ប្រជាជនស្វីស ភ្ញាក់ផ្អើល នឹងបាតុភូតចម្លែកធ្លាក់ ព្រិលសូកូឡា ពាសពេញទីក្រុង តាមពិតមានបញ្ហាប្រព័ន្ធក្នុងរោងចក្រសោះ

325

ស្វីស៖ ប្រជាជនដែលរស់នៅក្រុង Olten ប្រទេស​ស្វីស មានការភ្ញាក់ផ្អើលចំពោះបាតុភូតព្រិលសូកូឡាបន្ទាប់ពីប្រព័ន្ធខ្យល់ចេញចូលរបស់រោងចក្រសូកូឡានៅក្នុងក្រុងមានការជាប់គាំង។

រោងចក្រសូកូឡារបស់ក្រុមហ៊ុន លិនដ៍ អែនដ៍ ប្រុងលី ដែលជាម្ចាស់ផលិតផលសូកូឡាលីនដ៍ បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា រោងចក្រនៅOlten បានរកឃើញប្រព័ន្ធខ្យល់ចេញចូលមានការរាំងស្ទះ ដែលបង្កើតជាបញ្ហាដំណើរនៃប្រព័ន្ធគឺស្ថិតនៅក្នុងខ្សែចង្វាក់ផលិតកម្មកូកូ។

រោងចក្របានបញ្ជាក់យ៉ាងច្បាស់ថា ដោយសារអាកាសធាតុមានខ្យល់បក់ខ្លាំង ដូច្នេះបណ្តាលឱ្យម្សៅកូកូត្រូវបានផ្លុំដោយខ្យល់ បណ្តាលឱ្យកើតមានធូលីកូកូដែលសាយភាយ និងធ្លាក់ពាសពេញទីក្រុង។

ទោះយ៉ាងណាក៏ដោយ រោងចក្របញ្ជាក់ថា ម្សៅកូកូដែលរាយប៉ាយពាសពេញទីក្រុងមិនបង្កគ្រោះថ្នាក់ដល់អ្នករស់នៅក្នុងទីក្រុងទេ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់បរិស្ថានដែរ។

បច្ចុប្បន្នរោងចក្របានបញ្ជាក់ថា ប្រព័ន្ធខ្យល់ចេញចូលបានរៀបចំឡើងវិញទាំងស្រុងហើយរោងចក្រក៏កំពុងផលិតសូកូឡាបានជាធម្មតាផងដែរ។

ក្រុមហ៊ុន លីនដ៍ អែនដ៍ ប្រុងលី គឺជាអ្នកផលិតសូកូឡាលំដាប់លេខមួយនៅលើពិភពលោក បង្កើតឡើងក្នុងឆ្នាំ១៨៤៥ ឥឡូវមានរោងចក្រសូកូឡាចំនួន១២ នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ផលិតផលសូកូឡារបស់លីនដ៍ត្រូវបាននាំចេញទៅ ១២០ប្រទេសជុំវិញពិភពលោក៕