បុរសម្នាក់តស៊ូរស់ ក្រោយពីដើមឈើរលំសង្កត់លើជើងទាំង២ ជាប់គាំងអស់រយៈពេល៤ថ្ងៃ

225

បុរសជនជាតិអាមេរិកវ័យ ៥៩ឆ្នាំម្នាក់ បានរស់រានមានជីវិតសឹងមិនគួរឱ្យជឿ ដែលគាត់បានកាប់ដើមឈើធំមួយហើយដើមឈើនោះដួលរលំមកសង្កត់លើជើងរបស់គាត់ ជាប់គាំងនៅក្រោមដើមឈើនោះអស់រយៈពេលជាង ១០០ម៉ោង។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៧ ខែសីហា បុរសរងគ្រោះមានឈ្មោះ Jonathan Sepelsha គាត់កំពុងកាត់ដើមអូក (Oak) ដ៏ធំមួយនៅខាងក្រោយផ្ទះរបស់គាត់នាក្រុង Redwood Falls រដ្ឋ Minnesota។ ដោយមិនបានប្រយ័ត្នដើមឈើនោះក៏បានរលំ មកសង្កត់លើជើងទាំងសងខាងរហូតដល់មិនអាចកម្រើកបាន។ លោក Sepelsha ជាគ្រូបង្រៀននិងជាអតីតទាហ៊ានម្នាក់ គាត់រស់នៅតែម្នាក់ឯងម៉្លោះហើយទើបមិនមាននរណាម្នាក់ដឹងថាគាត់ជួបគ្រោះថ្នាក់ទេ។

ក្រោយមកប៉ូលីសក៏បានទទួលដំណឹងពីការបាត់ខ្លួនរបស់គាត់ ដោយសារតែគាត់អវត្ដមានមិនបានទៅធ្វើការអស់រយៈពេលពីរថ្ងៃ។ បន្ទាប់មកអតីតភរិយាដែលរស់នៅក្នុងផ្ទះមួយផ្សេងទៀត ចម្ងាយប្រហែលជា ១០០ម៉ែត្រ បានមកឃើញគាត់នៅក្នុងស្ថានភាព ជាប់នៅក្រោមដើមឈើនោះ។ ក្រុមជួយសង្គ្រោះមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ Redwood បានចំណាយពេលជិត ២ម៉ោង ដើម្បីជួយសង្គ្រោះ និងបញ្ជូនគាត់ទៅមន្ទីពេទ្យ។

កូនប្រុសរបស់គាត់ឈ្មោះ Miles Sepelsha បានបើកទំព័រ (Page) ដើម្បីរៃអង្គាសថវិកាសម្រាប់ការចំណាយថ្លៃព្យាបាលឪពុករបស់គាត់។ កូនប្រុសរបស់គាត់បានបញ្ជាក់បន្ថែមពីពត៌មានលម្អិតដែលឪពុក របស់គាត់បាននៅរស់រានមានជីវិត គឺដោយសារការបរិភោគរុក្ខជាតិ និងសត្វល្អិតនៅក្បែរៗដៃដែលគាត់អាចឈោងដល់ នឹងផឹកញើសរបស់ខ្លួនឯង ឬពេលខ្លះបើមានភ្លៀងធ្លាក់ គាត់ក៏បានផឹកទឹកភ្លៀង នាពេលរាត្រីគាត់បានសម្រាន្តដោយយកអាវគ្របក្បាល ដើម្បីការពារសត្វល្អិតខាំ។

Mile បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Kare11 ថា៖ ឪពុករបស់គាត់បានគ្រប់គ្រងសតិ និងផ្លូវចិត្តរបស់គាត់មិនឱ្យភ័យស្លន់ស្លោខណៈពេលពេលដែលគាត់នៅរង់ចាំជំនួយ ដោយការធ្វើសមាធិចាប់តាំងពីពេលព្រឹករហូតដល់ពេលយប់ គាត់បានបែងចែកពេលវេលាទៅជាម៉ោង ចែកម៉ោងទៅជាចន្លោះពេល ៥នាទី ដើម្បីរស់ឱ្យបានផុតពីមួយថ្ងៃទៅមួយថ្ងៃ។

បច្ចុប្បន្ននេះលោក Jonathan កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ Hennepin County អ្វីដែលជាដំណឹងល្អនោះ គឺថាជើងទាំងពីររបស់គាត់អាចព្យាបាលបានតាមរយៈការវះកាត់ ប៉ុន្តែគាត់ត្រូវចំណាយពេលយូរដើម្បីជាសះស្បើយ។

លោក Mark Faracin ជំនួយការរងប្រចាំតំបន់ Redwood County បានមានប្រសាសន៍ថា៖ “មិនមានមនុស្សច្រើនទេដែលនឹងរួចផុតពីស្ថានភាពបែបនេះ ពេលដែលជួបលោក Sepelsha តំបូងគាត់នៅដឹងខ្លួន និងនៅតែមានស្មារតីល្អ។ ជឿថាអាចនឹងមកបទពិសោធន៍របស់គាត់ ក្នុងនាមជាទាហានជើងចាស់ម្នាក់ដែលធ្លាប់ចូលសមរភូមិនៅអ៊ីរ៉ាក់ ទើបបានជាគាត់អាចរួចផុតពីសេចក្តីអន្តរាយលើកនេះបាន។ វាជាអ្វីដែលខ្ញុំមិនធ្លាប់បានឃើញក្នុងរយៈពេល ៣០ឆ្នាំមកនេះ គាត់ជាមនុស្សម្នាក់ដែលមានការតាំងចិត្តដើម្បីរស់ ហើយគាត់ក៏មិនព្រមចុះចាញ់សេចក្ដីស្លាប់ដែរ”៕