ក្លាយជាសេដ្ឋីដោយសារត្រូវឆ្នោតរង្វាន់ធំរាប់លានដុល្លារ ប៉ុន្តែ២៥ឆ្នាំហើយនៅតែបន្តការងារជាបុគ្គលិកធម្មតា ដោយហេតុផលនេះ

290

ស្ត្រីជនជាតិអង់គ្លេសម្នាក់បានក្លាយជាមហាសេដ្ឋីដោយសារការឈ្នះរង្វាន់ទីមួយ(ឆ្នោត) ដែលមានចំនួនទឹកប្រាក់សរុប ២,៧ លានផោន (ប្រហែល ៣,៦លានដុល្លារ) កាលពី ២៥ឆ្នាំមុន ប៉ុន្តែគាត់មិនដែលឈប់ធ្វើការទេព្រោះគាត់ចង់ធ្វើជាគំរូល្អដល់កូនៗ។

សារព័ត៌មាន Daily Mail រាយការណ៍ពីរឿងរ៉ាវ របស់អ្នកស្រី Elaine Thompson អាយុ ៦៤ឆ្នាំ មានដើមកំណើតនៅទីក្រុង Tyne Side ដែលបានក្លាយជាសេដ្ឋីក្នុងពេលមួយប៉ប្រិចភ្នែកកាលពីខែធ្នូ ឆ្នាំ១៩៩៥ បន្ទាប់ពីឈ្នះរង្វាន់ធំ (Jackpot) ២,៧ លានផោន (តាមអត្រាប្តូរប្រាក់បច្ចុប្បន្ន ២,៧លានដុល្លារ) ប៉ុន្តែអ្នកស្រី Elaine និងស្វាមីរបស់នាង Derek បានសម្រេចចិត្តនៅតែបន្តការងាររបស់ពួកគេ មូលហេតុព្រោះគាត់ចង់ធ្វើជាគំរូល្អដល់ Karen និង Gary ដែលកូនស្រីនិងកូនប្រុសដែលមានអាយុ៥ និង ១០ឆ្នាំ (កាលពីពេលនោះ)។

បច្ចុប្បន្ននេះ Elaine មានអាយុ ៦៤ឆ្នាំហើយ ប៉ុន្តែគាត់នៅតែបន្តការងារជាបុគ្គលិកពេញម៉ោង នៅផ្សារទំនើប Mark & Spencer ដោយធ្វើការចាប់ពីម៉ោង ២ព្រឹកដល់ម៉ោង ៩ព្រឹក គាត់បានក្រោកពីគេងពេលកណ្តាលអធ្រាត្រនិងចាកចេញពីផ្ទះនៅម៉ោង ១:១៥ព្រឹក សូម្បីតែក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏គាត់នៅតែបន្តធ្វើការដូចធម្មតាដែរ។ គាត់និយាយថាក្រុមហ៊ុនមានចិត្តល្អចំពោះគាត់ណាស់ ពេលខ្លះពួកគេអនុញ្ញាតឱ្យបានឈប់សំរាកមុនពេលកំណត់ ៨:៣០ព្រឹក ព្រោះគាត់មានជំងឺហឺតប្រចាំកាយ។

Photo by Kom Chad Luek

បុគ្គលិក Mark & Spencer វ័យ ៦៤ឆ្នាំរូបនេះបានលើកឡើងអំពីហេតុផលនៃការសម្រេចចិត្ត មិនឈប់ពីការងារបើទោះបីគាត់បានក្លាយជាសេដ្ឋីក៏ដោយថា៖ “កំឡុងពេលនោះ ខ្ញុំមានកូនតូចៗចំនួនពីរនាក់ ការសម្រេចចិត្តរបស់ខ្ញុំវាពិតជាសំខាន់ណាស់សម្រាប់កូនៗ ព្រោះពួកគេនឹងមើលឃើញពីការខិតខំធ្វើការងាររបស់ខ្ញុំ ដូច្នេះនៅពេលដែលពួកគេដឹងក្តីមកពួកគេនឹងយល់ពីជីវិត ថាកើតមកជាមនុស្សត្រូវចេះទទួលខុសត្រូវចំពោះការងារ មិនមានអ្វីបានមកស្រួលៗ ដោយការដែលយើងមិនធ្វើអ្វីនោះទេ” គាត់សង្ឃឹមថានេះជាការលើកនឹងលើកទឹកចិត្តដល់កូនៗ របស់របស់គាត់ ឱ្យក្លាយជាមនុស្សដែលមានការរៀនសូត្រ និងទទួលបានភាពជោគជ័យ។

គាត់បានបន្តទៀតថា គាត់មានអារម្មណ៍រីករាយនៅពេលដែលមានមនុស្សមួយចំនួន មានការភ្ញាក់ផ្អើលនៅពេលដឹងថានាងនៅតែធ្វើការ។ គាត់ថា៖ គាត់កើតនៅក្នុងក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់គាត់ឱ្យក្លាយជាមនុស្សឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវចំពោះការងារ ដូច្នេះការឈ្នះឆ្នោតមិនអាចធ្វើឱ្យគាត់ចង់ឈប់ពីការងារបានទេ ព្រោះគាត់គិតថាវាជាតុល្យភាពនៃជីវិត។

អ្នកស្រី Elaine និងស្វាមីមានអាយុ ៦២ឆ្នាំ គាត់ជិតចូលនិវត្តន៍ហើយ គាត់បានប្រារព្ធខួបលើកទី២៥ នៃការឈ្នះឆ្នោតនៅឆ្នាំនេះ ចំនឹងថ្ងៃតែមួយនៃខួបអាពាហ៍ពិពាហ៍។

លទ្ធផលស្ទង់មតិសាជីវកម្ម Camelot របស់អង់គ្លេស បានឱ្យដឹងថា មានអ្នកឈ្នះរង្វាន់មានច្រើនជាងពាក់កណ្តាល នៅតែជ្រើសរើសនៅធ្វើការដដែល ហើយតិចជាង ១ ភាគ ៤ បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនបន្ទាប់ពីឈ្នះរង្វាន់ធំ៕