ញាក់សាច់! មែកឈើធំបាក់ធ្លុះចូលដល់ក្នុងរថយន្ត បន្ទាប់ពីមានគ្រូទាយថាអាចមានគ្រោះដល់អាយុជីវិត

147

ថៃ៖ ប្តីប្រពន្ធមួយគូតក់ស្លុតខ្លាំង បន្ទាប់ពីមានមែនឈើដ៏ធំមួយបានបាក់ធ្លាក់សង្កត់លើរថយន្ត បណ្តាលឱ្យធ្លុះកញ្ចក់ផ្នែកខាងមុខ ដែលវាប៊ិះនឹងសង្កត់លើគាត់ទៅហើយ។ ស្ត្រីរងគ្រោះបានបង្ហើបថាកាលពីថ្មីៗនេះ គាត់បានទៅរកគ្រូទស្សទាយមើលគ្រូនិយាថា គាត់អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត ទើបគាត់បាននាំគ្នាទៅធ្វើបុណ្យរំដោះគ្រោះ តែនៅពេលល្ងាចត្រឡប់មកវិញ នៅតាមផ្លូវមានព្យុះយ៉ាងខ្លាំង បណ្តាលឱ្យមែកឈើនោះបាក់ធ្លាក់មកលើឡានគាត់តែម្តង ។

រឿងនេះកើតឡើងកាលពីយប់ថ្ងៃទី ២៦ ខែកញ្ញា មានព្យុះបានបោកបក់ខ្លាំង បណ្តាលឱ្យមែកដើមឈើដ៏ធំមួយបានបាក់សង្កត់លើរថយន្តបុរសស្ត្រីដែលជាប្ដីប្រពន្ធមួយគូ កំពុងតែបើកបរនៅលើដងវិថី Bannoi Airport ។ មែកឈើដ៏ធំនោះបានធ្លាក់មកចំផ្នែកខាងមុខរថយន្ត ត្រង់ចំណុចចំហៀងនៃកៅអីអ្នកដំណើរ ធ្លុះចូលទៅខាងក្នុងជម្រៅប្រហែលជា ២០ សង់ទីម៉ែត្រ ធ្វើឱ្យអ្នកដំណើរភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ប្រញាប់ចុះចេញពីរថយន្ត ។

បន្ទាប់ពីការស៊ើបអង្កេតកន្លែងកើតហេតុ បានឱ្យដឹងថាអ្នកបើកបរជាជនបរទេស រីឯស្ត្រីជាប្រពន្ធមានឈ្មោះថា Issaraporn Sakuliamcharoen អាយុ ៦០ឆ្នាំ មានទីលំនៅ ភូមិ Nasam ឃុំ Arn ខេត្ត Ley ជាអ្នកអង្គុយនៅកៅអីអ្នកតំណើរក្បែរអ្នកបើកបរ។ នៅកន្លែងកើតហេតុបានរកឃើញរថយន្តមួយគ្រឿងម៉ាក Isuzu Mew Seven ពណ៌ស ស្លាកលេខ Kor Tor 5345 ជាមួយមែកឈើធំស្ងួតងាប់បែកខ្ញែកបាក់សង្កត់ មកលើ ផ្នែកចំហៀងខាងមុខរថយន្ត ដោយធ្លុះចូលទៅក្នុងកញ្ចក់ប្រហែល ២០ សង់ទីម៉ែត្រ ។

បន្ទាប់ពីសាកសួរ ស្ត្រីរងគ្រោះបាននិយាយថា ក្នុងអំឡុងពេលមានភ្លៀងពួកគេបានចេញទៅទិញម្ហូប ហើយនៅពេលកំពុងបើកបរតាមដងផ្លូវ ក៏មានមែកឈើច្រង៉េងច្រងាងពេញផ្លូវ ប្តីរបស់គាត់ដែលអ្នកបើកបរឃើញដូច្នេះក៏បន្ថយល្បឿន មួយសន្ទុះក្រោយមកស្រាប់តែមានសម្លេងយ៉ាងបន្លឺឡើង។ ដំបូងគាត់គិតថាមាននរណាម្នាក់យកអ្វីមួយគប់រថយន្តរបស់គាត់ តែពេលងើយមើលកញ្ចក់ ស្រាប់តែឃើញមែកឈើមួយយ៉ាងធំ ធ្លុះកាត់កញ្ចក់ចូលក្នុងឡាន។ គាត់ពិតជាតក់ស្លុតយ៉ាងខ្លាំង ក៏រត់ចេញពីឡានយ៉ាងប្រញាប់ប្រញាល់ ព្រោះមុនពេលកើតហេតុគាត់បានទៅរកគ្រូទស្សទាយមើល គ្រូបាននិយាយថា ឱ្យគាត់ធ្វើបុណ្យសន្សំកុសលឱ្យបានច្រើន ព្រោះថាក្នុងកំឡុងពេលនេះគាត់មានសំណាងមិនល្អ អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត ។ លុះដល់ពេលព្រឹកឡើងគាត់ក៏បានទៅវត្ត យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ហើយពេលត្រឡប់មកផ្ទះវិញគាត់ក៏មិនហ៊ានធ្វើដំណើរទៅណាទេ គឺនៅតែក្នុងផ្ទះ។ លុះដល់ពេលល្ងាចពួកគាត់ ក៏បានចេញទៅទិញម្ហូបដើម្បីបរិភោគ បន្ទាប់មកបានជួបឧប្បត្តិហេតុដូច្នេះឯង ។

ស្ត្រីរងគ្រោះបានបន្តទៀតថា នេះជាច្បាស់ជាគ្រោះអាក្រក់របស់គាត់ហើយ ប៉ុន្តែក្នុងនោះក៏ជាសំណាងល្អដែរ ដែលមែនឈើដួលរលំមកលើរថយន្តធ្លុះចូលមកខាងក្នុង តែគាត់នៅតែមានសុវត្ថិភាព ហើយបើពិនិត្យមើលតាមរយៈមែកឈើនោះ បើរំកិលមកខាងមុខតែបន្តិចទៀតគាត់ច្បាស់ជាស្លាប់មិនខានទេ ៕