ព្យុះខ្សាច់ធំមហិមាលេបត្របាក់ទីក្រុងប្រទេសទួរគី គួរឱ្យព្រឺព្រួច (វីដេអូ)

3295

ទួរគី៖ ព្យុះខ្សាច់ដ៏ធំសម្បើមបានលេបត្របាក់ទីក្រុង បង្វែរផ្ទៃមេឃដែលមានពណ៌ខៀវភ្លឺថ្លា ទៅជាពណ៌ទឹកក្រូចដ៏គួរឱ្យព្រឺព្រួច ក្នុងហេតុការណ៍នេះមានមនុស្សរងរបួសដោយសារខ្យល់បក់ខ្លាំង។

នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២០ គេហទំព័រ Evening Standard បានរាយការណ៍ពីហេតុការណ៍ ព្យុះខ្សាច់ដ៏គួរឱ្យរន្ធត់មួយ ដែលបានកើតឡើងនៅឯទីក្រុងអង់ការ៉ា ប្រទេសទួរគី ដោយមានធូលីផ្សែងបានហុយពាសពេញពេញតំបន់ទាំងមូល និងខ្យល់បក់បោកខ្លាំងបណ្តាលឱ្យមានមនុស្សជាច្រើននាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលថ្ងៃសៅរ៍ទី ១២ តាមរយៈការបង្ហោះវីដេអូឃ្លីបនៅលើបណ្តាញសង្គមអនឡាញ ដែលបង្ហាញឱ្យឃើញពីជញ្ជាំងនៃព្យុះខ្សាច់ដ៏ធំមហិមាមានកម្ពស់ខ្ពស់ស្មើរនឹងអាគារ កំពុងរំកិលខ្លួនចូលមកលេបត្របាក់ទីក្រុងទាំងមូលដោយធូលីយ៉ាងក្រាស់ក្រាល។

អភិបាលក្រុងអង់ការ៉ាបានបង្ហោះនៅលើ Twitter អំពីការគណនាដំបូងលើព្រឹត្តិការណ៍ខ្យល់បក់បោកខ្លាំងនៅក្នុងតំបន់ Polatli និងតំបន់ជុំវិញនោះ គឺមានប្រជាពលរដ្ឋ ៦ នាក់ត្រូវបានរកឃើញថារងរបួសស្រាលដោយសារការប៉ះទង្គិចជាមួយវត្ថុអណ្តែតតាមខ្យល់។ នៅមិនទាន់មានភស្តុតាងជាក់លាក់ណាមួយ បង្ហាញថាមាននរណាគ្រោះថ្នាក់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិត្រូវបានបាត់បង់នៅឡើយទេ៕