អ្នកសារព័ត៌មានថៃបានចុះទៅត្រួតពិនិត្យស្ថានភាពសណ្ឋាគារដែលល្បីថាលួចចម្លងរចនាបថពីប្រាសាទរបស់ខ្មែរ ថាសណ្ឋាគារនេះបានសាងសង់ប្រហែលជា ១០ឆ្នាំហើយ

484

ថៃ៖ យោងតាមសារព័ត៌មានថៃ NationTV 22 បានចុះផ្សាយនៅថ្ងៃទី ៥ ខែតុលានេះ បាននិយាយឲ្យដឹងថា៖

អ្នកយកព័ត៌មានថៃបានចុះទៅមើលសណ្ឋាគារដែលកំពុងល្បីកក្រើកនៅតំបន់កោះ Phangan ដែលប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា បានចោទប្រកាន់ថាសណ្ឋាគារនេះបានឆ្លៀតឱកាស លួចចម្លងម៉ូតតាមសិល្បៈនិងវប្បធម៌នៃរចនាបថប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ របស់ប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ។

Photo by Nation TV   

នៅល្ងាចថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២០ អ្នកយកព័ត៌មានថៃបានធ្វើដំណើរទៅកាន់ស្រុកកោះ Phangan ខេត្តស៊ូរ៉ាតថានី ដើម្បីស៊ើបអង្កេតអំពីករណី គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម និងសារព័ត៌មាន Khmer Time ដែលភ្នាក់ងារសារព័ត៌មានរបស់កម្ពុជា មានការផ្ទុះប្រតិកម្មខ្លាំងខណៈដែលសណ្ឋាគារនៅប្រទេសថៃបានចម្លងរចនាបថប្រសាទអង្គរវត្ត និងប្រាសាទអង្គរធំ បង្កើតទៅជាកន្លែងស្នាក់នៅ និងអះអាងថានេះជាការលួចចម្លងបេតិកភណ្ឌវប្បធម៌ជាតិ ។

Photo by Nation TV

ក្នុងនោះអ្នកសារព័ត៌មានបានទៅធ្វើការស៊ើបអង្កេត សណ្ឋាគារដែលបានរៀបរាប់ខាងលើ គឺសណ្ឋាគារ Le Palais Hotel មានទីតាំងស្ថិតនៅ ឃុំ Ban Tai ស្រុកកោះ Phangan ខេត្ត Surat Thani ដែលជាសណ្ឋាគារប្រណីត និងមានលំនាំស្រដៀងទៅនឹងប្រាសាទអង្គរ និងប្រាសាទអង្គរធំ។ នៅពេលដែលចូលទៅដល់តំបន់នោះ ពិនិត្យឃើញថា មានអ្នកភូមិ និងភ្ញៀវទេសចរដែលឆ្លងកាត់និងថតរូបតែប៉ុណ្ណោះ ។

Photo by Nation TV

សណ្ឋាគារនេះត្រូវបានបិទទ្វាអស់រយៈពេលជាច្រើនខែមកហើយ ដោយសារបញ្ហាសេដ្ឋកិច្ច ដែលបណ្តាលមកពីឥទ្ធិពលនៃជំងឺ កូវីដ១៩ ដូច្នេះសណ្ឋាគារមិនមានភ្ញៀវទេសចរទេ ហើយក៏គ្មាននិយោជិកដែរ មានតែមនុស្ស ២-៣នាក់ ដែលនៅមើលថែរក្សាតែប៉ុណ្ណោះ ។ តាមរយៈការសង្កេតមើលឃើញថាអាគារនេះមានការរចនា ចាប់តាំងពីច្រកចូលមានថ្មចម្លាក់ដូចទៅនឹង រចនាបថបុរាណនៃ ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំរបស់ប្រទេសកម្ពុជា។

Photo by Nation TV

តាមការសាកសួរទៅស្ត្រីម្នាក់ឈ្មោះថា Yuan jai Saida អាយុ ៥៣ ឆ្នាំ ដែលជាអ្នកភូមិនៅក្បែរសណ្ឋាគារនោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា សណ្ឋាគារនេះបានសាងសង់ប្រហែលជា ១០ឆ្នាំហើយ ប៉ុន្តែទើបតែបានបើកតំណើរការជាផ្លូវការ កាលពីប៉ុន្មានឆ្នាំមុននេះឯង ក្នុងអំឡុងពេលដែលសេវាកម្មត្រូវបានបើក គឺឃើញថាមានភ្ញៀវទេសចរ ទាំងជនជាតិថៃនិងជនបរទេស មកស្នាក់នៅច្រើនគួរសម សម្រាប់ភ្ញៀវទេសចរភាគច្រើន គឺមកស្នាក់នៅ និងថតរូបអាពាហ៍ពិពាហ៍ ( Pre-Wedding) ។

Photo by Nation TV

ខណៈពេលដែលអ្នកសារព័ត៌មាន ទទួលបានព័ត៌មានពីបុគ្គលិកបុរសម្នាក់ ដែលជាជនជាតិខ្មែរ និងជាអ្នកណាថែរក្សាសណ្ឋាគារនោះថា ម្ចាស់សណ្ឋាគារនេះគឺជាបុរសជនជាតិបារាំង រីឯថៅកែស្រីជាជនជាតិថៃ មានទីលំនៅខេត្តសុរិន្ទ ហើយម្ចាស់សណ្ឋាគារនេះបានវិលត្រឡប់ទៅប្រទេសបារាំងវិញតាំងពីមានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីដើមខែមករាមកម៉្លេះ ទន្ទឹមនឹងនោះសណ្ឋាគារត្រូវបានបិទ ដោយមិនទទួលយកការកក់ សម្រាប់ភ្ញៀវទេសចរតាមមធ្យោបាយណាមួយឡើយ ព្រមទាំងអនុញ្ញាតឱ្យពួកគាត់ដែលជាបុគ្គលិក ២-៣នាក់ នៅមើលថែរក្សា ចំណែកឯបញ្ហាផ្សេងៗទៀត លោកក៏មិនដឹងព័ត៌មានលម្អិតទេ ៕