រដ្ឋផ្លរីដាសហរដ្ឋអាមេរិក បានអនុម័តឲ្យប្រលែងមូសឈ្មោលកែប្រែហ្សែន ៧៥០លានក្បាល

209

នាយកប្រតិបត្តិនៃរដ្ឋផ្លរីដាសហរដ្ឋអាមេរិក បានអនុម័តការប្រលែងមូសចំនួន ៧៥០លានក្បាលដែលបានកែប្រែហ្សែនដើម្បីសម្លាប់មូសញី សង្ឃឹមថាអាចកាត់បន្ថយចំនួនមូសនៅក្នុងតំបន់យ៉ាងមានប្រសិទ្ធភាព។ គោលដៅនៃគម្រោងនេះគឺ ដើម្បីកាត់បន្ថយចំនួនមូសដែលផ្ទុកមេរោគដូចជា ជំងឺគ្រុនឈាមឬវីរុសហ្សីកា។

គម្រោងសាកល្បងនេះត្រូវបើកភ្លើងខៀវ បន្ទាប់ពីមានភាពចម្រូងចម្រាសជាច្រើនឆ្នាំមក មានក្រុមការងារបរិស្ថានជាច្រើនបានព្រមានពីផលប៉ះពាល់ដែលលើសពីការរំពឹងទុក។ ក្រុមអ្នកបរិស្ថានវិទ្យាបានលើកផែនការនេះ ថាជាផែនការ “ពិសោធន៍សាកល្បង Jurassic Park”។

image: sciencemag

សកម្មជនមួយចំនួនបានព្រមានអំពី ផលប៉ះពាល់ដល់អេកូឡូស៊ីដែលអាចកើតមានឡើង វាក៏អាចបណ្តាលឱ្យមានការផ្លាស់ប្តូរ បង្កឱ្យ សត្វមូសកាន់ធន់នឹងថ្នាំសំលាប់សត្វល្អិត។

ប៉ុន្តែក្រុមហ៊ុនដែលចូលរួមបានបញ្ជាក់ថា៖ ការប្រលែងមូសដែលផ្លាស់ប្តូរហ្សែនទាំងនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬបរិស្ថានទេ ដោយពឹងទៅលើភស្តុតាងនៃការសិក្សាជាច្រើនលើកច្រើនសារ ក្រោមជំនួយមូលនិធិរបស់រដ្ឋាភិបាល។ ផែនការប្រលែងមូសសម្រាប់ឆ្នាំ២០២១ នៅតំបន់ Florida Keys ដែលជាប្រជុំកោះភាគខាងត្បូងរដ្ឋផ្លរីដា បានតំណើរការបន្ទាប់ពី និយ័តករកណ្តាលបានអនុម័តការកែប្រែហ្សែនមូស។

លុះដល់ខែកុម្ភៈ ទីភ្នាក់ងារបរិស្ថានសហរដ្ឋអាមេរិក បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនអង់គ្លេស Oxitec ធ្វើប្រតិបត្តិការនៅទឹកដីសហរដ្ឋអាមេរិក ដើម្បីផលិតមូសឈ្មោលឬហៅថា មូសខ្លា “Aedes aegypti mosquitoes” ដែលបានកែប្រែហ្សែន ត្រូវបានគេឱ្យឈ្មោះសម្គាល់ថា OX5034។

ដូចដែលធ្លាប់បានដឹងស្រាប់ហើយថា ប្រភេទមូសខ្លា វាបានបង្កការរីករាលដាលនៃមេរោគទៅកាន់មនុស្ស មានដូចជា ជំងឺគ្រុនឈាម ជំងឺហ្សីកា ជំងឺ chikungunya និងគ្រុនឈីក។ សម្រាប់សត្វមូសញីដែលខាំមនុស្ស គឺវាត្រូវការឈាមដើម្បីផលិតស៊ុត ដូច្នេះគម្រោងប្រលែងមូសឈ្មោលដែលបានកែប្រែហ្សែននេះគឺដើម្បីឱ្យវា ទៅបង្កាត់ពូជជាមួយមូសភេទញីតាមលក្ខណៈធម្មជាតិ។ សត្វមូសឈ្មោលដែលកែប្រែហ្សែនទាំងនោះ មានផ្ទុកនូវប្រូតេអ៊ីនមួយប្រភេទដែលនឹងជួយកម្ចាត់កូនមូសញីបាន មុនពេលពួកវាលូតលាស់ដល់វ័យដែលអាចបឺតឈាមបាន រីឯកូនមូសភេទឈ្មោលវានឹងចិញ្ចឹមជីវិតដោយទឹកដមនៃលំអងផ្កាវិញ។

តាមរយៈគម្រោងមួយនេះសង្ឃឹមថា ចំនួនមូសនៅក្នុងតំបន់នឹងថយចុះ ហើយការឆ្លងមេរោគទៅកាន់មនុស្សក៏នឹងថយចុះដូចគ្នា។
នៅថ្ងៃទី១៨ ខែសីហា អាជ្ញាធរក្នុងតំបន់ (Florida Keys Mosquito Control District–FKMCD)បានយល់ព្រមប្រលែងមូសដែលបានកែប្រែហ្សែនចំនួន ៧៥០លានក្បាលក្នុងរយៈពេល ២ឆ្នាំ។

image: GETTY IMAGES

ទទឹមនឹងនោះក៏មានមនុស្សជាច្រើនប្រហែលជាជាង ២៤០,០០០នាក់បានជំទាស់នឹងការអនុម័តនេះ ដោយបានចុះហត្ថលេខាលើគេហទំព័រ Change.org ចោទប្រកាន់ក្រុមហ៊ុន Oxitec ថាបានប្រើប្រាស់ទឹកដីរបស់សហរដ្ឋអាមេរិក ធ្វើជាមូលដ្ឋានសម្រាប់ “សាកល្បងផលិតសត្វល្អិតកែឆ្នៃ” ខណៈអង្គការ(Friends of the Earth) បានអះអាងថា “ការប្រលែងមូសដែលបានផ្លាស់ប្តូរហ្សែន នឹងបណ្តាលឱ្យប្រជាជនដែលរស់នៅរដ្ឋផ្លរីដា បរិស្ថាន និងសត្វអាចប្រឈមនឹងការផុតពូជ ជាហានិភ័យដែលមិនចាំបាច់ ក្នុងកំឡុងពេលផ្ទុះឡើងនៃមេរោគកូវីដ១៩។

ប៉ុន្តែអ្នកវិទ្យាសាស្ត្ររបស់ Oxitech បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា «យើងបានប្រលែងមូសរាប់ពាន់លានក្បាលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺមិនមានករណីគ្រោះថ្នាក់ណាមួយបានកើតឡើងដល់បរិស្ថានឬមនុស្សទេ»។

មូសខ្លាមានចំនួនច្រើននៅភាគខាងត្បូងរដ្ឋផ្លរីដា ជាពិសេសពួកវាកកើតតាមតំបន់ដែលមានទឹកដក់ ពួកវាបានបង្កើនភាពស៊ាំផ្ទាល់ចំពោះថ្នាំសំលាប់សត្វល្អិតរួចទៅហើយ៕