ប្រទេសស្វីសបញ្ជាដាក់និស្សិតជាង ២៥០០នាក់ឱ្យនៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីរកឃើញការផ្ទុះឡើងនៃមេរោគកូវីដ១៩ នៅក្នុងពិធីជប់លៀង

242

ប្រទេសស្វីស៖ សាលារៀនផ្នែកសណ្ឋាគារប្រទេសស្វីស បញ្ជាដាក់និស្សិតឱ្យនៅដាច់ដោយឡែកពីគ្នាចំនួន ២៥០០នាក់ភ្លាមៗបន្ទាប់ពីមានការរកឃើញមេរោគ កូវិដ ១៩ នៅក្នុងពិធីជប់លៀងរបស់ក្រុមនិស្សិតមួយក្រុម។

និស្សិតផ្នែកសណ្ឋាគារ EHL ចំនួន ២៥០០ នាក់ក្នុងក្រុង Lausanne ប្រទេសស្វីស ត្រូវបានគេបញ្ជាឲ្យឃាំងខ្លួននៅក្នុងផ្ទះ ឬដាក់ឱ្យស្នាក់នៅក្នុងស្ថាប័ននេះរហូតដល់ថ្ងៃទី ២៨ ខែកញ្ញា បន្ទាប់ពីរកឃើញថាមានការរាតត្បាតនៃជំងឺកូវិដ ១៩ ដល់សិស្សជាច្រើននាក់ដែលបានចូលរួមពិធីជប់លៀងដែលពួកនិស្សិតបានរៀបចំធ្វើឡើងម្តង ឬច្រើនដង មុនពេលអាជ្ញាធរមូលដ្ឋានចេញបទបញ្ជាឱ្យបិទកន្លែងកម្សាន្ត និងបញ្ឃប់ការរៀបចំព្រឹត្តិការណ៍ដែលមានមនុស្សជាង ១០០ នាក់ចូលរួមនៅតំបន់ Vaud ព្រមទាំងបានចេញបញ្ជាឱ្យពលរដ្ឋទាំងអស់ពាក់របាំងមុខនៅទីសាធារណៈដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ តាំងតែពីថ្ងៃទី ១៧ ខែកញ្ញា កន្លងមក។

សាលាផ្នែកសណ្ឋាគារ EHL បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា កំពុងធ្វើការជាមួយសុខភាពសាធារណៈក្នុងស្រុកដើម្បីផ្តល់ការយកចិត្តទុកដាក់ដល់សិស្សដែលឆ្លងជំងឺដោយពួកគេភាគច្រើនមានជំងឺមិនធ្ងន់ធ្ងរទេ ក្នុងអំឡុងពេលនៃការឃុំខ្លួន សាលារៀននឹងបើកការបង្រៀនពីចម្ងាយជាបណ្តោះអាសន្ន។

ចំពោះស្ថានភាពនៃការផ្ទុះឡើងនៃមេរោគកូវីដ១៩ នៅប្រទេសស្វីសក៏ដូចទៅនឹងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀតដែលចាប់ផ្តើមប្រឈមមុខនឹងការរាតត្បាតនៃមេរោគជាលើកទី ២ បន្ទាប់ពីមានការបន្ធូរបន្ថយវិធានការណ៍ ហើយបានចាប់ផ្តើមបើកការធ្វើដំណើរជាអន្តរជាតិ។

ថ្មីៗនេះនៅប្រទេសស្វីសមនុស្សជាង ៥១.០០០ នាក់បានឆ្លងមេរោគកូវីដ១៩ ទូទាំងប្រទេស ដោយមានអ្នកស្លាប់ជាង ២.០០០ នាក់។