រដ្ឋាភិបាលជប៉ុនប្រកាសឧបត្ថម្ភថវិកា ៦០ម៉ឺនយ៉េន ដើម្បីលើកទឹកចិត្តឱ្យប្រជាជនឆាប់រៀបការនិងមានកូន

235

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានប្រកាសឧបត្ថម្ភថវិកាចំនួន ៦០ម៉ឺនយ៉េន (ប្រហែល ៥,៧០០ ដុល្លារ) សម្រាប់គូស្វាមីភរិយាដែលទើបរៀបការដើម្បីបង្កើតគ្រួសារ គោលបំណងពន្លឿនការបង្កើតប្រជាជនថ្មីដើម្បីដោះស្រាយសង្គមវ័យចំណាស់។

គេហទំព័រជប៉ុនថែមស៍ (Japan Time) បានរាយការណ៍ថា សំរាប់គូរស្វាមីភរិយាថ្មោងថ្មីដែលទើបរៀបការ ចាប់តាំងពីខែមេសាឆ្នាំក្រោយ (២០២១) នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលចំនួន ៦០ ម៉ឺនយ៉េន (ប្រហែល ៥,៧០០ ដុល្លារ) ដើម្បីចំណាយសម្រាប់ការបង្កើតគ្រួសារថ្មី មានដូចជាការជួលផ្ទះ និងការចំណាយផ្សេងៗ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនប្រញាប់រៀបការ និងបង្កើតកូនឱ្យបានច្រើន ព្រោះដោយសារតែប្រទេសជប៉ុនកំពុងប្រឈមមុខនឹងបញ្ហានៃសង្គមដែលមានតែមនុស្សមានវ័យចំណាស់ ហើយចំនួនប្រជាជនក៏បានធ្លាក់ចុះខ្លាំង ខណៈពេលដែលប្រជាជនជប៉ុនភាគច្រើនក្ររៀបការ ឬជ្រើសរើសភាពនៅលីវ ។

សម្រាប់គូស្វាមីភរិយាថ្មីនឹងទទួលបានជំនួយឥតសំណងពីរដ្ឋាភិបាលជាប្រាក់ឧបត្ថម្ភចំនួន ៦០ម៉ឺនយ៉េន ចំពោះស្វាមីភរិយាណាដែលមានអាយុយ៉ាងតិច ៤០ឆ្នាំ ត្រូវមានកាលបរិច្ឆេទនៃការចុះឈ្មោះធ្វើសំបុត្រអាពាហ៍ពិពាហ៍ ហើយមានប្រាក់ចំណូលរួមមិនតិចជាង ៥,៤ លានយ៉េនក្នុងមួយឆ្នាំ (ប្រមាណ  ៥២,០០០ដុល្លារ) ។ បើមានអាយុចន្លោះចាប់ពី ៣៥-៤០ ឆ្នាំ ហើយមានប្រាក់ចំណូលរួមមិនតិចជាង ៤,៨ លានយ៉េនក្នុងមួយឆ្នាំ (ប្រហែល ៤៦,០០០ ដុល្លារ) នោះពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៣០ ម៉ឺនយ៉េន (ប្រហែល ២,៨៥០ ដុល្លារ)។

គូស្វាមីភរិយាថ្មីដែលរៀបការហើយនឹងត្រូវទទួលបានថវិកាដោយយោងតាមគោលការណ៍ដូចតទៅ៖ ត្រូវតែមានទីលំនៅក្នុងក្រុង ដែលគូស្វាមីភរិយាបានយល់ព្រមចូលរួមរៀបការតាមទីតាំងរបស់រដ្ឋាភិបាលជប៉ុនដែលបានកំណត់ទុក ដោយបច្ចុប្បន្ននេះមានមូលដ្ឋានចំនួន ២៨១ កន្លែងតែប៉ុណ្ណោះ ដែលបានយល់ព្រមចូលរួម ឬ ចំនួន ១៥ភាគរយនៃប្រទេស។ ទាំងអស់នេះអាជ្ញាធរមូលដ្ឋានត្រូវទទួលខុសត្រូវ ថ្លៃចាយវាយពាក់កណ្តាល រីឯរដ្ឋាភិបាលរដ្ឋាភិបាលនឹងជួយឧបត្ថម្ភពាក់កណ្តាលទៀត ។ តែទោះជាយ៉ាងណារដ្ឋាភិបាលជប៉ុនគ្រោងនឹងបង្កើនសមាមាត្រនៃការគាំទ្រថវិកានៅឆ្នាំ ២០២១ អាចកើនដល់ ២/៣ នៃការចំណាយសរុប។

គោលនយោបាយនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រដ្ឋាភិបាលជប៉ុន ដើម្បីលើកទឹកចិត្តប្រជាជនឱ្យឆាប់រៀបការ និងឆាប់បង្កើតកូន ព្រោះដោយសារតែស្ថិតិបច្ចុប្បន្នបានបង្ហាញថា អត្រាមានកូនរបស់ស្ត្រីជប៉ុនម្នាក់គឺមានតែ ១,៣៦ តែប៉ុណ្ណោះ ហើយនៅឆ្នាំ ២០១៩ ជប៉ុនទើបតែមានអត្រាកំណើតថ្មី ៨៦៥.០០០ នាក់ ដែលនេះគឺជាកំណត់ត្រាទាបបំផុត។

យោងតាមស្ថិតិដែលបានស្ទង់មតិដោយវិទ្យាស្ថានជាតិប្រជាជននិងសន្តិសុខសង្គម (the National Institute of Population and Social Security Research) ក្នុងឆ្នាំ ២០១៥ ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពសម្រាប់ប្រជាជនជប៉ុនឱ្យធ្វើការសម្រេចចិត្តរៀបការ ដោយមាន ២៩,១% នៃបុរសនៅលីវអាយុចន្លោះចាប់ពី ២៥-៣៤ ឆ្នាំ និង ១៧,៨% ជាស្ត្រីនៅលីវអាយុចន្លោះចាប់ពី ២៥-៣៤ ឆ្នាំ។ ពួកគេមានទស្សនៈថា កង្វះថវិកាគឺជាបុព្វហេតុនៃការធ្វើឲ្យពួកគេសម្រេចចិត្តនៅលីវ ជាជាងការកសាងគ្រួសារ៕