កម្មករបីនាក់បានស្លាប់និងម្នាក់រងរបួសធ្ងន់ដោយសារដីសង្កត់ នៅភាគខាងជើងប្រទេសវៀតណាម

141

វៀតណាម៖ កាលពីព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញាកន្លងទៅនេះ យ៉ាងហោចណាស់កម្មករ ៣នាក់នៅខេត្ត Phu Tho ត្រូវបានស្លាប់បន្ទាប់ពីពួកគេត្រូវបានគេកប់នៅក្រោមដី។ កម្មករមិនស្គាល់អត្តសញ្ញាណទាំង ៤នាក់បានជីករណ្តៅគ្រឹះសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវមួយកន្លែងមានកម្ពស់ ១៥ម៉ែត្រ ត្រូវបានដីធ្លាក់សង្កត់លើពួកគេនៅម៉ោងប្រហែល ៧និង៣០នាទី។

បើតាមសាក្សីម្នាក់បានប្រាប់ថា កម្មករកំពុងជីករណ្តៅមួយដែលមានជម្រៅប្រហែល ១-២ម៉ែត្រ នៅពេលនោះអាចម៌ដីនៅក្បែរបានរអិលសង្កត់លើពួកគេ ដោយគ្មាននរណាម្នាក់អាចរត់គេចខ្លួនបានទាន់ពេលវេលាទេ។ ក្រុមអ្នកពន្លត់អគ្គិភ័យរាប់សិបនាក់និងបុគ្គលិកជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដែលមានកងកម្លាំងទាហានបានប្រើគ្រឿងចក្រជីកកាយចំនួនពីរដើម្បីជីកយកកម្មករទាំងនោះ។​

Photo by VnExpress.

ត្រឹមម៉ោង ១១ព្រឹកថ្ងៃដដែល អ្នកទាំងបួននាក់ ត្រូវបានរកឃើញនិងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ប៉ុន្តែក្រោយមក ៣នាក់បានស្លាប់នៅឯមន្ទីរពេទ្យ។ ទន្ទឹមគ្នាដែរលោក Tran Van Khai មកពីគណកម្មាធិការខេត្ត Phu Tho បានឱ្យដឹងថាកម្មករ ដែលនៅរស់រានមានជីវិតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ លោកបានពន្យល់ថា ឧប្បត្តិហេតុនេះបានកើតឡើងដោយសារតែមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យដីសើម​និងជ្រាយ បណ្តាលឱ្យវាងាយរអិលបាក់ចុះក្រោមឥទ្ធិពលអ្វីមួយ៕ ប្រភពពី VNExpress