វៀតណាមនឹងកាន់កាប់តំណែងលេខ២ ទូទាំងពិភពលោក ក្នុងការនាំអង្ករចេញ

100

វៀតណាម៖ ប្រទេសវៀតណាមនឹងវ៉ាដាច់ប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំលំដាប់ទី២ លើពិភពលោក នេះបើយោងតាមការប៉ាន់ស្មានពីប្រទេសវៀតណាម និងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។

លោក Tran Ding Luan អគ្គនាយកនៃនាយកដ្ឋានជលផលវៀតណាម បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bloomberg ថា ប្រទេសវៀតណាមកំពុងចាត់វិធានការដើម្បីបង្កើនការនាំចេញជលផលជិត ៩ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២០។ ក្រៅពីនេះក្រសួងកសិកម្មរបស់វៀតណាម ក៏មានគោលបំណងបង្កើនការនាំចេញផលិតផលកសិកម្មនៅឆ្នាំ២០២០ ដល់ទៅជាង ៤១,០០០ លានដុល្លារ ដែលតួរលេខឆ្នាំមុនទទួលបាន ៤០,០០០ លានដុល្លាររួចមកហើយ។

photo by namson rice

លោក Tran Ding Luan រំពឹងថាឆ្នាំនេះវៀតណាមនឹងវ៉ាដាច់គេ ក្នុងនាមជាប្រទេសនាំចេញអង្ករធំលំដាប់ទី២ នៅលើពិភពលោក។ ការព្យាករណ៍របស់មន្រ្តីជាន់ខ្ពស់វៀតណាម ក៏បានស្របគ្នាទៅនឹងការប៉ាន់ស្មានរបស់ក្រសួងកសិកម្មអាមេរិកកាលពីខែសីហា ឆ្នាំ២០២០ ថា ប្រទេសវៀតណាមនឹងវ៉ាដាច់ប្រទេសថៃ ដែលកាលពីឆ្នាំ ២០១៩/២០ ប្រទេសមួយនេះបាននាំចេញអង្ករធំលំដាប់ទី២ លើពិភពលោក។

កាលពីដើមឆ្នាំ២០២០ កំឡុងពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសថៃបានមានឱកាសក្នុងការ បង្កើនបរិមាណក្នុងការនាំអង្ករចេញ ខណៈពេលដែលប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសភូមា បានដាក់កំរិតក្នុងការនាំអង្ករចេញ ប៉ុន្តែមិនយូរប៉ុន្មានប្រទេសថៃក៏បានថមថយទៅវិញ ដោយសារប្រទេសទាំង៣ នេះបាននាំអង្ករចេញដូចធម្មតាវិញ។

ថ្វីត្បិតតែប្រទេសវៀតណាម មានការដាក់កំរិតនាំចេញកាលពីដើមឆ្នាំក៏ដោយ ប៉ុន្តែពួកគេរំពឹងថាប្រទេសវៀតណាមនឹងនាំចេញអង្ករចំនួន ១០០,០០០តោនច្រើនជាងប្រទេសថៃ ឬសរុបចំនួន ៦,៦លានតោន ដែលធ្វើឲ្យប្រទេសវៀតណាមនឹងក្លាយជាប្រទេសដែលនាំចេញអង្ករធំលំដាប់ទី២ របស់ពិភពលោក៕