ថៃនាំចូលដំឡូងជ្វា ពីកម្ពុជាជិត ៣ពាន់តោន

185

ថៃ៖ ប្រទេសថៃបាននាំចូលដំឡូងជ្វាជិត ៣ពាន់តោនពីកម្ពុជា នេះបើតាមការអះអាងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ របាយការណ៍ពីក្រសួងបានបញ្ជាក់ថា តួលេខចាប់ពីដើមឆ្នាំមកទល់នឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បរិមាណនៃការនាំចេញដំឡូងជ្វារបស់កម្ពុជា ទៅកាន់ប្រទេសនេះគឺមានបរិមាណសរុបចំនួន ២.៨៦៥តោន។

គួរឲ្យដឹងថា ដំឡូងជ្វាជាដំណាំមើមមួយប្រភេទដែលកសិករក្នុងប្រទេសកម្ពុជានិយមដាំដុះ ព្រោះដំឡូងជ្វាសម្បូរដោយវីតាមីនអា សារធាតុរ៉ែមានប្រយោជន៍ជាច្រើន និងជាតិម្សៅដូចអង្ករដែលអាចយកទៅបរិភោគជំនួសបាយបាន។ រីឯស្លឹករបស់វាវិញគេយកទៅធ្វើជាបន្លែ និងចំណីសត្វផងដែរ។

វាគឺជាដំណាំដែលត្រូវបានគេដឹងថា មានអត្ថប្រយោជន៍ចំពោះសុខភាព ជាពិសេសគឺជួយពង្រឹងភាពស៊ាំនឹងមេរោគ គ្រប់គ្រងជំងឺទឹកនោមផ្អែម សម្រួលដល់ប្រព័ន្ធរំលាយអាហារ ប្រឆាំងនឹងមហារីក ជំនួយដល់ភ្នែក ព្យាបាលការឈើសន្លាក់ និងអត្ថប្រយោជន៍ផ្សេងៗទៀត៕ ប្រភព៖ ក្រសួងព័ត៌មាន