ឥណ្ឌូនេស៊ី នឹងស៊ើបអង្កេតករណីអគ្គិភ័យដ៏ធំមួយនៅការិយាល័យអគ្គមេធាវី

159

ចាកាតា៖ បើយោងតាមការចុះផ្សាយតាមគេហទំព័រសារព័តមាន CNA បានប្រាប់ឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ថា មានការិយាល៏យដ៏ធំមួយត្រូវបានភ្លើងឆេះសល់តែគ្រោងអាគារតែប៉ុណ្ណោះ។ ​អ្នកនាំពាក្យប៉ូលីសរបស់ទីក្រុងចាកាតាលោក Yusri Yunus បាននិយាយថា ប៉ូលីសឥណ្ឌូនេស៊ីនឹងធ្វើការស៊ើបអង្កេតអំពីការឆាបឆេះដ៏ធំសម្បើមមួយនេះ ដែលបានបំផ្លាញអគារការិយាល័យអគ្គមេធាវីនៅទីក្រុងចាកាតាកាលពីយប់ថ្ងៃសៅរ៍ ទី២២ ខែសីហា។

លោកបានប្រាប់ទៅអ្នកយកព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យថា “ការឆាបឆេះជិតរលត់អស់ហើយ ក្រោយពេលករណីឆាបឆេះនេះបានបញ្ចប់ មន្ទីរពិសោធន៍កោសល្យវិច្ច័យរបស់នគរបាលជាតិ នឹងចាប់ផ្តើមបើកការស៊ើបអង្កេតរបស់ខ្លួន”។ ក្នុងករណីនេះ មិនមាននរណាម្នាក់រងរបួសនៅក្នុងអគ្គិភ័យនេះទេ។ ឧប្បត្តិហេតុនេះបានបង្កការព្រួយបារម្ភក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌូនេស៊ីដោយអ្នកខ្លះគិតថាអគ្គិភ័យនេះអាចមានជាប់ទាក់ទងនឹងការស៊ើបអង្កេតអ្នកមានមុខមាត់ធំៗ។

មានរូបភាពជាច្រើនពីកន្លែងកើតហេតុបានបង្ហាញពីអណ្តាតភ្លើង ដែលឆាបឆេះអស់ជាច្រើនបន្ទប់នៃអគារកម្ពស់ ៦ជាន់នៅភាគខាងត្បូងទីក្រុងហ្សាការតា។ នៅពីម៉ោង ៧យប់ថ្ងៃសៅរ៍នាយកដ្ឋានពន្លត់អគ្គីភ័យ នៅទីក្រុងហ្សាការតាបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ៦៥គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យជាង ២០០នាក់ក្នុងយុទ្ធនាការពន្លត់អគ្គិភ័យដ៏អាក្រក់នេះជាបន្ទាន់។

Photo: REUTERS/Willy Kurniawan
Photo: REUTERS/Willy Kurniawan

លោក Hari Setiyono អ្នកនាំពាក្យការិយាល័យអគ្គមេធាវី (AGO) បានបដិសេធមិនធ្វើការសន្និដ្ឋានអំពីមូលហេតុនៃអគ្គិភ័យនេះទេ និងនិយាយបញ្ជាក់ថាឯកសាររបស់អង្គការ AGO មានសុវត្ថិភាព ខណៈដែលពួកគេត្រូវបានរក្សាទុកនៅក្នុងតំបន់ដាច់ដោយឡែកមួយដែលមិនត្រូវភ្លើងឆេះ៕