាហ៍ ឫ ពីរសប្តាហ៍រុយនឹងវាមកពង អ៊ីចឹង បន្ទាប់មកយើងយកវាមកភ្ញាស់ ដោយប្រើចំណីផ្សេងៗ នៅពេលដែលវាញាស់ហើយវានឹងស៊ីកាកសំណល់ក្នុងផ្ទះនឹងអស់ វាស៊ីអស់ហើយ យើងមើលវាថាវាធំនៅ ពេលវាធំហើយ យើងយកទៅចាក់ឱ្យមាន់ស៊ី»។

សូមបញ្ជាក់ថា ពងសត្វរុយ Black Sodier Fly មួយខាំតម្លៃ១០០ដុល្លារហើយអត្រាញាស់ក្លាយជាសត្វរ៉ុយអាចបានពី១០០ទៅ២០០គីឡូក្រាម ចំពោះពូជដង្កូវកើតចេញពីរុយវិញក្នុងមួយគីឡូក្រាមតម្លៃ១០ដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន
រូបថត៖ ផែន រតនៈ